ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទំនាក់​ទំនង​រវាង​លោក​ហ៊ុន សែន​និង​វៀតណាម​ចុះថយ​ពេល​ចិននិង​កម្ពុជា​ស្អិត​រមួត

  • សុខ ខេមរា

រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។

ក្រុមអ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា ទំនាក់​ទំនង​ដែល រង្គោះ​រង្គើ​រវាង​វៀតណាម​និង​លោក​ហ៊ុន សែន​បាន​កើតឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន បាន​ផ្ទុះ​ឡើង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

ឥទ្ធិពល​នយោបាយ​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស កម្ពុជា​កាន់តែ​ចាក់គ្រឹះ​មាំ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ ការណ៍​នេះ ហាក់​ដូចជា​រឿង​ល្អ​សំរាប់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ត្រូវការ​មហា​អំណាច​ជា​ខ្នង​បង្អែក​ក៏ពិត​មែន ក៏ប៉ុន្តែ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្លាប់​ត្រូវ បាន​លើក​បណ្តុប​ដោយ​វៀតណាម​ ហើយ​សន្យា​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ម៉ឺនឆ្នាំ​នោះ ក៏​នឹង​ប្រឈមមុខ​នឹង​គំនាប​សេដ្ឋកិច្ច​និង​នយោបាយ​ពី​ប្រទេស​វៀតណាម​ផងដែរ។

ក្រុមអ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា ទំនាក់​ទំនង​ដែល រង្គោះ​រង្គើ​រវាង​វៀតណាម​និង​លោក​ហ៊ុន សែន​បាន​កើតឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន បាន​ផ្ទុះ​ឡើង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ​ហ៊ុន សែន បាន​បញ្ជូន​កំណត់​ទូត​២០ ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​តវ៉ា​ផង​ ហើយ​នឹងការ សង្កេត​ឃើញ​ប្រទេស​កម្ពុជា បាន​គាំទ្រ​នយោបាយ​ចិន​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង​ប្រឆាំង​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួមទាំង​វៀតណាម​ដែល​កំពុង​ទាមទារ​កម្មសិទ្ធ​ផងនោះ ក៏​ជា​រឿង​មិន​សប្បាយ​ចិត្តផង​ដែរ មុន​រឿងរ៉ាវ​នេះ​ត្រូវ​បាន​ដោះស្រាយ ដោយ​ធូរ​ស្រាល​មកវិញ​ក្នុងកិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​ឡាវ​កាល​ពីពាក់​កណ្តាល​ឆ្នាំ​នេះ។

រូបឯកសារ៖ លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)
រូបឯកសារ៖ លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)

លោក Sebastian Strangio ជា​អ្នកកាសែត​ម្នាក់​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ Hun Sen’s Cambodia ​ឬ ​កម្ពុជា​ជា​របស់​ហ៊ុន សែន បាន​ទទួល​ស្គាល់​ពី​ការពឹង​អាង​ទៅ​លើ​ចិន​របស់​លោក ហ៊ុន សែន ដែល​ថែម​ទាំង​អាច​ឲ្យ​លោក​តវ៉ា​ជាមួយ​វៀតណាម ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​ផងដែរ។

«ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​លោក​ ហ៊ុន សែន​ជាមួយ​វៀតណាម​គឺ​ជា​រឿង​ងាយ​នឹង ខូច​ខាត​ណាស់​ដែល​លោក​ចាំបាច់​ត្រូវ​ប្រឈម​ក្នុង​អាជីព​នយោបាយ​របស់​លោក។ ហើយ​ខ្ញុំ​គិត​ថា​ពេល​នេះ ដោយ​មាន​ខ្នង​បង្អែក​ចិន​ដ៏​រឹងមាំ លោក ហ៊ុន សែន​អាច​រិះគន់ វៀតណាម ជា​ចំហ​ដែល​លោក​ស្ទាក់ស្ទើ​មិន​អាច​ធ្វើ​បាន​ទេ​កាល​ពី១០ ទៅ​១៥ឆ្នាំ មុន‍»។

