ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​កាសែត​អាស៊ី​សេរី​បន្ត​ជំរុញ​ឲ្យ​តុលាការ​ប្រគល់​លិខិត​ឆ្លង​ដែន ​និង​ពន្លឿន​សំណុំ​រឿង​របស់​លោក


រូបឯកសារ៖ លោក យាង សុធារិន្ទ ថ្លែងជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​
រូបឯកសារ៖ លោក យាង សុធារិន្ទ ថ្លែងជាមួយ​អ្នកកាសែត​នៅក្រៅ​របង​តុលាការ​កំពូល​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​​

អតីត​អ្នក​កាសែត​អាស៊ី​សេរី កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បន្ត​ជំរុញ​ឱ្យ​តុលាការ​រាជធានី​ភ្នំពេញ​បញ្ចប់​សំណុំ​រឿង​របស់​ពួក​គេ ​ខណៈ​សេរី​ភាព​របស់​ពួក​គេ​ត្រូវ​បាន​រឹត​បន្តឹង ​ដោយ​សារ​តុលាការ​បដិសេធ​មិន​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​ពួក​គេ។​

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មេសា ​ឆ្នាំ​២០២២ ​ លោក ​យាង សុធារិន្ទ ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ លោក​ ពេជ្រ វិជ្ជាធរ ​បដិសេធ​មិន​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​រូប​លោក ​តាម​ការ​ស្នើ​សុំ​របស់​លោក ​ដែល​ត្រូវ​ការ​លិខិត​ឆ្លង​ដែន ​ដើម្បី​ទៅ​ចូល​រួម​មហា​សន្និបាត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​សហ​រដ្ឋ​អាមេរិក។ លោក​ប្រាប់​វីអូអេ​ថា​ តុលាការ​មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​មិន​ផ្តល់​លិខិត​ឆ្លង​ដែន​ដល់​រូប​លោក​ទេ។​

លោក​ប្រាប់​វីអូអេ​ថា​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ​ពាក់​ព័ន្ធ​ជា​មួយ​រឿង​កម្ពុជា​ក្រោម​សុទ្ធ​សាធ​ មិន​ទាក់​ទង​នឹង​រឿង​នយោបាយ​អ្វី​ឡើយ។​

អតីត​អ្នក​កាសែត​អាស៊ី​សេរី​រូប​នោះ​បង្ហាញ​«ការ​ខក​ចិត្ត​និង​សោក​ស្តាយ​យ៉ាង​ខ្លាំង»​ចំពោះ​ការ​សម្រេច​របស់​តុលាការ ​ដែល​លោក​ថា ​នៅ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​លោក។​

លោក​ថ្លែង​ថា៖ ​«រឿង​ហ្នឹង​ គឺ​រឿង​កម្ពុជា​ក្រោម​សុទ្ធ​សាធ​ ហើយ​ដល់​ពេល​គាត់​អត់​ឱ្យ​លិខិត​ឆ្លង​ដែន​ អ៊ីចឹង​ ខ្ញុំ​មាន​អារម្មណ៍​ថា​សោក​ស្តាយ​ ហើយ​មាន​អារម្មណ៍​គិត​ថា​ ដូច​ជា​គាត់​នៅ​តែ​រើស​អើង​រូប​ខ្ញុំ​ ហើយ​នៅ​តែ​រឹត​ត្បិត​សេរី​ភាព​ខ្ញុំ​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ហើយ​រឹត​ត្បិត​សេរី​ភាព​ខ្ញុំ​នៅក្នុង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម​សម្រាប់​សង្គម​ខ្មែរ​កម្ពុជា​ក្រោម​របស់​ខ្ញុំ​ហ្នឹង»។​

