ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ចិន​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ទស្សនកិច្ច​មក​កម្ពុជា​នៅ​សប្តាហ៍​នេះ


លោក​ Xi Jinping ​(ស៊ី ជិនពីង) ប្រធានាធិបតី​ចិន​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​ជា​លើក​ទី​ពីរ​ក្នុង​នាម​ជា​ប្រធានាធិបតី​ចិន​ លោក​ Xi​ ក្រៅ​ពី​ការ​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ លោក​ក៏​នឹង​ចូល​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ផងដែរ។​

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា​ លោក​ Xi Jinping ​(ស៊ី ជិនពីង) ប្រធានាធិបតី​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៤​ ខែ​តុលា។ ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​មេដឹកនាំ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។​

អ្នក​វិភាគ​និយាយ​ថា​ កម្ពុជា​កំពុង​ឈរ​ក្នុង​ទី​តាំង​ផុយ​ស្រួយ​មួយ​ ពាក់​ព័ន្ធ​នឹង​ទំនាក់ទំនង​អន្តរជាតិ​ ដោយ​សារ​កម្ពុជា​ពឹងផ្អែក​កាន់​តែ​ខ្លាំង​ទៅៗ​ លើ​ប្រទេស​ចិន​ ដែល​មិន​សូវ​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​ជា​លើក​ទី​ពីរ​ក្នុង​នាម​ជា​ប្រធានាធិបតី​ចិន​ លោក​ Xi​ ក្រៅ​ពី​ការ​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ លោក​ក៏​នឹង​ចូល​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ផងដែរ។​ បន្ទាប់​ពី​ជំនួប​នោះ​ ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ប្រកាស​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នា​ទី​ក្រុង​ភ្នំពេញ​ថា​ កិច្ច​ព្រមព្រៀង​ និង​ពិធីសារ​មិន​តិច​ជាង​២៨​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​ដំណើរ​របស់​លោក​ Xi ​មក​កាន់​កម្ពុជា។​

​ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ និង​កម្ចី​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​ច្រើន​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​ទឹក​ប្រាក់​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​២ទសវត្ស​ចុងក្រោយ​នេះ។​ ក្នុង​ឆ្នាំ២០១៦​នេះ​ ប្រទេស​កុម្មុយនិស្តមួយ​នេះ​ បាន​ផ្តល់​ជំនួយ​ដល់កម្ពុជា​ យ៉ាង​ហោច​ណាស់​៦០០​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើនបំផុត​ដល់​កម្ពុជា។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ។​ ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ប្រទេស​ចិន​ដែល​បាន​បង្កើន​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ស្ងៀមស្ងាត់​ ត្រូវ​គេ​ដឹង​ថា​ បា​ន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​តំបន់​អាហ្រ្វិក​ អាមេរិក​ឡាទីន​ និង​អាស៊ី។​ ​

នៅ​ក្នុងទីតាំង​ទាំង​អស់​នោះ​ ចិន​បាន​ទទួល​ផល​ចំណេញ​ខ្លាំង​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ ការ​ជីក​យក​រ៉ែ​ និង​ការ​ផ្តល់​កម្ចី​ដែល​ពុំ​ភា្ជប់​លក្ខខណ្ឌ​ច្រើន​ទាក់​ទិន​បញ្ហា​សិទ្ធិ​មនុស្ស។​ ​

លោក ​មាស​ នី​ អ្នក​សិក្សា​ការ​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ព្រះ​មហាក្សត្រ​ខ្មែរ​នឹង​ពុំ​មាន​ព្រះរាជសារ​នយោបាយ​អ្វី​ថ្មី​ ក្រៅតែ​ពី​មាន​បន្ទូល​កោតសរសើរ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​មហាមិត្ត​ចិន​ និង​សុំ​ការ​គាំទ្រ​ពី​មហាមិត្ត​នៅ​អាស៊ី​មួយ​នេះ​ ​ក្នុង​ជំនួប​របស់​ទ្រង់​និងលោក​ប្រធានាធិបតី​ Xi​ Jinping។

អ្នកវិភាគ​នយោបាយ​រូប​នេះ​ បាន​លើក​ឡើង​ថា​ កម្ពុជា​កំពុង​តែ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន​ បើ​ធៀប​ទៅ​នឹង​មហា​អំណាច​ដទៃ​ទៀត​នៅ​បស្ចិមប្រទេស។​ លោក​និយាយ​ថា​ បើ​ធៀប​នឹង​ទំនាក់ទំនង​ការ​បរទេស​នៃ​ប្រទេស​ក្បែរ​ខាង​ កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ពី​វិបត្តិ​សាកល​ ​បើ​សិន​ជា​ប្រទេស​ដ៏​ក្រីក្រ​នេះ​ មិន​ទាន់​អាច​កសាង​បាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​ ហើយ​បន្ត​ពឹង​ផ្អែក​លើ​ខ្នង​ចិន​ ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ប្រទេស​ក្រីក្រ​នានា។