ប្រទេស​វៀតណាម​ត្រូវ​គេ​ដឹង​ថា បាន​សង់​ប៉ុស្តិ៍​យោធា​ជួរ​មុខ កសាង​ផ្លូវ​ថ្នល់ និង​ ជីក​ស្រះ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ជាប់​នឹង​ព្រំដែន​កម្ពុជា ដែល​កម្ពុជា​បាន​តវ៉ា​ថា បាន​ចូល​មក​ក្នុង​ដី​របស់​ខ្លួន​និង​តំបន់​ហាមឃាត់។ រឿង​រ៉ាវ​នេះ បាន​កើត​ឡើង​ដំណាល​គ្នា​ដែល គេ​ដឹង​ថា កម្ពុជា​បាន​បញ្ចេញ​ជំហរ​ដូចជា​ជំហរ​ចិន​ចំពោះ​ជម្លោះ​ដណ្តើម​កម្មសិទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង ដែល​ការសម្រេច​ដូច្នោះ ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នឹង​កម្ពុជា រួមទាំង​វៀតណាម​ដែល​ជា​ភាគី​ដណ្តើម​កម្មសិទ្ធិ​ពី​ចិន​ផងដែរ ក្នុង​ចំណោម ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន។

បើ​តាម​ការអះអាង​របស់​លោក Sebastian Strangio បាន​បញ្ជាក់​បន្ថែម​ថា៖

«ជា​ការពិត​ប្រទេស​វៀតណាម​ទេ ដែល​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ទំនង​ជា​ខ្លាច​ហើយ មិន​ទុក​ចិត្ត។​ ហើយ​បន្ថែម​ពី​លើ​រឿង​នេះ​មាន​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​មាន​ខ្សែ​ស្រឡាយ ចិន​ ដូច​អ្នក​ដឹង​ហើយ​ពួកគេ​មាន​ប្រទេស​មួយ​ដែល​ភាគច្រើន​គេ​មិន​បារម្ភ​អំពី​ការកើន ឡើង​នៃ​ឥទ្ធិពល​ចិន​ តែ​មិន​ទុកចិត្ត​វៀតណាម​ទៅ​វិញ‍»។

ប្រទេស​វៀតណាម​បាន​ចូល​ឈ្លានពាន​កម្ពុជា​កាលពី​ឆ្នាំ១៩៧៩ ​ដើម្បី​បណ្តេញ​ក្រុម ខ្មែរ​ក្រហម​ ហើយ​លើក​បណ្តុប​រដ្ឋាភិបាល​កម្ពុជា​មួយ​ចេញ​ពី​ក្រុម​ខ្មែរក្រហម​មួយ​ផ្នែក ដែល​វៀតណាម​គាំទ្រ។​ ទំនាក់​ទំនង​ដ៏​ខ្លាំង​រវាង​ប្រទេស​ទាំងពីរ​ក្រោយ​មក​ហាក់​ដូច ជា​ចុះ​ខ្សោយ​បន្តិច​ម្តងៗ​នៅ​ពេល​កម្ពុជា​បាន​បង្កើន​ទំនាក់​ទំនង​ដល់​កម្រិត​ខ្ពស់​ជា មួយ​នឹងចិន​ ទាំង​នយោបាយ​ និង​សេដ្ឋកិច្ច។

ប្រទេស​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ជាងគេ​ផង និង​ជា​ប្រទេស​បាន​ដាក់​វិនិយោគ​ទុន ធំ​ជាង​គេ​ផង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីន មាន​កិច្ចព្រមព្រៀង​ទ្វេភាគី​ចំនួន​៣១​ត្រូវ​ចុះ​ហត្ថលេខា។ ភ្លាមៗ​នោះ​លោក ស៊ី បាន​សន្យា​ថា​នឹង​បង្កើន​វិនិយោគ​ទុន​ពី​ប្រទេស​ចិន​មក​កម្ពុជា​ពី​ចំនួន​ជាង​៣ពាន់​លាន​ឲ្យ​ដល់​៥ពាន់​លាន​ក្នុង​១ឆ្នាំ។ ការវិនិយោគ​ចិន​មាន​លើ​ផ្នែក ថាមពល រ៉ែ ដី​សម្បទាន វាយណភណ្ឌ​ជាដើម។ ហើយ​បើ​តាម​មន្ត្រី​នៃ​ក្រុម ប្រឹក្សា​អភិវឌ្ឃន៍​កម្ពុជា​និង​មន្ត្រី​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ នាំចូល​នឹង​ត្រូវ បង្កើន​ពី​ចំនួន​ជាង​៤ពាន់​លាន ដល់​៥ពាន់​លាន​នៅ​ឆ្នាំ​ខាង​មុខ ក្នុង​ពេល​ដែល​ការ វិនិយោគ វៀតណាម​ធ្លាក់​ចុះ​សឹង​ដល់​កម្រិត​សូន្យ​កាលពី​ឆ្នាំ​២០១៥ ដែល​គ្មាន​ការ បញ្ជាក់​ថានេះ​ជាសម្ពាធ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ទេ ក្នុង​ពេល​ដែល​អាស៊ាន​មាន ទីផ្សារ​រួម​គឺ​កើត​ចេញ​ពី​សមាគម​សេដ្ឋកិច្ច​រួមនោះ។ ការ​នាំចេញ​នាំចូល​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវ​មន្ត្រី​កម្ពុជា​បញ្ជាក់​ដែរ​ថា​មាន​រហូត​ដល់​ទៅ​ជាង​៣ពាន់​ដុល្លារ​គឺ​កម្ពុជា​នាំ​ចេញ​ជាង​៩០០លាន ​និង​វៀតណាម​នាំចូល​ជាង​២ពាន់​លាន។

លោក ​មាស នី​ អ្នក​វិភាគ​និងជា​អ្នកស្រាវជ្រាវ​បាន​ថ្លែងថា​ទំនាក់​ដែល​កាន់​តែស្អិត​រមួត រវាង​ចិន​និង​កម្ពុជា​ហាក់​ដូចជា​មិន​ធ្វើ​ឲ្យ​វៀតណាម​សប្បាយ​ចិត្ត​ទេ ហើយ​បញ្ហា​ព្រំដែន នឹង​នៅតែ​ជារឿង​រសើប​សម្រាប់​ប្រទេស​កម្ពុជា​និង​វៀតណាម។

«ខ្ញុំ​គិត​ថា​បើសិន​ជាទំនាក់​ទំនង​រវាង​ចិន​ហើយ​នឹង​កម្ពុជា​នេះ​ វា​ជា​ទំនាក់​ទំនង​មួយ​ពិត ដើម្បី​ដើរ​ចេញ​ពី​វៀតណាម​មែន​នោះ​ ខ្ញុំ​គិត​ថា​វៀតណាម​នឹង​យក​បញ្ហា​ព្រំដែន​មក ធ្វើជា​គំនាប​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ចំណែក​ណា​មួយ​នៅ​ក្នុង​ពេល អនាគត។ នេះ​បើសិន​វៀតណាមនៅ​ប្រើ​ឥទ្ធិពល​មក​លើ​ដៃគូ របស់​ខ្លួន​គឺ​រដ្ឋាភិបាល កម្ពុជា​នៅ​ពេល​ខាងមុខ‍»។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង ​Peter Maguire ​ជាអ្នក​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង ថា​ Facing ​Death in ​Cambodia ​ឬ ​«ប្រឈមមុខ​នឹងការ​ស្លាប់​នៅ​កម្ពុជា‍» ​បាន​មើល ឃើញ​ដែរ​ថា ប្រទេស​ចិន​នឹង​ក្លាយជា​ដៃគូ​កាន់តែ​រឹងម៉ាំ​ជាមួយ​នឹង​កម្ពុជា ​នៅ​ពេល ស.រ.អា​ខកខាន​គោល​នយោបាយ​របស់​ខ្លួន​ងាក​បែរ​មក​តំបន់​អាស៊ី។

«ទោះ​ជា​ល្អ​ឬ​អាក្រក់​ប្រទេស​ចិន​ជានិច្ច​ជា​កាល​ចិន​នៅ​តែ​បន្តជា​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា។ ជំនួយ​ដែល​ចិន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ។​ គោល​នយោបាយ​ងាក​បែរ​ទៅ​កាន់​តំបន់​អាស៊ី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​បរាជ័យ​នោះ​ហើយ​ ដែល​បង្កើន​អនុភាព ដល់​ជំហរ​និង​ការតាំង​ចិត្ត​របស់​ចិន។ នៅ​ពេល​ដែល​ស.រ.អា​មើល​ឥទ្ធិពល និង​អំណាច​របស់​ខ្លួន​ចុះ​ថយ ប្រទេស​ចិន​និង​រុស្ស៉ី​នឹង​បំពេញ​ចន្លោះ​ប្រហោង​នោះ ហើយ​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង‍»។

ដោយ​មិន​អើពើ​នឹង​ការរិះគន់​ពី​បស្ចឹម​ប្រទេស​រឿង​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ជំនួយ​ចិន​ទាំង​កម្ចី​និង​ជំនួយ​ឥតសំណង​រាប់លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ឆ្នាំ​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​បស្ចឹម​ប្រទេស និងលោក​ខាងលិច​ បានត្រឹម​តែឈរ​មើល​ដំណើរការ​វិវត្តន៍​របស់​កម្ពុជា​ ទោះជា​ពេញ ចិត្ត​និង​មិន​ពេញ​ចិត្តក្តី​ជាពិសេស​លើ​រឿង​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​យូរៗ​ម្តង​ថា លោក​នឹង​កាន់​អំណាច​ដល់​៩០ឆ្នាំ។ ទោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន ឈ្នះឆ្នោត​ក៏​ពិត​មែន​ក្តី​កាលពី​ឆ្នាំ២០១៣ តែ​បាន​ចុះ​ថយ​សម្លេង​ពី៩០ ​អាសនៈ​មក ត្រឹម​៦៨។​ ចំណែក​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៉ី ​និង ​លោក​កឹម សុខា ​ឡើង​សម្លេង​ដល់ទៅ ​៥៥ អាសនៈ​ក្នុង​ចំណោម​សរុប​១២៣​ក្នុងរដ្ឋ​សភា។ ការធ្លាក់​ចុះ សម្លេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​ត្រូវ​គេ​ដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការមិន​សប្បាយ​ចិត្តរបស់​ប្រជាពលរដ្ឋ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ការរិតត្បិត​សេរីភាព​បញ្ចេញ​មតិ​ អំពើ​ពុករលួយ​ បញ្ហា​រំលោភ​បំពាន​ដីធ្លី​ជាដើម។

លោក ​Sebastian Strangio​ និយាយថា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឈ្នះការ​បោះឆ្នោត ប្រសិន​បើ​ដំណើរការ​នេះធ្វើ​តាម​លំនាំ​ប្រជាធិបតេយ្យ​ ដែលគេ​ហៅថា​ការ​បោះឆ្នោត ដោយ​សេរី​និង​យុត្តិធម៌​ តែបរិបទ​នយោបាយ​កម្ពុជា​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មេដឹកនាំ​កំពូលៗ​ ដែល​កំពុង​គ្រប់គ្រង​អំណាច​ដូច្នេះ​ វាមិនមែន​ជារឿង ដែល​ងាយស្រួល​ក្នុងការ​យក​ឈ្នះ​ការបោះ​ឆ្នោត​ ហើយ​ក៏​រិតតែ​មិន​ងាយ​ស្រួល​ទៅ ទៀត​ក្នុងការ​ដែលថា គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​បោះបង់​ចោល អំណាច​ដោយ​សុទ្ធចិត្ត​នោះ។