អតីត​អ្នក​កាសែត​អាស៊ី​សេរី​រូប​នេះ​បាន​រៀប​រាប់​ពី​ការ​លំបាក​របស់​លោក​មិន​មាន​លិខិត​ឆ្លង​ដែន​ ដូច​ជា​លោក​មិន​បាន​ជួប​ឪពុក​ម្តាយ​របស់​លោក​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ ហើយ​បាត់​បង់​ឱកាស​ជា​ច្រើន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស។​

លោក ​សំ ចំរើន ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​យាង សុធារិន្ទ​ ​ឱ្យ​ដឹង​ថា​ តុលាការ​មិន​គួរ​បន្ត​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​កូន​ក្តី​លោក​ឡើយ។​

លោក​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក ​ដើម្បី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​បដិសេធ​មិន​ផ្តល់​លិខិត​ឆ្លង​ដែន​នេះ។ លោក​មេធាវី​បន្ត​ថា​ កន្លង​ទៅ​ លោក​ក៏​ធ្លាប់​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​នេះ ​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «យើង​ដាក់​បណ្តឹង​ឧទ្ទរណ៍​...​យើង​ដាក់​បណ្តឹង​ឧទ្ទរណ៍​ ហើយ​ថ្ងៃ​មុន​យើង​ក៏​បាន​ជំរុញ​ដែរ​ ...​ជំរុញ​ឱ្យ​មាន​ចំណាត់​ការ​បន្ត​ដែរ។​ យើង​ក៏​ស្នើ​សុំ​ឱ្យ​មាន​ចំណាត់​ការ​បន្ត​ដែរ​ បាទ! ​កន្លង​មក​ហ្នឹង»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល ​និង​លោក​ អ៊ី រិន្ទ ​អ្នក​បាន​នៅ​ឡើយ​ទេ។​

លោក ​យាង សុធារិន្ទ ​បាន​លើក​ឡើង​ថា​ចាប់​តាំង​ពី​តុលាការ​ចេញ​សាលក្រម​ចាត់​របៀប​ ហើយ​តុលាការ​កំពូល​ចាត់​ទុក​សាល​ក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០​មក​ រឿង​ក្តី​ក្តាំ​របស់​លោក​មិន​មាន​ការ​វិវឌ្ឍ​អ្វី​ឡើយ​ ពោល​គឺ​មិន​មាន​ការ​បើក​សវនាការ​កាត់​ទោស​ថា​ លោក​មាន​ទោស ​ឬ​យ៉ាង​ណា។​

លោក​បន្ថែម​ថា៖​ «និយាយ​ជា​រួម​ វា​អត់​មាន​អី​ជា​វិវឌ្ឍ​ទៅ​មុខ​អី​ទាំង​អស់។​ វា​នៅ​ថ្កល់​អ៊ីចឹង​ ហើយ​ទម្លាក់​បទ​ចោទ​ ក៏​អត់​ទម្លាក់​ ចាត់​ការ​លើ​នីតិវិធី​បើក​សវនាការ​ឡើង​វិញ​ ក៏​អត់​ឃើញ។ ​ ការ​ស៊ើប​អង្កេត​ក៏​នៅ​ដដែល។ ​អ៊ីចឹង​វា​អត់​មាន​អី​ប្រែប្រួល​ គឺ​ថា ​រក្សា​ពួក​ខ្ញុំ​ទុក​នៅ​អ៊ីចឹង​ដដែល»។​

លោក​ទទូច​ឱ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​របស់​លោក​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ ប្រសិន​បើ​តុលាការ​មិន​មាន​ភស្តុតាង​ណា​មួយ​ដាក់​បន្ទុក​លើ​រូប​លោក។​

គួរ​បញ្ជាក់​ថា​ អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក ​យាង សុធារិន្ទ ​និង​លោក​ អ៊ួន ឈិន ​ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ក្រោយ​មក​ តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ​គឺ​ពី​បទ​«ផ្តល់​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»​ និង​បទ​«ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។​

បច្ចុប្បន្ន​ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​១០​ខែ៕

XS
SM
MD
LG