ចៅក្រមតុលាការកំពូលបានចាត់ទុកការចោទប្រកាន់របស់តុលាការជាន់ទាបទៅលើសកម្មជនសង្គមចំនួន៩នាក់ជាការត្រឹមត្រូវ និងបានតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ទុកជាបានការ។
ពួកគេទាំង៩នាក់ត្រូវបានចោទពីបទ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ទាក់ទងនឹងសកម្មភាពតវ៉ារបស់ពួកគេទាមទារឱ្យដោះលែងអតីតមេដឹកនាំសហជីពលោក រ៉ុង ឈុន។
នៅថ្ងៃពុធនេះ លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានអានតាមខ្លឹមសារ ដែលជាការយល់ឃើញរបស់តុលាការកំពូលថា សកម្មភាពរបស់សកម្មជនសង្គមទាំងអស់នេះ ដែលលើកបដា ការផ្សព្វផ្សាយជាវីដេអូតាមបណ្តាញសង្គម(Live Video) និងការដើរស្រែកទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២០ មិនមែនជាការអនុវត្តសិទ្ធិត្រឹមត្រូវតាមច្បាប់នោះទេ ព្រោះសកម្មភាពនោះអាចបំពាន និងប៉ះពាល់សិទ្ធិអ្នកដទៃ។
លោក គង់ ស្រ៊ីម ឱ្យដឹងថា ភ័ស្តុតាងដាក់បន្ទុក គឺដោយសារមនុស្សមួយចំនួនក្នុងចំណោមពួកគេមានទំនាក់ទំនងជាមួយអតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដូចជាលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក គង់ សភា។ លោកអះអាងថា ពួកគេបានរៀបចំផែនការប្រមូលផ្តុំ និងទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងអ្នកផ្សេងទៀត។
បើតាមលោកចៅក្រម សកម្មភាពទាំងនេះអាចបង្កទៅជាការ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បើទោះបីជាពេលធ្វើសកម្មភាពមិនទាន់បានសម្រេចក៏ដោយ។
បន្ថែមពីនេះ លោក គង់ ស្រ៊ីម លើកឡើងថា សកម្មភាពទាំងនោះក៏ជាការដាក់សម្ពាធដល់តុលាការ និងអាចញុះញង់ឱ្យពលរដ្ឋចូលរួមសកម្មភាពដែលអាចបង្កភាពវឹកវរក្នុងសង្គម និងប្រព្រឹត្តបទល្មើសបាន។
លោក ថា ឡាវី អាយុ២៣ឆ្នាំ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ជាសកម្មជនម្នាក់ក្នុងចំណោម៩នាក់ដែលត្រូវបានកាត់ទោស បានចូលទៅស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូល ហើយបានចាត់ទុកសេចក្ដីសម្រេចរបស់តុលាការជារឿងអយុត្តិធម៌សម្រាប់សកម្មជនសង្គម។ លោកចាត់ទុកថា ការចោទប្រកាន់ពីបទញុះញង់នេះជាការគាបសង្កត់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ បើតាមសកម្មជនរូបនោះ សកម្មភាពរបស់លោកមិនមានបំណងប្រឆាំង ឬផ្ដួលរលំនរណាម្នាក់ឡើយ។
លោកប្រាប់វីអូអេថា៖ «ក្នុងនាមជាសកម្មជនម្នាក់ ដែលខ្ញុំមើលឃើញថា វាមានបញ្ហាសង្គមកើតឡើង ខ្ញុំមិនដែលចង់បានតំណែង តួនាទីណាមួយ ហើយក៏មិនចង់បានការលើកទឹកចិត្ត សរសើរពីណាពីណីដែរ។ គ្រាន់តែដោះស្រាយទៅ! បញ្ហាខ្ញុំលើកមកហើយ មួយ ពីរ បី បួន។ វាកើតឡើងស្អី ជួយតែដោះស្រាយទៅ! គ្មានបំណងទៅប្រឆាំងអ្នកឯង គ្មានបំណងទៅប្រឆាំងរដ្ឋាភិបាល គ្មានបំណងទៅផ្ដួលរំលំស្អីទេ។ ពួកយើងគ្រាន់តែជាយុវជនប៉ុន្មាននាក់ហ្នឹង!»
