ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នូវែលសេឡង់​នឹង​ចេញ​ច្បាប់​ហាម​ឃាត់​ជន​បរទេស​មិន​ឲ្យ​ទិញ​ផ្ទះ


លោក Winston Peters មេដឹកនាំ​គណបក្ស New Zealand First (រូប​ឆ្វេង) ចាប់​ដៃ​លោកស្រី​ Jacinda Ardern បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​ចម្រុះ​មួយ​ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​វែលីងតោន។
លោក Winston Peters មេដឹកនាំ​គណបក្ស New Zealand First (រូប​ឆ្វេង) ចាប់​ដៃ​លោកស្រី​ Jacinda Ardern បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​ចម្រុះ​មួយ​ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​វែលីងតោន។

នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​នូវែលសេឡង់​នឹង​ចេញ​ច្បាប់​ហាម​ជន​បរទេស​មិន​ឲ្យ​ទិញ​អចលនទ្រព្យ​ដែល​មាន​ស្រាប់ ដែល​វិធានការ​នេះ​គឺ​ដើម្បី​ការពារ​អ្នក​ប្រឹងប្រែង​រក​ទិញ​ផ្ទះ​ពី «ភាព​ហួស​កម្រិត​នៃ​មូលធន​និយម​សាកលលោក»។

ច្បាប់​នេះ​មាន​គោល​បំណង​ដើម្បី​បន្ធូរ​បន្ថយ​ដល់​តម្លៃ​ផ្ទះ​ដែល​កើន​ឡើង​មិន​អាច​ទប់​បាន​កន្លង​មក​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នូវែលសេឡង់​ជា​ច្រើន​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​បាន។

រដ្ឋាភិបាល​ប្រទេស​នូវែលសេឡង់​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ពលកម្ម​នូវែលសេឡង់​ជឿ​ថា វិនិយោគិន​បរទេស​បាន​ធ្វើ​ឲ្យ​អ្នក​រក​ទិញ​ផ្ទះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​នៅ​ក្នុង​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ​បាន​ទេ។

កាល​ពី​ឆ្នាំ​មុន តម្លៃ​ផ្ទះ​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​នូវែលសេឡង់​បាន​កើន​ឡើង​ចំនួន ៥,៨ ភាគរយ គឺ​កើន​រហូត​ដល់​ចំនួន ៤ សែន ៥ ពាន់ ៤៦៥ ដុល្លារ​អាមេរិក​សម្រាប់​ផ្ទះ​មួយ​ខ្នង។

រី​ឯ​នៅ​ក្នុង​រដ្ឋធានី​វែលីងតោន (Wellington) វិញ តម្លៃ​ផ្ទះ​បាន​កើន​ឡើង​ជាង ១៨ ភាគរយ នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​គិត​មក​ទល់​ខែ​មិថុនា ឆ្នាំ ២០១៧ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​ភាគ​ច្រើន​គ្មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​បាន។

អ្នក​រក​ទិញ​ផ្ទះ​ម្នាក់​បាន​និយាយ​ថា៖ «ខ្ញុំ​ជួល​ផ្ទះ​នៅ ហើយ​ថ្លៃ​ជួល​មាន​តម្លៃ​ថ្លៃ។ ខ្ញុំ​មិន​ដឹង​ថា​តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​ឬ​ក៏​អត់​នោះ​ទេ។ ខ្ញុំ​ចង់​ទិញ​ផ្ទះ»។

ចំណែក​ឯ​អ្នក​រក​ទិញ​ផ្ទះ​ម្នាក់​ទៀត​បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ទៅ​លើ​កូនៗ និង​ក្រុម​គ្រួសារ​ខ្ញុំ ក៏​ដូចជា​កូនៗ​របស់​មិត្តភក្ដិ​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​យល់​ពី​អារម្មណ៍​របស់​ពួកគេ ពីព្រោះ​ខ្ញុំ​ជឿ​ថា ដោយសារតែ​ទីផ្សារ​អចលនទ្រព្យ បាន​ជា​ពួកគេ​មិន​អាច​មាន​ផ្ទះ​នៅ​បាន»។

កាល​ពី ២៥ ឆ្នាំ​មុន ប្រជាពលរដ្ឋ​នូវែលសេឡង់​ចំនួន ៧៥ ភាគរយ មាន​ផ្ទះ​ផ្ទាល់​ខ្លួន​រស់នៅ។ ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ មាន​តែ​ប្រជាពលរដ្ឋ​ចំនួន ៦៤ ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន ហើយ​ចំនួន​នេះ​កំពុងតែ​ធ្លាក់​ចុះ​ជា​លំដាប់។

អត្រា​ការប្រាក់​ទាប បរិមាណ​ផ្ទះ​តិចតួច និង​ការ​ធ្វើ​អន្តោប្រវេសន៍​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​កើន​ឡើង​ផង​ដែរ។ ការ​ដាក់​កំហិត​មិន​ឲ្យ​ជន​បរទេស​កាន់កាប់​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​សម្បែង​រស់នៅ ត្រូវ​បាន​សាកល្បង​ធ្វើ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Norman Gemmell ប្រធាន​ដេប៉ាតឺម៉ង់​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ Victoria។

