កិច្ចប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំមួយរបស់កម្មវិធីសិក្សាការនិយមជ្រុលនៃសាកលវិទ្យាល័យ George Washington បានសម្គាល់មុខអ្នកដំណើរ៦៤នាក់ ដែលចូលប្រយុទ្ធក្នុងសមរភូមិដើម្បីគាំទ្រពួករដ្ឋឥស្លាម ពួក al-Qaida និងក្រុមនិយមជ្រុលផ្សេងទៀតក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ក្នុងចំណោមអ្នកទាំងនោះ មានតែ១២នាក់ប៉ុណ្ណោះដែលគេដឹងថាបានវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ នេះបើយោងតាមការសិក្សាស្រាវជ្រាវនោះ។ ក្នុងចំណោមអ្នកទាំង១២នោះ ៩នាក់ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាក់ទងជាមួយអំពើភេរវកម្ម។
ហើយគ្មាននណារម្នាក់បានធ្វើការវាយប្រហារដោយជោគជ័យក្នុងសហរដ្ឋអាមេរិកទេ នេះបើតាមការរកឃើញរបស់ការសិក្សានេះ។
«ការភ័យខ្លាចថាអ្នកដែលវិលត្រឡប់មកវិញអាចធ្វើការវាយប្រហារភេរវកម្មនោះ មានកម្រិតតិចតួចណាស់» នេះបើតាមការសន្មត់របស់ក្រុមអ្នកធ្វើការស្រាវជ្រាវនេះ។
«បច្ចុប្បន្ននេះពុំមានភស្តុតាងជាសាធារណៈណាមួយដែលបង្ហាញថាពួកអ្នកដែលធ្វើដំណើរចេញពីអាមេរិក បានចូលមកអាមេរិកវិញ ដោយគ្មានការដឹងឮពីសំណាក់អាជ្ញាធរទេ»។ ការសិក្សានេះបន្តទៀតថា «ពួកនិយមជ្រុលក្នុងស្រុក បច្ចុប្បន្នហាក់ដូចជាមានគោលបំណងធ្វើការវាយប្រហារភេរវកម្មក្នុងស្រុក ច្រើនជាងពួកអ្នកដែលវិលត្រឡប់មកពីបរទេសវិញ»។
បើប្រៀបធៀបជាមួយបណ្តាប្រទេសអឺរ៉ុប ពួកអ្នកធ្វើដំណើរទៅស៊ីរីនិងអ៊ីរ៉ាក់តែងតែមានគ្រោះថ្នាក់ដល់ប្រទេសអាមេរិកតិចជាង មួយផ្នែកគឺដោយសារអាមេរិកស្ថិតនៅឆ្ងាយជាង ហើយពិបាកជិះយន្តហោះទៅដល់។
ក្រុមមន្ត្រីស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក កាក់ស្មានថា ក្នុងចំណោមអ្នកប្រយុទ្ធបរទេសជាង៤ម៉ឺននាក់ដែលបានធ្វើដំណើរទៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់នោះ អ្នកដែលមកពីបស្ចិមប្រទេសមានតែរវាង៥ទៅ៦ពាន់នាក់តែប៉ុណ្ណោះ។
គេមិនអាចដឹងថាតើអ្នកដែលបានចេញពីសហរដ្ឋអាមេរិក មានចំនួនប៉ុន្មាននាក់ពិតប្រាកដនោះទេ។ ក្រុមមន្ត្រីនិយាយថា អ្នកដែលបានចេញ ឬ ព្យាយាមចេញពីសហរដ្ឋអាមេរិក ដើម្បីទៅចូលរួមជាមួយពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី មានចំនួនតែពីរវាង ២៥០ ទៅ ៣០០ នាក់តែប៉ុណ្ណោះ។ ហើយមិនមែនថាអ្នកទាំងអស់នោះ បានសម្រេចដូចគោលបំណងរបស់ពួកគេទេ។
ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា មនុស្សប្រមាណ៥០នាក់ ឬ មួយភាគបីនៃអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានជាប់ចោទក្នុងបទឧក្រិដ្ឋកម្មពាក់ព័ន្ធជាមួយរដ្ឋឥស្លាមនោះ ត្រូវបានចាប់ខ្លួនមុនពេលដែលពួកគេអាចចាកចេញពីសហរដ្ឋអាមេរិក។
ក្នុងចំណោមអ្នកដំណើរ៦៤នាក់ នៅក្នុងការសិក្សាស្រាវជ្រាវ ដែលបានចេញពីអាមេរិករួចនោះ ២២នាក់ត្រូវគេជឿថាបានស្លាប់នៅក្នុងប្រទេសស៊ីរី ឬ អ៊ីរ៉ាក់។ ចំណែក២៨នាក់ទៀត គេមិនដឹងថានៅទីណាទេ។
ក៏ប៉ុន្តែមានករណីតែមួយគត់នៅក្នុងការសិក្សាស្រាវជ្រាវនោះ ដែលបង្ហាញថាមានមនុស្សម្នាក់ដែលត្រឡប់មកវិញ ហើយបានព្យាយាមធ្វើការវាយប្រហារក្នុងសហរដ្ឋអាមេរិក។
បុរសនោះឈ្មោះ Abdirahman Sheik Mohamudជាអ្នកចូលសញ្ជាតអាមេរិកមកពីប្រទេសសូម៉ាលី។ បុរសនោះបានចាកចេញពីផ្ទះរបស់ខ្លួននៅរដ្ឋ Ohio ដើម្បីទៅចូលដៃជាមួយ សាខា Jabhat al-Nusra របស់ពួកal-Qaida កាលពីខែមេសាឆ្នាំ២០១៤។
ឈ្មោះ Mohamud នេះបានទទួលការហ្វឹកហាត់ធ្វើគ្រឿងផ្ទុះ និងការវាយប្រយុទ្ធដោយដៃ ហើយបន្ទាប់មកត្រូវគេបញ្ជូនទៅប្រទេសអាមេរិកវិញ កាលពីខែមិថុនាដើម្បីធ្វើការវាយប្រហារភេរវកម្ម។
ប៉ុន្តែកាលពីខែកុម្ភៈឆ្នាំ២០១៥ Mohamud ត្រូវអាជ្ញាធរចាប់ខ្លួន នៅពេលដែលទើបចាប់ផ្តើមរៀបចំផែនការ។ នៅទីបំផុតបុរសនោះបានទទួលស្គាល់ថាខ្លួនមានទោស ហើយបន្ទាប់មកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ។
ក្រៅពីឈ្មោះ Mohamud មានអ្នកធ្វើដំណើរទៅបរទេសតែម្នាក់ទៀតប៉ុណ្ណោះ ដែលបានព្យាយាមធ្វើការវាយប្រហារភេរវកម្ម ដោយការដាក់គ្រាប់បែកអត្តឃាត ប៉ុន្តែការនេះបានកើតឡើងនៅពេលដែលគាត់វិលត្រឡប់ទៅប្រទេសស៊ីរីវិញ បន្ទាប់ពីបានរត់គេចខ្លួនពីសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ធដែលសិក្សាពីករណីនេះនិយាយថា ទិន្នន័យបង្ហាញពីការភ័យខ្លាចកាលពីពេលមុនដោយពួកមន្រ្តីសហរដ្ឋអាមេរិកពី«ក្រុមភេរវជនមកពីក្រៅនោះ» ហាក់ដូចជាជ្រុលពេក។
ពួកមន្រ្តីប្រឆាំងភេរវកម្មបានទទួលស្គាល់ថា ក្នុងរយៈពេល៣-៤ខែកន្លងមកនេះថា ទោះបីពួកគេនិយាយថា ចំនួនមិនច្រើនក៏ដោយក៏ជាមូលហេតុធ្វើឲ្យមានការព្រួយបារម្ភដែរ។
