ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​ក្នុង​ប្រទេស​នូវែល​សេឡង់​នឹង​បង្ហាញ​ខ្លួន​ក្នុង​តុលាការ


ក្រុម​ប៉ូលិស​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​ឥស្លាម​នៅ​កណ្ដាល​ក្រុង Christchurch ប្រទេស​នូវែល​សេឡង់​ កាលពី​ថ្ងៃទី​១៥ មីនា ២០១៩។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​ដែល​មាន​មនុស្ស​ពេញ​ ខណៈ​ពួក​គេ​កំពុង​បួង​សួង។
ក្រុម​ប៉ូលិស​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​ឥស្លាម​នៅ​កណ្ដាល​ក្រុង Christchurch ប្រទេស​នូវែល​សេឡង់​ កាលពី​ថ្ងៃទី​១៥ មីនា ២០១៩។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​ដែល​មាន​មនុស្ស​ពេញ​ ខណៈ​ពួក​គេ​កំពុង​បួង​សួង។

មនុស្ស​ម្នាក់បាន​ត្រូវចោទ​ប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​ព្រះវិហារ​ឥស្លាម​ពីរ​ក្នុងប្រទេស​នូវែល​សេឡង់​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៤៩​នាក់​ស្លាប់។​

លោក ​Mike Bush​ ស្នងការ​ប៉ូលិស​បាន​និយាយ​ថា ​ជន​ជាប់​សង្ស័យ​នេះ​នឹង​ចេញ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

ទោះ​ណាជា​លោក ​Bush​ បាន​ប្រកែក​មិន​ព្រម​ប្រាប់​ឈ្មោះ​ជន​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់ក៏​ដោយ​ ក៏​ទូរទស្សន៍​របស់​ប្រទេស​នូវែល​សេឡង់​ TVNZ ​បាន​ផ្សាយ​ថា​ខ្មាន់​កាំ​ភ្លើង​នោះ​មាន​ឈ្មោះ ​Brenton Tarrant ​អាយុ​២៨​ឆ្នាំ​ មក​ពី​ Grafton ​រដ្ឋ​ New South Wales​ ប្រទេស​អូស្ត្រាលី។​ ​មន្ត្រី​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ជន​ប្រដាប់​អាវុធ​នេះ​ពិត​ជា​ពលរដ្ឋ​អូស្ត្រាលី​ម្នាក់​មែន។

មនុស្ស​បួន​នាក់​គឺ​បុរស​បី​នាក់​និង​ស្ត្រី​ម្នាក់​បាន​ត្រូវ​ចាប់​ខ្លួន។ លោក​ស្រីនាយក​រដ្ឋមន្ត្រី​នូវែល​សេឡង់​ Jacinda Ardern ​បាន​មាន​ប្រសាសន៍​ថា​ គ្មាន​នរណា​ម្នាក់​ក្នុង​បណ្តា​ជន​បួន​នាក់​នេះ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះមនុស្ស​ដែលត្រូវ​ឃ្លាំ​មើល​ខាង​សន្តិសុខ​ទេ។

ប៉ូលិស​បាន​និយាយ​ថា​ មនុស្ស​ម្នាក់​ក្នុងចំណោមបួននាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួននេះ ​គ្មាន​ទាក់​ទិន​អ្វី​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ។ ប៉ូលិសបានបន្ថែម​ថា ​ពួក​គេ​កំពុង​ស៊ើប​អង្កេត​អំពី​មនុស្ស​ពីរ​នាក់​ទៀត។

លោក​ Bush​ បាន​ថ្លែង​ថា៖ «គ្មានទីភ្នាក់​ងារ​ណា​មួយ​មាន​ព័ត៌មាន​អំពី​ជន​ទាំង​នេះ​ទេ ហើយសហ​សេវិក​អូស្ត្រាលី​របស់​ខ្ញុំ​ ក៏​មិន​មាន​ព័ត៌មាន​ទាំង​នេះ​ដែរ»។

លោក​និយាយ​បន្ថែម​ថា ​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​នេះ​គឺ​«ពិនិត្យ​មើល​អំពី​លទ្ធភាព​ទាំង​អស់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ​យើងពង្រឹង​ច្បាប់​និង​សន្តិ​សុខ​ មិន​បាត់​បង់​ឱកាស​ណា​មួយ​ដើម្បី​បញ្ចៀស​កុំឱ្យ​មានហេតុការណ៍​ដ៏​សែន​អាក្រក់​បែប​នេះ​កើតឡើងទៀត​»។

មនុស្ស៤១​នាក់​ ក្នុង​បណ្តា​មនុស្ស​ដែល​ត្រូវ​បានសម្លាប់​ បានស្ថិត​នៅ​ក្នុង​ព្រះវិហារសាសនា​ឥស្លាម​មួយ។​ កុមារ​ក្មេងៗ​ក៏ស្ថិត​នៅ​ក្នុង​ចំណោមជនរងគ្រោះទាំង​៤៨​នាក់​ដែល​ទទួល​ការ​ព្យាបាលរបួស​ដោយសារ​គ្រាប់​កាំភ្លើង។​

លោក​ Bush ​បាន​ពោល​ថា​៖ «កាំ​ភ្លើង​ជា​ច្រើន​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​ទាំង​ពីរ​កន្លែង​នេះ»។

លោក​ស្រី​នាយក​រដ្ឋមន្ត្រី ​Ardern ​បាន​មាន​ប្រសាសន៍​ថា​ ការ​វាយ​ប្រហារ​ទាំង​នេះ«មិន​ធ្លាប់​មាន​ពី​ពេលមុន​ទេ​ ហើយ​ក៏​មិន​ដូច​ការ​វាយ​ប្រហារ​ដែល​យើង​បាន​ជួប​ប្រទះ​កាល​ពី​ពេលមុន​ដែរ»៕

XS
SM
MD
LG