ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានអ.ស.ប​បាន​ថ្កោលទោស​ចំពោះ​ការ​​វាយ​ប្រហារ​​គ្រាប់​បែក​​អត្តឃាត​​នៅ​អាហ្វហ្គានីស្ថាន


បុរសអាហ្វហ្គានីស្ថានយំនៅក្បែរសពរបស់ បងប្រុស របស់លោក បន្ទាប់ពីមានការវាយប្រហារអត្តឃាតមួយ នៅក្រុង Jalalabad នា​ថ្ងៃ​ទី18 ខែមេសា ឆ្នាំ 2015។

អ.ស.ប.បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស Afghanistan ដោយ​ហៅ​ការ​វាយប្រហារនេះថា​ ជា «អំពើព្រៃផ្សៃ»។

សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ដោយ​អ្នកនាំ​ពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. បាន គីមូន​ បានអំពាវ​នាវ​ឲ្យ​យក​ពួក​ជន​ទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ​ទៅ​ឲ្យ​តុលាការ​កាត់ទោស​ ហើយ​បាន​សុំ​ដល់​ប្រជារាស្ត្រអាហ្វហ្គានីស្ថាន​ ឲ្យ​ច្រានចោល​ភេរវកម្ម និង​ភាព​ជ្រុលនិយម​ប្រកប​ដោយ​ហិង្សា។

កាលពីថ្ងៃសៅរ៍​ដែរ​ លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ Ashraf Ghani បាន​និយាយ​ថា​ ពួក​រដ្ឋ​អ៊ីស្លាម​បានអះអាង​ទាមទារ​ការ​ទទួលខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុងក្រុង​ Jalalabad ដែល​បាន​បណ្តាល​ឲ្យ​មនុស្សយ៉ាង​តិចណាស់៣៥​នាក់​ស្លាប់​ និង​ធ្វើឱ្យ​មនុស្សជាង​១០០នាក់ទៀត​ត្រូវរបួស។​

នៅ​ក្នុង​សេចក្តី​ប្រកាសរបស់​លោក លោក Ghani បានហៅ​ឧប្បត្តិហេតុនេះថា​ជា​ ការ​គួរ​ឲ្យ​រន្ធត់។

កាលពី​ពេល​មុន​នោះ​ពួក​តាលីបង់​បានបដិសេធ​ការ​ទទួល​ខុសត្រូវដល់​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ដោយ​បាន​ហៅ​ការ​វាយ​ប្រហារនោះ​ថា​ជា «សកម្មភាព​អាក្រក់​គ្មាន​សីលធម៌» មួយ។​

អ្នកធ្វើការ​វាយ​ប្រហារនោះ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​ដែល​នៅទី​នោះ​ក្រុម​បុគ្គលិក​រដ្ឋាភិបាល​បានប្រមូលផ្តុំ​គ្នា​ដើម្បី​បើក​ប្រាក់​បៀវត្សរ៍​ពួក​គេ៕

XS
SM
MD
LG