មន្រ្តីប្រឆាំងភេរវកម្មសហរដ្ឋអាមេរិកម្នាក់បានប្រាប់ VOA កាលពីខែធ្នូកន្លងមកនេះថា «គុណភាពរបស់ពួកអ្នកប្រយុទ្ធបន្ទាប់ពីបទពិសោធន៍នៅលើសមរភូមិក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីជាអ្វីដែលយើងកំពុងយកចិត្តទុកដាក់យ៉ាងដិតដល់បំផុត»។
មន្រ្តីផ្សេងទៀតបានពណ៌នាពួកអ្នកប្រយុទ្ធថាជាអ្នកមានជំនាញច្រើន មានសមត្ថភាពប្រកបដោយប្រសិទ្ធិភាព។ ហើយជាពិសេសពួកមន្រ្តីទាំងនោះមានការព្រួយកង្វល់អំពីក្រុមភេរវកម្មរដ្ឋឥស្លាមដែលបានបង្ហាញជំនាញពិសេសក្នុងការទាក់ទង ទោះបីក្រុម Caliphate នោះបានដួលរលំក៏ដោយ។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ George Washington រកឃើញថា មានហេតុផលមួយចំនួនដែលនាំឲ្យមានការព្រួយកង្វល់។
ខណៈដែល Mohamudត្រូវបានតុលាការកាត់ទោសឲ្យគុកជាង២ទសវត្សរ៍ លោក Seamus Hughes សហអ្នកនិពន្ធ និយាយថា ការកាត់ទោសឲ្យជាប់គុកជាមធ្យមរយៈពេល១០ឆ្នាំសម្រាប់អ្នកដែលបានធ្វើដំណើរចូលរួមក្នុងការប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីគឺមានរយៈពេលតិចជាងការជាប់គុករយៈពេលមធ្យមចំពោះជនជាតិអាមេរិកាំងដែលនឹងក្លាយពួកជីហាដនៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានចាប់ខ្លួននៅឯចំណតយន្តហោះ។
មួយផ្នែកនៃបញ្ហានេះអាចបណ្តាលឲ្យមានការពិបាកនៅក្នុងការសម្រេចរឿងក្តីព្រហ្មទណ្ឌដែលផ្អែកលើសកម្មភាពភេរវកម្មដែលបានកើតឡើងនៅបរទេសនោះ។
លោក Hughes បាននិយាយទៀតថា កត្តាមួយផ្សេងទៀតគឺពួកអ្នកវិលត្រឡប់មកវិញអាចចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឬព័ត៌មានផ្សេងទៀតជាមួយពួកអ្នកស៊ើបអង្កេតនិងពួកមន្រ្តីប្រឆាំងភេរវកម្មនៅក្នុងការដោះដូរទទួលបានការកាត់ទោសស្រាល។
ក៏ប៉ុន្តែ ដូចជាករណីអ្នកដែលនឹងក្លាយជាពួកជីហាដ ពួកអ្នកធ្វើដំណើរទាំងនោះនៅទីបញ្ចប់នឹងចេញពីគុក។ ហើយលោក Hughes និងអ្នកវិភាគផ្សេងទៀតមានការព្រួយកង្វល់ពីការខ្វះកម្មវិធីជួយឲ្យពួកគេឈប់់មានជំនឿនិយមជ្រុលដែលអាចធ្វើឲ្យមានបញ្ហានៅពេលអនាគត។
ការសិក្សានោះព្រមានថា «ប្រសិនបើ ទុកបញ្ហានោះដោយមិនដោះស្រាយ ពួកអ្នកវិលត្រឡប់មកវិញ អាចបង្កើនបណ្តាញជីហាដនៅក្នុងសហរដ្ឋអាមេរិក ផ្តល់ឲ្យមនុស្សផ្សេងទៀតនូវការយល់ដឹងអំពីរបៀបនៃការធ្វើដំណើរហើយនឹងធ្វើការវាយប្រហារ ហើយនឹងក្លាយជាអ្នកដើរជ្រើសរើសពួកធ្វើសង្គ្រាមសាសនានៅថ្ងៃអនាគត៕
ប្រែសម្រួលដោយជឹង ប៉ូជីន