Brandy Kraft និងDylan Mittelsted មានអាយុ១៧ឆ្នាំដូចគ្នា និងធ្វើការនៅក្នុងផ្សារ Arlan ដូចគ្នា ហើយឥឡូវនេះពួកគេទាំងពីរបានជួបប្រទះនឹងរឿងរន្ធត់ដែលយុវវ័យមិនគួរជួបប្រទះ។ Dylan Mittelsted បាននិយាយថា៖ «ពេលខ្ញុំមកដល់កន្លែងធ្វើការភ្លាម ខ្ញុំត្រូវទៅស្រែកយំក្នុងបន្ទប់ទឹកមួយសន្ទុះរហូតទាល់តែខ្ញុំមានអារម្មណ៍ថាអាចធ្វើការបាន និងអាចញញឹមដាក់ភ្ញៀវបាន»។
Mittelsted និយាយថាគាត់ចាំបាច់ត្រូវមកធ្វើការនៅថ្ងៃនេះ។ MITTELSTED បាននិយាយបន្តថា៖ «មកដល់ពេលនេះ ខ្ញុំចាំបាច់ត្រូវធ្វើឲ្យខ្លួនឯងរវល់កុំគិតពីហេតុការណ៍នៅថ្ងៃនោះ ពីព្រោះថាមានមនុស្សច្រើនណាស់ដែលបានរងរបួស និងបានស្លាប់។ ខ្ញុំមិនមែនជាជនរងគ្រោះនោះទេ ដូច្នេះខ្ញុំគួរតែអគុណដែលខ្ញុំនៅរស់រានមានជីវិត និងមិនគួរត្រូវដេកពួនសម្ងំនៅក្នុងបន្ទប់និងគិតអំពីហេតុការណ៍នេះទៀតទេ»។
អ្នកធ្វើការនៅក្បែរនោះគឺ Brandy Kraft កំពុងព្យាយាមញញឹមដាក់ភ្ញៀវដែលមកទិញឥវ៉ាន់នៅក្នុងផ្សារនេះ ប៉ុន្តែវាមិនងាយស្រួលទេសម្រាប់នាង។ BRANDY KRAFT បាននិយាយថា៖ «វាពិតជាគួរឲ្យខ្លាចដែលត្រូវរស់នៅក្នុងសហគមន៍ដែលអ្នកធ្លាប់មានអារម្មណ៍ថាមានសុវត្ថិភាព ប៉ុន្តែត្រូវបានផ្លាស់ប្តូរគ្រាន់តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ មិត្តភក្តិជិតស្និទរបស់ខ្ញុំជាច្រើន និងមិត្តភក្តិស្រីៗរបស់ខ្ញុំនៅក្នុងក្រុមកាយរឹទ្ធិនារីត្រូវបានសម្លាប់»។
Kraft ស្គាល់ខ្មាន់កាំភ្លើងដែលមានឈ្មោះថា Dimitrios Pagourtzis មានអាយុ១៧ឆ្នាំដែលត្រូវប៉ូលិសចាប់ខ្លួននេះ។ នាងបាននិយាយបន្តថា៖
«អ្វីដែល Dimitri បានធ្វើគឺមិនត្រឹមត្រូវទេ។ ខ្ញុំនៅតែមិនអាចស្មានថាគាត់អាចធ្វើរឿងនេះកើត បើទោះបីជាគាត់បានធ្វើរួចហើយក៏ដោយ។ ខ្ញុំនៅតែមានអារម្មណ៍ថាវាដូចជាការយល់សប្តិអាក្រក់អ៊ីចឹង។ គាត់ជាមនុស្សស្ងៀមស្ងាត់ និងតែងតែចូលចិត្តនៅម្នាក់ឯង។ គាត់មិនដែលលើកដៃសួរសំណួរឬឆ្លើយអ្វីទេ។ គាត់ធ្វើតែការងាររបស់គាត់។ គាត់ដោះស្រាយការងារបាន ប៉ុន្តែមិនចូលចិត្តនិយាយអ្វីច្រើនទេ»។
Kraft ចង់កែប្រែស្ថានការនេះ និងចង់បង្កើនការយល់ដឹងអំពីការបាញ់នៅតាមសាលារៀន។ នាងបាននិយាយបន្តថា៖ «ខ្ញុំគិតថាគេគួរតែពង្រឹងច្បាប់ប្រើប្រាស់កាំភ្លើង។ ខ្ញុំមិនមែនអ្នកស្រុកតិចសាសទេ។ ខ្ញុំមកពីរដ្ឋ North Dakota។ នៅពេលដែលខ្ញុំមកដល់ទីនេះកាលពី៩ឆ្នាំមុន ខ្ញុំមើលឃើញថាមនុស្សរាល់គ្នាស្រឡាញ់កាំភ្លើង ហើយខ្ញុំគ្មានអ្វីត្រូវជំទាស់នោះទេ។ វាទុកសម្រាប់ការពារសុវត្ថិភាពពួកគេ។ ប៉ុន្តែនៅពេលដែលអ្នកណាម្នាក់យកវាទៅប្រើប្រាស់ដោយបំពាន នោះខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាពទេដោយសារតែយើងមើលមិនឃើញពីគ្រោះថ្នាក់ឡើយ។ ភ្ញៀវអាចដើរចូលក្នុងផ្សារដោយមានលាក់កាំភ្លើងខ្លីមកជាមួយ។ អ្នកមើលមិនដឹងទេ។ ខ្ញុំមកធ្វើការនៅថ្ងៃនេះដោយសារតែខ្ញុំដឹងថាវាពិបាកនិយាយរឿងនេះណាស់ ប៉ុន្តែយើងត្រូវតែរស់នៅបន្តទៀត»។
Kraft និង Mittelsted ព្យាយាមជំនះស្ថានភាពនេះតាមវិធីសាស្ត្រផ្សេងៗគ្នា។
សម្រាប់ BRANDY KRAFT បាននិយាយថា៖ «នៅពេលដែលខ្ញុំដើរចូលមក ខ្ញុំព្យាយាមញញឹម។ ខ្ញុំព្យាយាមនិយាយថា សួស្តី សុខសប្បាយជាទេ?»។
ចំណែក DYLANMITTELSTED វិញបាននិយាយថា៖ «មានតែពេលវេលាទេដែលអាចជួយខ្ញុំបាននៅពេលនេះ»។
ខណៈដែលពួកគេកំពុងធ្វើការ ពួកគេសង្ឃឹមថាពេលវេលាអាចជួយព្យាបាលអារម្មណ៍ភ័យខ្លាចទាំងនេះបាន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា