មន្ត្រីសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទ បាននិយាយថា ពួកជនសកម្មប្រយុទរដ្ឋអ៊ីស្លាមបានបើករថក្រោះមួយគ្រឿងមានផ្ទុកពេញដោយគ្រឿងផ្ទុះសម្រុកចូលទៅក្នុងមូលដ្ឋានប៉ូលិសអ៊ីរ៉ាក់មួយបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣៧នាក់ស្លាប់និងបានធ្វើឱ្យរបួសមនុស្សរាប់សិបនាក់ផ្សេងទៀត។
ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះនៅជិតក្រុង Samarra នៅទិសពាយ័ព្យក្រុងBaghdad និងនៅខាងជើងក្រុង Ramadi ដែលកាន់កាប់ដោយពួករដ្ឋ អ៊ីស្លាមបានយកកងកម្លាំងសន្តិសុខជាទីដៅនៃការវាយប្រហារហើយបានបណ្តាលឱ្យមានការផ្ទុះលើកទីពីរនៅក្នុងឃ្លាំងគ្រាប់រំសេវមួយនៅក្នុងមូលដ្ឋាននោះ។
ក្រុមយោធានិងកងយោធាប្រតិព័ទ្ធបានប្រើប្រាស់តំបន់នោះជាចំណុចបើកធ្វើកិច្ចប្រតិបត្តិការប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម។
កាលពីយប់មិញ ក្រុមចម្រុះដឹកនាំដោយស.រ.អា.បានបន្តយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅរបស់ពួករដ្ឋអ៊ីស្លាម ដោយបានធ្វើការវាយប្រហារតាមអាកាស១៣លើកក្នុងប្រទេសស៊ីរីដោយផ្តោតការយកចិត្តទុកដាក់លើតំបន់ Hasakah និងលើទីដៅ១០ផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់៕