ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សង្គម​និង​នយោបាយ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការចាប់​ខ្លួន​លោក រ៉ុង ឈុន


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​១០​នាក់​ ឲ្យ​ជាប់​ពន្ធនា​គារ រយៈពេល​២០​ខែ​ និង​ពិន័យ​ជា​ប្រាក់ ក្នុង​ម្នាក់​២​លាន​រៀល​ចូល​ថវិការដ្ឋ ចំពោះ​សកម្មភាព​តវ៉ា​របស់​ពួកគេ​ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន។ នេះ​បើ​តាម​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ក្រុម​មេធាវី​ការពារ​ក្តីជន​ជាប់​ចោទ។

ក្នុង​ការ​ប្រកាស​សាលក្រម​កាត់​ទោស​សកម្មជន​ទាំង​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ តុលាការ​បាន​សម្រេច​ថា​ នឹង​ដោះ​លែង​អ្នក​ទាំង​នោះ​ នៅ​ចន្លោះ​ពី​១ខែ ​ទៅ​២ខែ​ខាង​មុខ បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ពន្ធនា​គារ​ជាង​១ឆ្នាំ​រួច​ទៅ​ហើយ ក្រោម​បទ​ញុះ​ញង់ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកា​ដូ​ លោក​ អំ សំអាត​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សកម្ម​ជន​ទាំង​នោះ​ មិន​បាន​ទទួល​ការ​កាត់​សេចក្តី​ត្រឹម​ត្រូវទៅ​តាម​អង្គហេតុ​ ដែល​បាន​កើត​ឡើង​មក​ទេ ពោល​គឺ​ពួក​គេ​មិន​បាន​ធ្វើ​សកម្មភាព​ញុះញង់ ប៉ុន្តែ​គ្រាន់​តែ​បាន​ជួប​ជុំ​សម្តែង​មតិ​ដែល​មិន​បាន​បង្ក​ជា​បទល្មើស​ឡើយ។

លោក​និយាយ​ថា៖ «វា​ជា​រឿង​ធ្ងន់​ធ្ងរ​មួយ​សម្រាប់​ពួក​គាត់​ ពីព្រោះ​កន្លង​មក​យើង​ដឹង​ហើយ​ថា​ ករណី​នេះ ​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អង្គការ​អន្តរជាតិ​ អ្នក​រាយ​ការណ៍​ពិសេស​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ក៏​ដូច​ជាបណ្តា​អង្គទូត​នានា​គេ​គិត​ថា​ នេះ​ជា​សេរី​ភាព​ក្នុង​ការ​ជួបជុំ ក្នុង​ការសម្តែងមតិ​របស់​ពលរដ្ឋ វា​មិន​មែន​ជាប​ទ​ល្មើស»។

អ្នកការ​ពារ​សិទ្ធិមនុស្ស​រូបនេះ​យល់​ថា សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញសម្រាប់​សកម្ម​ជន​នាពេល​នេះ​ គឺ​ជាការ​ផ្ញើសារ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​មួយ​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​ការពារ​បរិស្ថាន​ និង​សកម្មជន​ធ្វើការ​ងារ​សង្គម ដែល​បាន​ប្រើប្រាស់​សិទ្ធិ និង​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ​ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត។ ​

បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ចេញ​ផ្សាយ​នៅថ្ងៃទី​២៦​ ខែ​តុលា​នេះ​ សកម្ម​ជន​សង្គម​ និងយុវជន​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​ ភាគ​ច្រើន​ជា​សមាជិក​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ក្នុង​នោះ​រួម​មាន​អ្នក​ស្រី​ ឈឿន ដារ៉ាវី​ លោក​ ហ៊ុន វណ្ណៈ អតីត​ព្រះ​សង្ឃ​ គឺ​ព្រះតេជ​គុណ កើត សារ៉ាយ​ លោក ​ថា ឡាវី​ និងកញ្ញា​អេង​ ម៉ាឡៃ។