លោក ​មាស​ នី ពន្យល់​ថា៖​

«ប្រទេស​យើង​នេះ​ វា​ហាក់​ដូច​ជា​ អ្វីៗ​ទាំង​អស់​ឥឡូវ​នេះ​ វា​ដូច​ជា​ផ្អែក​ទៅ​លើ​ចិន​កាន់​តែ​ច្រើន​ឡើង​ ច្រើន​ឡើង​ ដូច​ជា​ វិស័យ​ជំនួយ​ ប្រាក់​កម្ចី​ ទេសចរណ៍​ វិនិយោគ​ទុន​បាទ​ ទាំង​អស់ហ្នឹង​គឺ​នៅ​ពេល​ដែល​ប្រ​ទេស​មួយ​ ដែល​ពឹង​ផ្អែក​ទៅ​លើ​មហាអំណាច​តែមួយ​ ឬក៏​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​នៃការ​ពឹង​ផ្អែកតែ​មួយ​ហ្នឹង​គឺ​ ប្រទេស​យើង​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ងាយ​រងគ្រោះ​ បើ​សិន​ជា​មាន​បញ្ហា​វិបតិ្ត​សេដ្ឋកិច្ច​អ្វី​ក្នុង​ពិភពលោក​ ចម្លង​គ្នា​ពិសេស​នៅ​ក្នុង​ប្រទេស​មហា​អំណាច​ ដែល​យើង​ពឹង​ផ្អែក​ទៅ​លើ​ហ្នឹង​បើ​សិន​ជា​មាន​បញ្ហា​អី​គឺ​យើង​ត្រូវ​តែ​ទទួល​រង​នូវ​ឥទ្ធិពល​ពី​គេ​មុន​គេ​ទៀត​ ដោយ​សារ​ប្រទេស​យើង​ក្រ»។

​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ គាំ​ទ្រ​ប្រទេស​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​មាន​ការ​លើក​ឡើង​ថា កម្ពុជា​រារាំង​មិន​ឱ្យ​មាន​ជំហរ​តែ​មួយ​លើ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​បញ្ហា​ជម្លោះ​នេះ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រទេស​ចិន។​ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ ដោយ​សារ​វា​ជា​ជម្លោះ​ទ្វេភាគី​ គឺ​មិនមែន​រវាង​ចិន​ជាមួយ​នឹង​អាស៊ាន​នោះ​ទេ។

​លោក​ មាស​ នី​ អ្នកវិភាគ​នយោបាយ​ ថ្លែង​ថា​ កម្ពុជា​នឹង​មិន​អាច​គេច​ចេញ​ពី​ការ​ដាក់​គំនាប​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ ប្រសិន​បើ​ប្រទេស​នេះ នៅ​តែ​បន្ត​ពឹង​ផ្អែក​លើ​ចិន​ តែ​ប្រកាស​ថា​ ខ្លួន​ជា​រដ្ឋ​មាន​អធិបតេយ្យភាព​ពេញ​លេញ​នោះ។​

«នៅ​ពេល​ដែល​អ្វីៗ​យើង​ពឹង​ទៅ​លើ​ប្រទេស​គេ​តែ​មួយ​ ទោះ​បី​យើង​ប្រកែក​ថា ​យើង​មិន​បាន​ទទួល​រង​ឥទ្ធិពល​ ប៉ុន្តែ​គេ​អាច​មាន​គំនាប​អី​មក​ប្រទេស​យើង​ គឺ​យើង​អត់​មាន​អី​សម្រាប់​តវ៉ា​ទេ​ ហើយ​ត្រង់​ហ្នឹង​ដែល​ធ្វើ​ឲ្យ​យើង​អាច​នឹង​បាត់​នូវ​ឯករាជ្យភាព​ដោយសារ​តែ​យើង​ប្រើ​ប្រាស់​លុយ​របស់​គេ​ច្រើន​ពេក​ អញ្ចឹង​ការ​និយាយ​ស្តី​ទាំង​ឡាយ​ គឺ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បាទ ​នេះ​ជា​គ្រោះ​ថ្នាក់​ មិន​មែន​សម្រាប់​ប្រទេស​យើង​ទេ​ សម្រាប់​ប្រទេស​ដទៃ​ទៀត​ដូច​យើង​ហ្នឹង​ក៏​អាច​ប្រឈម​នឹង​ស្ថានភាព​ដូចគ្នា​បាទ»។​

ក្រុម​អ្នក​វិភាគ​សង្គម​ ​មើល​ឃើញ​ផង​ដែរ​ថា​ ការ​ទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​ប្រទេសចិននេះអាច​នឹង​ទាញ​កម្ពុជា​ឱ្យ​ដើរ​កាន់​តែ​ឆ្ងាយ​ពី​គន្លង​នៃ​រដ្ឋធម្មនុញ្ញ​ខ្លួន​ឯង​ដែល​បាន​ចែង​ថា​ កម្ពុជា​ដើរ​តាម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស៕

XS
SM
MD
LG