«លោក​ ហ៊ុន សែន​មាន​បំណង​ធ្វើ​អ្វីៗ​ដើម្បី​រក្សា​អំណាច​របស់​លោក ​ហើយ​លោក ហ៊ុន សែន​មើលឃើញ​ការប្តូរ​រដ្ឋាភិបាល​ស្មើនឹង​ការបំបែក​ស្ថេរភាព​នយោបាយ​ និង​សណ្តាប់​ធ្នាប់​សង្គម។​ លោក​អ្នកដឹងទេ​ ខ្ញុំគិត​ថា​លោក ​ហ៊ុន សែន​មិន​ទំនង​ជា​បោះបង់​អំណាច​ដោយ​ងាយៗ​ទេ‍ នៅ​កម្ពុជា​នោះ»។

លោក ក៏​បាន​បន្ថែម​ថា៖

«លោក​អ្នក​ដឹង​ទេ​មាន​អ្នកមាន​ច្រើន​ណាស់ ​និង​មនុស្ស​មាន​ឥទ្ធិពល​ច្រើន​ណាស់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​ក្នុង​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន នេះ។​ ប្រសិន​បើ​ប្រព័ន្ធ​នេះ​បែកបាក់​ឬ​ដួល​រលំ​ ហើយ​លោក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាត់ ពី​អំណាច​ក្នុងការ​បោះឆ្នោត​ ហើយ​ធ្លាក់​ពី​អំណាច​នោះ​ គឺ​នឹង​មាន​មនុស្ស​ដែល​មាន ឥទ្ធិពល​ច្រើន​ណាស់​ដែល​នឹង​ត្រូវ​បាត់បង់​អ្វីៗ​គ្រប់យ៉ាង។ រឿង​ហេតុ ភ័យ​ខ្លាច​នេះ ហើយ ដែល​ខ្ញុំ​គិត​ថា ជាមូល​ហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ការរួបរួម​ គ្នា​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​ជា​ហេតុផល​ដែល​ស្ថានការណ៍​នយោបាយ​និង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​គ្មាន​លំនឹង​តាម​អ្វី​ដែល​គួរ​កើត​ឡើង​នោះ‍»។

លោក​ Sebastian Strangio ​បាន​និយាយ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដឹង​អំពី​ការ​ផ្លាស់ប្តូរ​ដែល​យុវជន​និងអ្នក​ជំនាន់​ក្រោយ ហើយ​នឹង​ពលរដ្ឋ​កម្ពុជា​ចង់​បាន​ការ​កែ​ទម្រង់​ហើយ។​ លោក​ហ៊ុន សែន​បានតម្លើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ មន្ត្រី​រាជការ ទាហាន​ ហើយនឹង​បង្ហាញ​ពី​គោល​នយោបាយ​ធ្វើ​កំណែ​ទម្រង់​ប្រទេស​របស់​លោក។លោក​ Sebastian ​Strangio ​ក៏បាន​បន្ថែមថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​សន្យា​ថា​នឹង​ផ្តល់​ដី​ដល់​គ្រួសារ​គ្មាន​ដី​ ហើយ​លោក​បាន​សន្យា​ថា​នឹងធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ ការ​ការពារ​បរិដ្ឋាន។​ តែរឿង​រ៉ាវ​ទាំងនេះ​ប្រសិន​បើ​លោក​ហ៊ុន សែន​ធ្វើ​បាន​ជោគជ័យ នោះ ​លោក​នឹង​ទទួល​បាន​ការគាំទ្រ​ដែល​បាត់បង់​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ ត្រឡប់​មក​វិញ​ ដែល​រឿង​នេះ​មាន​ន័យ​ថា​ លោក​ហ៊ុន សែន​ត្រូវធ្វើ​សកម្មភាព​កែទម្រង់​ប្រាកដ​ប្រជា​ភ្លាម​ឥឡូវ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG