ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​កាសែត​អាស៊ី​សេរី​ស្នើ​​តុលាការ​ផ្តល់​លិខិត​ឆ្លង​ដែន ដើម្បី​អាច​ទៅ​​មើល​​គ្រួសារ​ឈឺ​ធ្ងន់​នៅ​កម្ពុជា​ក្រោម


លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សវ​នាការ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ អតីត​អ្នក​សារ​ព័ត៌​មាន​អាស៊ី​សេរី​ម្នាក់ គឺ​លោក យាង សុធារិន្ទ បាន​ស្នើ​សុំចៅ​ក្រម​សម្រេច​ផ្តល់​លិខិត​ឆ្លង​ដែនដល់​រូប​លោក ដើម្បី​លោក​អាច​ទៅ​ទឹក​ដី​កំណើត​កម្ពុជា​ក្រោម សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ​បង្កើត ជា​ពិសេសបាន​ទៅ​មើល​បង​ស្រី​បង្កើតដែល​កំពុង​ឈឺ​ធ្ងន់។​

​លោក ​យាង​ សុធា​រិន្ទ ឬ​ហៅ​ យាង ​សុជា​មេត្តា ​អាយុ​ ៣៤​ ឆ្នាំ ​ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​កិង ឃុំ​ឬស្សី​ស្រុក​ ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះ​ត្រពាំង ​កម្ពុជា​ក្រោម និង​ជា​អ្នក​សារព័ត៌មាន​មួយ​រូប ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មាន​ជា​អាទិ៍​ដែល​អាច​អន្ត​រាយ​ការពារ​ជាតិ» កាល​អំឡុង​ឆ្នាំ​ ២០១៧។

សំណុំ​រឿង​របស់​លោក​ត្រូវ​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​លោក​បច្ចុប្បន្ន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។ លោក​បាន​ប្តឹង​ទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ ដែល​បាន​បដិសេធ​មិន​ផ្តល់​លិខិ​ត​ឆ្លង​ដែន​ឱ្យ​រូប​លោក ​ចូល​រួម​មហា​សន្និបាត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សវនាការ ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​រូប​នោះ​ បាន​បញ្ជាក់​មូល​ហេតុ​ទៅ​អង្គ​ចៅ​ក្រមចំពោះ​ការ​ប្តឹង​ទាស់ ​និង​ការ​ស្នើ​សុំ​លិខិត​ឆ្លង​ដែន គឺ​ដើម្បី​លោក​អាច​មាន​ឱកាស​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ។

លោក​អះអាង​ថា លោកនឹង​មិន​រត់​ចេញ​ពី​ទឹក​ដី​កម្ពុជា​ក្រោម​ ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក​នោះ​ទេ។ ដើម្បី​ឱ្យ​តុលា​ការ​ទុក​ចិត្ត លោក​ក៏​បាន​ស្នើចៅ​ក្រម​ដាក់​លក្ខ​ខណ្ឌ​កំណត់​លើ​លិខិត​ឆ្លង​ដែន​របស់​លោក ដោយ​ហាម​ប្រាម​មិន​ឱ្យ​រូប​លោក​ចាក​ចេញ​ពី​កម្ពុជា​ក្រោម​ទៅ​ក្រៅ​ប្រទេស។ លោក យាង សុធា​រិន្ទ ​ប្រាប់​ចៅ​ក្រម​បន្ថែម​ថា ​លោក​មិន​បាន​ចាក​ចេញ​ទៅ​ទឹក​ដី​កំណើត​ជាង​ ៥ ​ឆ្នាំ​មក​ហើយ។

បុរសម្នាក់ដើរកាត់ខ្លោងទ្វារចូលរបស់តុលាការកំពូល នៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
បុរសម្នាក់ដើរកាត់ខ្លោងទ្វារចូលរបស់តុលាការកំពូល នៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រោយ​ពី​បញ្ចប់​សវនាការ លោក យាង សុធារិន្ទ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ក្រៅ​របង​តុលា​ការ​កំពូល​ថា៖ ​«ករណី​ខ្ញុំ​នេះ គឺ​ជា​រឿង​មួយ​អភ័ព្វ​មែន​ទែន​ ដែល​ថា​មិន​អាច​មានឱកាស​សូម្បី​ទៅ​ជួប​ឪពុក​ម្តាយ​ ពេល​ឪពុក​ម្តា​យ​ឈឺ​ ឥឡូវ​បង​ឈឺ​ធ្ងន់​មែន​ទែន ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ។ បើ​សិន​ជា​តុលាការ​គាត់​ពិចារណា​ទៅ​លើ​គោល​ការណ៍​មនុស្ស​ធម៌ ហើយ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​របស់​មេធាវី​របស់​ខ្ញុំ​ទាក់​ទង​ផ្លូវ​ច្បាប់​ ថា​ពួក​ខ្ញុំ​លែង​ជាប់​កាតព្វ​កិច្ច​ត្រួត​ពិនិត្យ​របស់​តុលាការ​ ហើយ​រយៈ​ពេល​ស៊ើប​អង្កេត​មក​ដល់​ពេល​នេះ​ ៥​ ឆ្នាំ​ដែល​អត់​មាន​ដំណើរ​ការ​ជា​លទ្ធ​ផល​អីសោះ​ហ្នឹង គឺផ្អែក​លើ​ហេតុផ​ល​ទាំង​ ៣​ ហ្នឹង​ ខ្ញុំ​គិត​ថា​ លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ស្នើ​សុំ​គួរ​តែ​បាន​ ដោយ​ឈរ​លោក​គោល​ការ​ណ៍​ហ្នឹង ​ដោយ​អត់​ផ្សា​ភ្ជាប់​ករណី​ពួក​ខ្ញុំ​ទៅ​រឿង​អីផ្សេង​ទៀត​ក្រៅ​ពី​បញ្ហាទាំង​អស់​ហ្នឹង»។

លោក ​សំ ចំរើន ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​យាង សុធារិន្ទ​ ​ឱ្យ​ដឹង​ថា ​មាន​មូល​ដ្ឋាន​ច្បាប់​គ្រប់​គ្រាន់​ក្នុ​ង​ការ​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​នេះ ទើប​លោក​និង​កូន​ក្តី​ប្តឹង​ទាស់​មក​កាន់តុលាការ​កំពូល​ឱ្យ​បដិ​សេធ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។

លោក​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា៖ «រហូត​មក​ដល់​ពេល​នេះ ផ្អែក​ទៅ​លើក​កត្តា​ពេល​វេលា និង​កត្តា​ច្បាប់​ គឺ​លោក យាង សុធារិន្ទ មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទទួល​យក Passport [លិខិត​ឆ្លង​ដែន]​ មក​ប្រើប្រាស់​វិញ»។

លោក រស់ សារ៉ាត់ អ្នក​សម្រប​សម្រួល​គម្រោង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្សកម្ពុ​ជា (CCHR) ដែលចូល​ស្តាប់អង្គសវនាការ បាន​លើក​ឡើង​ថា​ ការ​មិន​ផ្តល់​ភាព​ច្បាស់​លាស់​នៃ​រឿង​ក្តី ដែល​អូស​បន្លាយ​ពេល​តាំង​ពី ២០​១៧​ មក​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជំនុំ​ជម្រះ និងរាំង​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​លោក យាង សុធារិន្ទ​ ក្នុង​ការទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ក្រោម។ លោក​បន្ត​ថា បើ​សិន​ជា​តុលាការ​មិន​មាន​ភស្តុ​តាង​ក្នុង​ការ​ដាក់​បន្ទុក​ទេ គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ដល់​លោក យាង​ សុធារិន្ទ និ​ង​ត្រូវ​ផ្តល់​នូវ​លិខិត​ឆ្លង​ដែន​ដល់​រូប​លោក​វិញ។

លោក​ថ្លែង​ថា៖ «បើ​យើង​មើល​ពី​នីតិវីធី​តាំង​ពី​ដំបូង​ឡើយ ​គឺ​តុលាការ​ដំបូង​ គឺបាន​យក​រឿង​ហ្នឹង​ទៅ​ជំនុំ​ជម្រះ​ហើយ​ ប៉ុន្តែ​ដោយ​សារ​តែ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ ក៏​បង្វិល​សំណុំ​ឱ្យ​ធ្វើការ​ស៊ើប​អង្កេត​ឡើង​វិញ។ ហើយ​ខ្ញុំ​ថា​ បើ​សិន​ជា​តុលាការ​រក​មិន​ឃើញ​មាន​ភស្តុ​តាង ដើម្បី​ដាក់​ប​ន្ទុក​គាត់​ទេ គួរ​តែ​ផ្តល់​ភាព​យុត្តិធម៌​ដល់​គាត់ ដោយ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ទៅ​លើ​រូប​គាត់​ ដើម្បី​ឱ្យ​គាត់​រួច​ផុត​ពី​បទ​ចោទ​ទាំង​អស់​ហ្នឹង»។

បន្ទាប់​ពី​ លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​បាន​ស្តាប់​ពីមូល​ហេតុ​របស់​លោក យាង សុធារិន្ទ និង​ស្តាប់​អង្គ​ហេតុ និង​អង្គ​ច្បាប់​របស់​មេធាវី​ការពារ និង​តំណាង​អយ្យការ​រួច​មក លោក​បញ្ជាក់​ថា​ តុលាការ​នឹង​ពិចារណា​លើ​ការ​ស្នើ​សុំ​របស់​លោក ​យាង សុធារិន្ទ ហើយ​សេច​ក្តី​សម្រេច នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២២។

គួរ​បញ្ជាក់​ថា​ អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរី គឺ​លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​តុលាការ​ចោទ​ប្រកាន់​ថា ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខជាតិ។ ក្នុង​ការ​ចោទ​នោះ តុលាកា​រអះអាង​ថា​ ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា៕

XS
SM
MD
LG