សកម្មជនមួយចំនួនដែលធ្លាប់ចេញមុខតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន បានអះអាងថាពួកគេមិនសូវមានសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេនៅពេលខាងមុខ។
តុលាការកំពូល កាលពីព្រឹកថ្ងៃសុក្រ បានបើកសវនាការជំនុំជម្រះលើសកម្មជន៩នាក់ ដែលបច្ចុប្បន្ន ពួកគេនៅក្រៅឃុំទាំងអស់។ អ្នកទាំងនោះ មានដូចជាអ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក មាន ព្រហ្មមុន្នី និងលោក មួង សុភ័ក្រជាដើម។
ក្រោយបញ្ចប់សវនាការ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលបានចូលរួមសវនាការជំនុំជម្រះនោះ ប្រាប់វីអូអេថាលោកបានលើកឡើងអំពីភាពមិនប្រក្រតីក្នុងសវនាការកាលពីកន្លងមកទៅកាន់ចៅក្រមតុលាការកំពូល ដែលមានលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោកបន្ថែមថាលោកមិនមានសង្ឃឹមទេថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់រូបលោក។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនមានអារម្មណ៍ថានឹងមានយុត្តិធម៌អីទេ ព្រោះយើងមើលឃើញថាសង្គមកម្ពុជាបច្ចុប្បន្ននេះ វាអត់មានកន្លែងណាដែលយើងកត់សម្គាល់ថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអាចផ្តល់ក្តីសង្ឃឹមនៃការរំពឹងទុកទៅបាន»។
លោក ថា ឡាវី អាយុ២៣ឆ្នាំ ដែលចូលរួមសវនាការនេះដែរ ថ្លែងថាការចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មិនមានអ្នកណាបង្ខិតបង្ខំរូបលោកឡើយ គឺ លោកគ្រាន់តែចង់ឃើញលោក រ៉ុង ឈុន មានសេរីភាពឡើងវិញ ដោយសារលោកធ្វើរឿងត្រឹមត្រូវ និងហ៊ានលះបង់ ដើម្បីប្រទេសជាតិ។
លោកថ្លែងថា៖ «ខ្ញុំអាចនិយាយថាធ្វើហ្នឹងកើតចេញពីឆន្ទៈខ្លួនឯង ដោយការគោរព ស្រឡាញ់វីរភាពរបស់គាត់ដែលហ៊ានការពារព្រំដែនខ្មែរ មិនឱ្យប្រទេសជិតខាងណាមួយមករំលោភបំពាន តែបែរជាគាត់ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ដាក់ពន្ធនាគារ ហើយខ្លួនខ្ញុំបាទនិងក្រុមយុវជនផ្សេងទៀត ក៏ត្រូវបានតុលាការចោទពីបទញុះញង់ដូចគ្នា ហើយចាប់ដាក់ពន្ធនាគារចន្លោះពី២០ខែទៅ២ឆ្នាំទៀត។ ខ្ញុំយល់ឃើញថាវាជារឿងមួយដែលខ្ញុំមិនទាន់អាចរកឃើញយុត្តិធម៌សម្រាប់ខ្លួនឯងបានទេមកដល់ពេលនេះ»។
លោកបន្ថែមថា៖ «សង្ឃឹមថាទទួលបានយុត្តិធម៌ប៉ុន្មានភាគរយ ខ្ញុំទុកឱ្យធម្មជាតិជាអ្នកកំណត់។ មកដល់ពេលនេះអ្វីដែលយើងបានធ្វើ គឺធ្វើបានល្អបំផុតហើយក្នុងនាមជាយុវជនម្នាក់ ក្នុងនាមជាពលរដ្ឋម្នាក់ ដើម្បីទឹកដីមួយនេះ»។
ចំណែកអ្នកស្រី ឈឿន ដារ៉ាវី អាយុ៣៣ឆ្នាំ ជាប្រធានក្រុមយុវជនខ្មែរថាវរៈ ដែលចូលរួមសវនាការនេះដែរ ប្រាប់វីអូអេថាតុលាការបានសាកសួរកញ្ញា ទាក់ទងនឹងប្រវត្តិរូប និងសំណូមពរ និងបញ្ជាក់អំពីមូលហេតុដែលប្តឹងសាលទុក្ខមកតុលាការកំពូល។
អ្នកស្រីថ្លែងថា៖ «ដោយសារយើងកើតទុក្ខមិនសុខចិត្ត ព្រោះរឿងអយុត្តិធម៌កើតឡើងមកលើយើង ដែលយើងគ្រាន់តែចង់អនុវត្តសិទ្ធិយើង។ ប្រទេសមួយ យើងអាងថាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យបាន យើងប្រើប្រាស់សិទ្ធិសម្តែងមតិនេះ តែសោកស្តាយដែលមកដល់ពេលហ្នឹង អត់ទាន់បានយុត្តិធម៌»។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យសកម្មជន៧នាក់ក្នុងចំណោម៩នាក់ ប្រាប់វីអូអេថាតុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបាននៅឡើយទេ។
កាលពីខែតុលា ឆ្នាំ២០២១ សកម្មជនទាំងនោះត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ ក្រោមបទចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ចំពោះសកម្មភាពតវ៉ារបស់ពួកគេ ដែលទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន។ ប៉ុន្តែកាលនោះ តុលាការបង្គាប់ឱ្យព្យួរទោសមួយចំនួនដល់ពួកគេ ដូច្នេះពួកគេត្រូវបានដោះលែង។ ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
គួរបញ្ជាក់ថាលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២០ ដោយសាររិះគន់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម៕