លោក Norman Gemmell និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ស្វ៊ីស​ប្រហែល​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ហាម​ឃាត់​មិន​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​អាច​កាន់កាប់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​បាន។ បើ​តាម​ការ​អះអាង​សម​ហេតុ​សម​ផល​បែប​សេដ្ឋកិច្ច ប្រសិនបើ​វិនិយោគិន​បរទេស​ជា​ច្រើន​ចង់​វិនិយោគ​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ ហើយ​ប្រសិនបើ​ចំណុច​នេះ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​មិន​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន នោះ​យើង​គួរតែ​គិត​ស្វែង​រក​វិធី​មួយ​ដើម្បី​បែងចែក​ចំនួន​ផ្ទះ​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​រិះគន់​នានា​បាន​អះអាង​ថា វិនិយោគិន​បរទេស​ជះ​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ចំពោះ​តម្លៃ​អចលនទ្រព្យ។ ប៉ុន្តែ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នូវែលសេឡង់​លោក David Parker បាន​និយាយ​ថា ការ​ដាក់​កំហិត​នេះ​មិន​ត្រឹមតែ​សំដៅ​ទៅ​លើ​តម្លៃ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​លើ​ភាព​យុត្តិធម៌​ផង​ដែរ។

លោក David Parker បាន​និយាយ​ថា៖ «ខ្ញុំ​មិន​មែន​វាយ​ប្រហារ​ទៅ​លើ​បុគ្គល​ណា​មួយ​នោះ​ទេ។ ខ្ញុំ​ព្យាយាម​ការពារ​ប្រជាពលរដ្ឋ​នូវែលសេឡង់​ពី​ភាព​ហួស​កម្រិត​នៃ​មូលធន​និយម​សាកលលោក។ វា​ជា​ការ​ពិត​ដែល​របាយការណ៍​របស់​លោក Thomas Picardy និង​របាយការណ៍​របស់​អង្គការ Oxfam បាន​បង្ហាញ​អំពី​ធនធាន​របស់​ពិភពលោក​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​មួយ​ក្រុម​តូច​ដែល​មាន​ចំនួន​ប្រហែល​មួយ​ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក​យើង​នេះ។ ប្រសិនបើ​អ្នក​ចង់​រក្សា​ការ​គាំទ្រ​ចំពោះ​អ្នក​សេរី​និយម ឬ​ក៏​អ្នក​ចង់​បើក​ចិត្ត​ឲ្យ​ទូលាយ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ អ្នក​ត្រូវតែ​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​អ្នក​ទប់ទល់​ជាមួយ​នឹង​ភាព​ហួស​កម្រិត​នៃ​មូលធន​និយម​សាកលលោក​ទាំង​នោះ»។

កន្លង​មក វិនិយោគិន​ចិន​គឺ​ជា​អ្នក​ទិញ​អចលនទ្រព្យ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់។ អ្នក​ធ្វើ​អត្ថាធិប្បាយ​ផ្នែក​នយោបាយ​លោក Bryce Edwards បាន​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ភាព​មិន​អាច​អត់ទ្រាំ​បាន​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ក៏​ដូចជា​ក្ដី​បារម្ភ​អំពី​មូលធន​និយម​ហួស​កម្រិត។

លោក Bryce Edwards បាន​និយាយ​ថា៖ «តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក​កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ មក យើង​ឃើញ​មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​នូវ​ទស្សនៈ​ឲ្យ​មាន​កំណែ​ទម្រង់​ទាំង​ស្រុង​នៅ​ក្នុង​នយោបាយ​ប្រទេស​នូវែលសេឡង់។ គេ​ឃើញ​មាន​ការ​ផ្ដោត​ច្រើន​លើ​ពួក​អ្នក​មាន​ថា​ប្រហែល​ជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ដូច​សព្វថ្ងៃ​នេះ។ យើង​ឃើញ​មាន​ការ​ផ្ដោត​ច្រើន​លើ​ភាព​មិន​ស្មើ​គ្នា ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​ផ្ដោត​ច្រើន​ថា​ពួក​អ្នក​មាន​ជា​អ្នក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង។ ហើយ​ក៏​ប្រហែល​ជា​មាន​បញ្ហា​រើសអើង​ជន​បរទេស ឬ​ក៏​ការ​រើសអើង​ជាតិ​សាសន៍​ផង​ដែរ។ អ្នក​ដឹង​ទេ​ថា សព្វថ្ងៃ​នេះ​មាន​ជនជាតិ​អាស៊ី​ជា​ច្រើន​បាន​ចូល​មក​ក្នុង​ប្រទេស​នូវែលសេឡង់ មិន​ថា​ពួកគេ​ចូល​មក​វិនិយោគ ឬ​ក៏​មក​រស់នៅ​នោះ​ទេ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នូវែលសេឡង់​មាន​មន្ទិល​សង្ស័យ​អំពី​រឿង​នេះ»។

ទោះបីជា​មាន​ការ​បន្ថែម​ការ​ដាក់​កំហិត និង​ភាព​ស្រពិចស្រពិល​ផ្នែក​នយោបាយ​ក៏​ដោយ ក៏​តម្លៃ​អចលនទ្រព្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​នៅតែ​បន្ត​កើន​ឡើង​ដដែល។ សម្រាប់​មនុស្ស​ភាគ​ច្រើន ក្ដី​សុបិន​របស់​ប្រជាពលរដ្ឋ​នូវែលសេឡង់​ក្នុង​ការ​មាន​ផ្ទះ​រស់នៅ​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​នឹង​មិន​ងាយ​កើត​ឡើង​ជា​រៀង​រហូត៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG