ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​សកម្ម​ជន​៧​នាក់ ​ដែល​តស៊ូ​មតិ​ការពារ​លោក​ រ៉ុង ឈុន​


អ្នកស្រី ឈឿន ដារ៉ាវី សមាជិកខ្មែរថាវរៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខ​សាលា​ឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

សាលា​ឧទ្ធរណ៍ ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ក្រុម​យុវជ​ន​ខ្មែរ​ថាវរៈ​ និង​សកម្ម​ជន​សង្គម​ផ្សេង​ទៀត ​សរុប​៧នាក់ ​ពី​បទ​ញុះ​ញង់ ​ក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន ​កាល​ពី​ឆ្នាំ​២០២០។​

ក្រុម​យុវ​ជន​និង​សកម្មជន​សង្គម​ទាំង​នោះ​ចាត់​ទុកថា​ ការ​មិន​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​ជា​រឿង​អយុត្តិ​ធម៌។

សកម្ម​ជន​ ដែល​បច្ចុ​ប្បន្ន​ស្ថិត​នៅ​ក្រៅ​មណ្ឌល​ឃុំ​ឃាំង​ និង​រង​បទ​ចោទ​ញុះញង់​ទាក់​ទង​ការ​ទាម​ទារ​ឱ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន ​រួម​មា​នអ្នក​ស្រី​ ឈឿន ដារ៉ាវី​ លោក​ ហ៊ុន វណ្ណៈ ​អតីត​ព្រះ​សង្ឃគឺ​ព្រះតេជ​គុណ កើត សារ៉ាយ​ លោក ​ថា ឡាវី​ និង​កញ្ញា​ អេង​ ម៉ាឡៃ​ ដែល​ពួកគេ​ជា​សមាជិក​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និងលោក មាន ព្រហ្ម​មុន្នី​ លោក ​មួង សុភ័ក្រ ​ដែល​ជា​អនុ​ប្រធាន​ និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ។ ក្រៅ​ពី​សកម្មជន ​ក៏​មាន​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​គឺ​លោក​ ជុំ ពុទ្ធី ​លោក ឈួ ផេង​ និង​លោក​ គង់​ សំអាន​ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ក្នុង​សំណុំ​រឿង​នេះ​ដូច​គ្នា។​

​កាលពី​ខែតុលា​ ឆ្នាំ​២០២១​ សកម្មជន​ទាំង​នោះ​ត្រូវ​បាន​តុលា​ការ​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ខែ ​ចំពោះ​សកម្ម​ភាព​តវ៉ា​របស់​ពួកគេ​ ដែល​ទាម​ទារ​ឲ្យ​ដោះ​លែង​មេដឹក​នាំ​សហ​ជីព​លោក ​រ៉ុង ឈុន។ ​ប៉ុន្តែតុលាការបង្គាប់​ឱ្យ​ព្យួរ​ទោស​មួយ​ចំនួន​សម្រាប់​ពួកគេ ​ដូច្នេះ​ពួកគេ​ត្រូវ​បាន​ដោះ​លែង។

យុវជន​ខ្មែរ​ថាវរៈ ​អ្នកស្រី​ ឈឿន ដារ៉ាវី ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ថា ​អ្នក​ស្រីមិន​អាច​ទទួល​យ​ក​បាន​ទេ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​ហើយ​អ្នកស្រី​នឹង​ប្តឹង​បន្ត​ទៀត​តាម​នីតិវិធី​ដើម្បី​ស្វែង​រក​យុត្តិធម៌ ​និង​ដើម្បី​បង្ហាញឱ្យ​សាធារណ​ជន​បាន​ឃើញពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ​បើ​ទោះ​មិន​មានសង្ឃឹម​ក៏​ដោយ។ ​

អ្នក​ស្រី​ថ្លែង​ថា៖​ «អា​ច​ប្រាប់​ថា​ អត់​មាន​សង្ឈឹម​សូម្បី​បន្តិច ​តែ​ចង់​និយាយ​ថា​ ឱ្យ​បង​ប្អូន​ជន​រួម​ជាតិ​យើង​នៅ​ពេលជួប​រឿង​អយុត្តិធម៌​ណា​មួយ យើង​ត្រូវ​តែ​តស៊ូ​ ​បង្ហាញ​ថា​ អ្វីដែល​ខ្លួន​ធ្វើ​គឺ​ពិត​ជា​ត្រឹមត្រូវ​ មិន​មាន​កំហុស។ យើង​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ ​ក្នុង​នាម​ជា​ពលរដ្ឋ​ អត់​មាន​ខុស​ត្រង់​ណា​ទេ។​ អ្វីដែល​យើង​ធ្វើ​នេះ​គឺ​ដើម្បី​ឱ្យ​ភាព​ត្រឹម​ត្រូវ​ត្រូវ​តែ​ឈ្នះ​អំពើ​អាក្រក់»។ ​

លោក ហ៊ុន វណ្ណៈ សមាជិកខ្មែរថាវរៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលា​ឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន វណ្ណៈ សមាជិកខ្មែរថាវរៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលា​ឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក ​ហ៊ុន វណ្ណៈ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ​ ក៏​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ជា​រឿង​អយុត្តិ​ធម៌​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​«ខ្ញុំ​ថា​ វា​ជា​រឿង​កើត​ឡើង​ដដែលៗ ​ដូច​ជា​ប្រពៃណី​វប្បធម៌​នៃ​ការ​សម្រេច​ចិត្ត​របស់​សាលា​ឧទ្ធរណ៍​ទៅ​លើ​សកម្មជន ​អ្នក​ដែល​សម្តែង​មតិ។ អ្នក​ដែល​មាន​និន្នាការ​ដែល​ថា​ រិះគន់​រដ្ឋាភិបាល​គឺ​តែង​តែ​ទទួល​បាន​លទ្ធ​ផល​អ៊ីចឹង។​ អ៊ីចឹង​ខ្ញុំ​អត់​មាន​អី​ចម្លែក​ចិត្ត​ទេ​ ហើយ​ក៏​ខ្ញុំ​សោក​ស្តាយ​មែន​ទែន​ ដែល​ភាព​យុត្តិ​ធម៌​សម្រាប់​ពួក​យើង​នៅតែ​មិ​ន​អាច​ផ្តល់​បាន ​... ​ផ្តល់​ឱ្យ​ក្នុង​ប្រទេស​យើង​តាម​រយៈ​ប្រព័ន្ធ​តុលាការ​របស់​យើង​ហ្នឹង»។

លោក ​ជា ម៉េត​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ ​បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ​លើ​ការ​លើក​ឡើង​របស់​សកម្មជន​ ដោយ​និយាយ​ថា ​ត្រូវ​មើល​ករណី​ជាក់​ស្តែង​ជា​មុន​សិន។

អ្នកស្រី ​ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​កត់​សម្គាល់​ថា សកម្ម​ជន​នយោ​បាយ ​សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជនសង្គមតែង​តែ​រង​ការ​យាយី ​គំរាម​កំហែង​គ្រប់​រូប​ភាព ​ហើយរាល់​ការ​ចោទ​ប្រកាន់​ និង​ក្តីក្តាំ​របស់​សកម្ម​ជន​ទាំ​ង​នោះ​គឺ​តុលាការ​មិន​ងាយ​នឹ​ង​ទម្លាក់​ចោល​ទេ​ ដែល​នេះបង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​មិន​ទាន់​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។

​អ្នកស្រី​បន្ថែម​ថា​ សកម្មជន​ទាំង​នោះ​មានសិទ្ធិ​សម្តែង​មតិ​ស្រប​តាម​ច្បាប់​កម្ពុជា។ ​

អ្នកស្រី​ថ្លែង​ថា៖ ​«ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី ​ឬការ​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​មិន​គួរ​ក្លាយ​ជា​បទ​ល្មើស​នោះ​ទេ។ ​អ៊ីចឹង​ពួក​គាត់​គួរ​តែ​ត្រូវ​បាន​ទម្លាក់​នូវ​បទ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ ហើយ​ មែន​ទែន​ រដ្ឋា​ភិបាល​គួរ​បង្ក​បរិយាកាស​អំណោយ​ផល​សម្រាប់​ពល​រដ្ឋ​ក្នុង​ការ​ចូលរួម​ដោយ​សកម្មនៅ​ក្នុង​ជីវ​ភាព​នយោ​បាយ ​មិន​មែន​ត្រឹម​តែ​ជីវ​ភាព​សង្គម ​និង​សេដ្ឋ​កិច្ច​ទេ។ ​ប៉ុន្តែ​ជីវភាព​នយោបាយ​នឹង​ក៏​គួរ​តែ​មាន​ភាព​អំណោយ​ផល​ផង​ដែរ»។ ​

គួរ​បញ្ជាក់ថា​ ក្រុម​យុវ​ជន​ខ្មែរ​ថារវៈ ​យុវជន​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ ​និង​សកម្ម​ជន​នយោបាយ​ផ្សេង​ទៀត​នេះ ​ក្រៅ​ពី​ការ​ព្យួរ​ទោស​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ​ពួកគេ​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោមការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈ​ពេល​២​ឆ្នាំ​ផង​ដែរ។ ​នេះ​បើ​តាម​សកម្ម​ជន។​ ពួកគេ​អះអាង​ថា​ នេះ​ជា​ការ​ដាក់​គំនាប​លើ​សេរីភាព​របស់​ពួកគេ​ ក្រោយ​ពីពួកគេ​ត្រូវ​បាន​ដោះ​លែង៕

XS
SM
MD
LG