ក្រុមបាតុករស៊ូដង់ បានធ្វើបាតុកម្មរហូតដល់យប់ថ្ងៃចន្ទ បន្ទាប់ពីយោធាបានដណ្តើមអំណាចដែលទំនងជារដ្ឋប្រហារ។ កងកម្លាំងសន្តិសុខ បានបាញ់ប្រហារលើបាតុករកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់បាតុករយ៉ាងតិចបួននាក់។ នេះ បើតាមគណៈកម្មាធិការវេជ្ជបណ្ឌិតស៊ូដង់។ គណៈកម្មាធិការនេះ បាននិយាយថា មនុស្សយ៉ាងតិច៨០ នាក់បានរងរបួស។
មេបញ្ជាការយោធាប្រទេសស៊ូដង់លោកឧត្តមសេនីយ៍ Abdel-Fattah Burhan បានប្រកាសអាសន្នទូទាំងប្រទេសកាលពីថ្ងៃចន្ទ ហើយបានប្រកាសបញ្ចប់ក្រុមប្រឹក្សាស៊ីវិល-យោធារួមគ្នា ដែលគ្រប់គ្រងប្រទេសរយៈពេលពីរឆ្នាំកន្លងមកនេះ។
ឧត្តមសេនីយ៍រូបនេះ បានថ្លែងសុន្ទរកថាតាមទូរទស្សន៍បន្ទាប់ពីយោធាបានចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Abdalla Hamdok និងមន្ត្រីដទៃទៀតនៃក្រុមប្រឹក្សាអធិបតេយ្យ។ លោក Burhan បាននិយាយថា លោកបានរំលាយក្រុមប្រឹក្សា និងរដ្ឋាភិបាល ដោយសារតែ«ជម្លោះនយោបាយដែលគំរាមកំហែងដល់សន្តិសុខប្រទេស» ហើយបានប្រកាសថា «រដ្ឋាភិបាលថ្មីនៃអ្នកបច្ចេកទេស នឹងត្រូវបានបង្កើតក្នុងពេលឆាប់ៗនេះ»។
អ្នកកាសែតលោក Michael Atit ដែលស្ថិតនៅក្នុងរដ្ឋធានីប្រទេសស៊ូដង់ បានប្រាប់ កម្មវិធី South Sudan in Focus របស់ VOA ថា បាតុកររាប់ពាន់នាក់នៅពាសពេញដងផ្លូវនៃរដ្ឋធានីខាទុំ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការចាប់ខ្លួនលោក Hamdok។ លោក Atit បានរាយការណ៍ថា លោកបានឮសំឡេងកាំភ្លើង និងឃើញសំបកកង់រថយន្តឆេះនៅតាមផ្លូវ។
លោក Atit បាននិយាយថា ទូរគមនាគមន៍ភាគច្រើននៅរដ្ឋធានីខាទុំបានបិទ រួមទាំងអ៊ីនធឺណិត និងស្ថានីយវិទ្យុផងដែរ។ មានតែស្ថានីយទូរទស្សន៍រដ្ឋមួយប៉ុណ្ណោះដំណើរការដោយចាក់ផ្សាយតន្ត្រីស្នេហាជាតិ។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Volker Perthes បាននិយាយថា យោធា «បានកាន់កាប់ទីក្រុងខាទុំ បិទច្រកចូល និងស្ពាន ព្រមទាំងបិទព្រលានយន្តហោះ ព្រមទាំងបានគ្រប់គ្រងទូរទស្សន៍រដ្ឋផងដែរ»។
លោក Volker Perthes បាននិយាយតាមអ៊ីនធឺណិតពីរដ្ឋធានីខាទុំប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា នៅពេលយប់នៅទីក្រុងនេះ ពីកន្លែងរបស់លោកដែលមានរបាំងការពារលោកអាចមើលឃើញភ្លើងឆេះ ហើយឮសំឡេងកាំភ្លើងម្តងម្កាល។ លោកបាននិយាយថា ស្ថានភាពនេះ «មិនទាន់ស្ងប់ទេ»។
ព្រឹត្ដិការណ៍នេះ គឺជាការកែប្រែយ៉ាងខ្លាំងពីអ្វីដែលមនុស្សជាច្រើនរំពឹងទុកថា នឹងមានការផ្លាស់ប្តូរឆ្ពោះទៅរករដ្ឋាភិបាលប្រជាធិបតេយ្យដែលដឹកនាំដោយជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់ ដែលអតីតប្រធានាធិបតី Omar al-Bashir បានគ្រប់គ្រងដោយកណ្តាប់ដៃដែករយៈពេល ៣០ ឆ្នាំដែលបានបញ្ចប់ដោយយោធាបណ្តេញលោកចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៩។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សហភាពអាហ្រ្វិក និងសម្ព័ន្ធអារ៉ាប់នៅក្នុងចំណោមក្រុមដែលបានបង្ហាញការព្រួយបារម្ភ និងការសោកស្ដាយកាលពីថ្ងៃចន្ទចំពោះព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ូដង់ ហើយបានអំពាវនាវឱ្យប្រទេសនេះ បន្តមាគា៌គ្រប់គ្រងដោយជនស៊ីវិល។
សេតវិមានបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍នេះ ខណៈក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងផ្អាកជំនួយហិរញ្ញវត្ថុចំនួន៧០០លានដុល្លារដល់ប្រទេសនេះ។
ស្ថានទូតអាមេរិកនៅរដ្ឋធានីខាទុំបានឱ្យប្រជាជនអាមេរិកនៅក្នុងទីក្រុងនេះជ្រកកោននៅតាមកន្លែងរៀងៗខ្លួន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីស្ថានភាពនេះ៕
អ្នកស្រី Margaret Besheer អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេនៅអ.ស.ប. លោក Michael Atit អ្នកយកព័ត៌មានកម្មវិធី South Sudan in Focus របស់វីអូអេភាសាអង់គ្លេសផ្សាយទៅទ្វីបអាហ្វ្រិក និងអ្នកស្រី Salem Solomon រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះទៀត ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Agence-France Presse។