លោក មាន ព្រហ្មមុន្នី​ និង​លោក ​មួង សុភ័ក្រ ដែល​ជា​អនុ​ប្រធាន និងសមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ ជុំ ពុទ្ធី លោក ឈួ ផេង​ និង​លោក​ គង់​ សំអាន​ ក៏​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា៖ «សកម្ម​ជន​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ជាង​មួយ​ឆ្នាំ​ នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​ទាំង​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ព្យួរ​ទោស​សាក​ល្បង​សម្រាប់​រយៈ​ពេល​២ឆ្នាំ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ទៅ​តុលា​ការ ប្រសិន​បើ​ពួក​គេ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ ផ្លាស់​ប្តូរ​ការងារ​ ឬ​ចង់​ចាក​ចេញ​ពី​ប្រទេស​ ព្រម​ទាំង​លក្ខខណ្ឌ​ផ្សេង​ៗទៀត​»។

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ គឺ​អ្នកស្រី ដារ៉ាវី និង​លោក ​វណ្ណៈ​ ត្រូវ​បាន​កាត់​ទោស​ម្នាក់​ៗ​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​១៥​ខែ។ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ចំនួន​១៤​ខែ។ នេះ​បើ​តាម​អង្គការ​លីកាដូ។

ដោយ​ឡែក​ មនុស្ស​៤នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​ គឺលោក​ សេង ម៉េងប៊ុន រ៉ុង និង​អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ លោក​ ហូរ វ៉ាន់​ លោក អ៊ូ ច័ន្ទឬទ្ធិ និង​លោក​ គង់ សភា​ ក៏​ត្រូវ​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​ពិន័យជាប្រាក់​៤​លាន​រៀល​ក្នុង​ម្នាក់​ៗ​ក្នុង​សំណុំ​រឿង​ញុះ​ញង់​នេះ​ផងដែរ​។ នេះបើតាម​ក្រុម​មេធាវីការ​ពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ។

លោក​ សំ សុគង់ មេធាវីការ​ពារ​ក្តីឲ្យជន​ជាប់​ចោទ​មួយ​ចំនួន​ខាង​លើ​ថ្លែង​ថា ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​លោក​ទេ ដោយ​លោក​ថា ​សំណុំ​រឿង​នេះ​មាន​ជាប់​ហេតុផល​នយោបាយ។

លោក​ប្រាប់​វីអូអេ​ថា​៖ «ខ្ញុំ​ជា​មេធាវី​យល់​ឃើញ​ថា មិន​ទាន់​ទទួល​យក​បាន​ ហើយ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​ទំាង​អស់​នៅ​ក្នុង​ ទាំងនៅ​ក្នុង​ពន្ធនា​គារ​ និង​ខាង​ក្រៅ​ពន្ធនាគារ​ហ្នឹង​ នៅក្រៅ​ឃុំ​ហ្នឹង ដើម្បី​ពន្យល់​អំពី​សិទ្ធិ​ក្នុង​កា​រធ្វើបណ្តឹង​បក​ស្រាយ​ទៅ​តុលាការ​ជាន់​ខ្ពស់ ​គឺ​សាលា​ឧទ្ធរណ៍​ បើ​សិន​ជា​កូន​ក្តី​យល់​ឃើញ​ថា ​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេ​ច​ហ្នឹង​ ឬ​ក៏សាល​ក្រម​ហ្នឹង​ទេ»។