លោករិះគន់ថា បើគ្រាន់តែប្រជាពលរដ្ឋតវ៉ា ឬសម្តែងមតិពីអ្វីមួយ ហើយត្រូវបានចោទប្រកាន់ពីបទ«ញុះញង់» ដូច្នេះមិនគួរមានច្បាប់ស្តីពីសិទ្ធិមនុស្ស និងច្បាប់អនុញ្ញាតឱ្យសម្តែងមតិនោះទេ។
លោកបញ្ជាក់ថា៖ «បើសិនជាមិនចង់ឃើញមានការសម្ដែងមតិ មិនចង់ឃើញការប្រើប្រាស់សិទ្ធិ លុបច្បាប់ហ្នឹងចោលទៅ។ បើមិនចង់ឃើញមានពលរដ្ឋដើរចេញតាមផ្លូវធ្វើកូដកម្មជាដើមហ្នឹង មិនបាច់ដាក់ឱ្យមានទេ លុបចោលហ្មងទៅ ព្រោះថា កុំឱ្យមាន បើថាមាន ធ្វើមិនកើតដដែលហ្នឹង ដាក់មកធ្វើអី? អ៊ីចឹងបន្ទោសដល់អ្នកធ្វើ បង្កើតច្បាប់ហ្នឹងទៀត។ ចុះបង្កើតមកធ្វើស្អី បើឱ្យគ្នាប្រើមិនកើតផងហ្នឹង! វាដូចធ្វើបាយមួយពេល តែបានតែអង្គុយមើល ហូបក៏មិនកើត ចាក់ចោលក៏មិនកើត។ អស់តែលុយជាតិ»។
ចំណែកលោក មួង សុភ័ក្រ អាយុ២៨ឆ្នាំ អតីតយុវជន១០០រាត្រី និងបច្ចុប្បន្នជាប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ដែលមកស្តាប់ការប្រកាសសាលដីការបស់តុលាការកំពូលដែរ បានចាត់ទុកការសម្រេចរបស់តុលាការជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ លោកថា តុលាការសាលាដំបូងមិនបានលើកអំពីអង្គច្បាប់ច្រើនទេ ប៉ុន្តែតុលាការកំពូលបានផ្អែកលើមាត្រា២៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពី«សហចារីផ្សព្វគំនិត» ដែលត្រង់ចំណុចនេះហាក់ជាការដាក់បន្ទុកធ្ងន់។
លោកប្រាប់វីអូអេថា៖ «ការធ្វើរបស់បង ជុំ ពុទ្ធី [និង] ឈួ ផេង ដែលទាក់ទងជាមួយលោក ហូរ វ៉ាន់ នៅខាងក្រៅ យកមកភ្ជាប់ជាមួយយើងទាំងអស់គ្នា។ ដល់ពេលភ្ជាប់ជាមួយយើង វាទៅជាបទល្មើសរួមផ្សំគំនិតទាំងអស់គ្នា ហើយទៅជាបទល្មើសញុះញង់ ហើយដោយអង្គហេតុក្តី យើងម្នាក់ៗគឺអត់ដឹងខ្លួន អត់ដឹងថា យើងទៅពាក់ព័ន្ធជាមួយអ្នកខាងណាទេ ព្រោះយើងមកគ្រាន់តែអនុវត្ត មកឃ្លាំមើល។ អ្នកខ្លះមកគ្រាន់តែឈរលេង។ អ្នកខ្លះនៅបាត់ដំបង មិនធ្វើអីផង ប៉ុន្តែនៅតែជាប់ពាក្យសហចារីផ្សំគំនិតហ្នឹង។ អ៊ីចឹង វាជាការលើកឡើងរបស់អង្គច្បាប់ របស់តុលាការកំពូល អានេះយើងសោកស្តាយ ដែលយើងគិតថា ការលើកឡើងនេះ វាដាក់បន្ទុកឱ្យយើងធ្ងន់ជាងមុន ហើយចោទយើងទៅភ្ជាប់នឹងអ្នកខាងក្រៅប្រទេសដែលអាចជាបទល្មើសធំតទៅមុខទៀត»។
លោក មួង សុភ័ក្រ បញ្ជាក់ថា លោកត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទញុះញង់ ហើយតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ។ តុលាការតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារចំនួន១៤ខែ និងទោសសល់ត្រូវព្យួរសាកល្បង។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងថា បើសិនជាការជួបជុំសម្តែងមតិទទួលរងការចោទប្រកាន់តាមផ្លូវតុលាការ នោះវានឹងក្លាយទៅជាសម្ពាធផ្លូវច្បាប់សម្រាប់ប្រជាពលរដ្ឋ ព្រោះការជួបជុំសម្តែងមតិជាមធ្យោបាយមួយនៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកបន្ថែមថា ករណីមួយនេះបានបង្ហាញនូវភាពចម្រូងចម្រាសរវាងអ្នកប្រតិបត្តិច្បាប់ និងអ្នកប្រើប្រាស់សិទ្ធិសេរីភាពសម្តែងមតិ ដែលវាធ្វើឱ្យប៉ះពាល់ដល់ការសម្តែងមតិរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «បើសេរីភាពពាក់ព័ន្ធការជួបប្រជុំរបស់ប្រជាពលរដ្ឋ ឬសកម្មជននានា ត្រូវបានហាមឃាត់ រារាំង អ៊ីចឹងថា តើវិធីនៃការសម្តែងមតិរបស់ពួកគាត់អាចធ្វើបានទៅ[តាម]មធ្យោបាយណា?»
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សកម្មជនសង្គម រួមមានអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក មាន ព្រហ្មមុន្នី និងលោក មួង សុភ័ក្រ និងសកម្មជននយោបាយ២រូប គឺលោក ជុំ ពុទ្ធី និងលោក ឈួ ផេង ពីបទ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ ចំពោះសកម្មភាពតវ៉ារបស់ពួកគេក្នុងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។ ប៉ុន្តែកាលនោះ តុលាការបង្គាប់ឱ្យព្យួរទោសមួយចំនួនដល់ពួកគេ ដូច្នេះពួកគេត្រូវបានដោះលែង ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២០ ដោយសាររិះគន់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅខេត្តត្បូងឃ្មុំ៕