ខុទ្ទកាល័យស៊ីវិលប្រទេសស៊ូដង់បានសម្រេចចិត្តបញ្ជូនលោកអតីតប្រធានាធិបតី Omar al-Bashirនិងអតីតមន្រ្តីផ្សេងទៀតទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីប្រឈមនឹងការចោទប្រកាន់ជាច្រើនពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។នេះបើតាមសេចក្តីថ្លែងការណ៍ដែល VOA ទទួលបានពីទីភ្នាក់ងារព័ត៌មានស៊ូដង់។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសស៊ូដង់អ្នកស្រី Mariam Sadiq al-Mahdiបានប្តេជ្ញាដូច្នេះប្រាប់ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិគឺលោក Karim Khan ក្នុងអំឡុងពេលអ្នកស្រីជួបជាមួយលោកនៅរដ្ឋធានីខាទុំកាលពីថ្ងៃអង្គារ។
អ្នកស្រី Mahdi ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ខុទ្ទកាល័យបានសម្រេចចិត្តប្រគល់មន្រ្តីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិចង់បាន»។
អង្គការព័ត៌មានជាច្រើនរួមទាំង AFP និង CNN បានរាយការណ៍ថាការប្រគល់នេះមិនទាន់ត្រូវបានកំណត់ពេលវេលាទេ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាលោក Khan នៃតុលាការព្រហ្មទណ្ឌអន្តរជាតិបានពិភាក្សាជាមួយមន្រ្តីស៊ូដង់ស្តីពីការពន្លឿនចំណាត់នេះដោយសារតែអំពើឃោរឃៅដែលបានប្រព្រឹត្តនៅតំបន់ Darfur នៅដើមទសវត្សរ៍២០០០។ នេះបើតាមប្រភពមន្ត្រីជាន់ខ្ពស់ពីរនាក់របស់រដ្ឋាភិបាលស៊ូដង់។
លោកអតីតប្រធានាធិបតី Bashir ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៣០ឆ្នាំរហូតដល់គាត់ត្រូវបានទម្លាក់ពីតំណែងនៅឆ្នាំ២០១៩នោះនៅក្នុងចំណោមអ្នកដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ស្វែងរក៕
(Nabeel Biajo នៃ VOA និងទីភ្នាក់ងារសារព័ត៌មាន Reuters រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)