បើ​តាម​លោក ​សំ សុគង់​ លោក ​ហុង លីម​ ដែល​ជា​អតីត​តំណាង​រាស្ត្រ​មួយ​រូប​ក្នុងប្រទេស​អូស្ត្រាលី​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ ដោយ​សារ​តុលាការ​រក​ឃើញ​ថា​ អតីត​តំណាង​រាស្ត្រ​រូប​នេះ​ មិន​បាន​ផ្តល់​លុយ​កាក់​ឲ្យ​សកម្ម​ជន​ខាង​លើ​ធ្វើ​សកម្មភាព​តវ៉ា​កាល​ពី​ដើម​ខែ​សីហា​ ឆ្នាំមុន​ ប្រឆាំង​ការ​ចាប់​ខ្លួនលោក រ៉ុង​ ឈុន​ ប្រធាន​សហភាព​សជីព​កម្ពុជា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ខែ​ដែរ ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ​អ៊ី រិន្ទ ​មិន​ឆ្លើយ​សំណួរ​របស់វីអូអេ​ ដែល​បាន​ផ្ញើ​តាម​សារ​តេឡេ​ក្រាម​ ពាក់​ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលា​ការ​ដែល​មេធាវី​យល់​ថា ​មិន​យុត្តិធម៌​នោះ។

ម្តាយ​បង្កើត​របស់​អ្នកស្រី​ ឈឿន ដារ៉ាវី​ គឺ​អ្នកស្រី​ ថាច់ ធីតា អះអាង​ថា ​អ្នកស្រី​ទទួល​យក​មិន​បាន​ទេ​ ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​កាត់​ទោស​ឲ្យ​កូនស្រីគាត់​ជាប់​ពន្ធនាគារ​២០​ខែ និង​ពិន័យ​ជាប្រាក់​២លាន​រៀល​នោះ។ អ្នកស្រី​បន្ថែម​ថា ​កូន​ស្រីនិងសកម្ម​ជន​ផ្សេង​ទៀត​ ​មិន​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ជាតិ​ទេ ដោយ​គ្រាន់​តែធ្វើ​សកម្មភាព​សម្តែង​មតិ​ ដោយអហិង្សា​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី​ថ្លែង​ថា​៖ «ប្រទេស​យើង​ដែល​គេ​ហៅ​ថា​ នីតិរដ្ឋ គួរ​តែ​យើង​គោរព​ច្បាប់​ទាំង​អស់​គ្នា​ ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ ហើយ​ត្រូវ​ចេះ​ផ្តល់​តម្លៃ​ដល់​អ្នក​ដែលធ្វើ​ការ​ងារ ​ដើម្បី​សង្គម​ ដូច​ជា​ក្រុម​យុវជន​អស់​ហ្នឹង​ យើង​គួរ​តែ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​គាត់​ មិន​គួរ​ណា​ចាប់​គាត់​ដាក់​គុក​អ៊ីចឹង​ ដូច​វា​ពិបាក​ទទួល​យក​បាន​ណាស់​ក្មួយ»។

​នៅ​ថ្ងៃ​ចន្ទ​នេះ​ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​សវនាការ​កន្លង​មក​ ​ភាគ​ច្រើន​សកម្ម​ជន​ទាំង​នេះ ​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាកសួរ​ថា ​តើ​ពួក​គេ​បាន​សុំ​ការ​អនុញ្ញាត​ ​មុន​ពេល​ជួប​ជុំគ្នា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ដែរ​ឬទេ និង​ថា​តើ​ពួក​គេ ​ត្រូវ​បាន​មនុស្ស​នៅ​ក្រៅ​ប្រទេស​លើក​ទឹក​ចិត្ត​ ​ឬ​ជួល​ពួក​គេ​ឲ្យ​ចូលរួម​តវ៉ា។

នៅ​ក្នុង​សវនាការ​កាល​ពី​កន្លង​ទៅ សកម្មជន​ដែល​ត្រូវ​បាន​កាត់​ទោស​នោះ បាន​លើក​ឡើង​ថា ​ពួកគេ​គ្រាន់​តែ​ចូលរួម​ក្នុង​ការ​តវ៉ា​ ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ​ ​និង​បាន​លើក​ឡើង​អំពីស្ថាន​ភាព​លំបាក​នៃ​ភាព​ចង្អៀត​ណែនក្នុង​ពន្ធ​នាគា​រ​ ​ព្រម​ទាំង​រិះគន់​ថា ​សវនាការ​មិន​មាន​ភាព​យុត្តិធម៌៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG