ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ចាប់​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​៣០


លោក អ៊ាង សុផល្លែតបាន​ឱ្យ​ដឹង​ថា ភាគី​ចិន​បាន​យល់ព្រម​ជួយ​កម្ពុជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​ ​ជួសជុល​ប្រាង្គ​ប្រាសាទ​របស់​កម្ពុជា​ លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​កសាង​រថភ្លើង​ល្បឿន​លឿន និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង (Xi Jinping) បាន​ចាប់​ផ្ដើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី ​ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​និង​ពិធីសារ​ចំនួន​៣១​ជាមួយ​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ថ្ងៃ​ដំបូង​នារសៀល​ថ្ងៃ​ព្រហស្បតិ៍​ លោក ស៊ី ជីនពីង បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​ ហើយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ក៏បាន​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​ពិធីសារ​ផ្សេងៗ។

ក្រោយ​ជំនួប​និង​ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​រយៈ​ពេល​ជាង​២​ម៉ោង ជំនួយការ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ គឺ​លោក អ៊ាង សុផល្លែត បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​ពិធី​សារ​ចំនួន​៣១ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា​ កិច្ច​ព្រមព្រៀង​ទាំង​នោះ​គ្របដណ្ដប់​លើ​វិស័យ​អ្វី​ខ្លះ និង​ក្នុង​ទំហំ​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

យ៉ាង​នេះ​ក្ដី លោក​បាន​ឱ្យ​ដឹង​ថា ភាគី​ចិន​បាន​យល់ព្រម​ជួយ​កម្ពុជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​ ​ជួសជុល​ប្រាង្គ​ប្រាសាទ​របស់​កម្ពុជា​ លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​កសាង​រថភ្លើង​ល្បឿន​លឿន និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប។

លោក អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ដូចនេះ​ថា៖

«ចំពោះ​កិច្ចសន្យា ការ​ចុះ​ហត្ថលេខា និង​ផ្លាស់​ប្ដូរ​ពិធីសារ​ទាំង​៣១​នេះ ខ្ញុំ​បាទ​អត់​ដឹង​ទេ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ ប៉ុន្តែ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​ចំនួន​នៃ​ការ​ចុះ​កិច្ច​សន្យា​ដែល​មាន​ទំហំ​ធំ​បាទ»។

លោក អ៊ាង សុផល្លែត បាន​ឱ្យ​ដឹង​ដែរ​ថា ភាគី​ចិន​បាន​យល់​ព្រម​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​កាល​ពី​ឆ្នាំ​២០១៥ ចំនួន​៦០០​លាន​យ៉ន់ (៨៩​លាន​ដុល្លារ) និង​ផ្ដល់​ជា​ជំនួយ​ឥត​សំណង​ដល់​វិស័យ​យោធា​កម្ពុជា​ចំនួន​១០០​លាន​យ៉ន់​ (ជិត​១៥​លាន​ដុល្លារ) ផង​ដែរ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​លោក ស៊ី ជីនពីង មក​កាន់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធានាធិបតី​ចិន។ ក្នុង​ថ្ងៃ​ដំបូង​នេះ លោក​បាន​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ នរោត្ដម សីហមុនី និង​ព្រះមាតា​ នរោត្ដម មុនីនាថ​ នៅ​ឯ​ព្រះបរមរាជវាំង។ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក ស៊ី ជីនពីង និង​លោក ហ៊ុន សែន ក៏​បាន​ចូល​រួម​ពិធី​ជប់លៀង​សាយភោជន​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ឯ​ព្រះបរមរាជវាំង​ផង​ដែរ។

បើ​តាម​ជំនួយការ​នាយករដ្ឋមន្ត្រី​គឺ​លោក អ៊ាង សុផល្លែត ភាគី​កម្ពុជា​ និង​ចិន​ បាន​ស្នើ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី ហើយភាគី​ចិន​បាន​សន្យា​បន្ត​ជួយ​កម្ពុជា​ទៅ​លើ​គ្រប់​វិស័យ។

ជំនួយ​ការ​នាយករដ្ឋមន្ត្រី​រូប​នេះ​មាន​ប្រសាសន៍​ថា៖

«ឯកឧត្ដម​ស៊ី​បាន​មាន​ប្រសាសន៍​ថា កម្ពុជា សម្ដេច ជា​មិត្ត​ដែក​របស់​ចិន។ ចិន​នឹង​ជួយ​កម្ពុជា​កសាង​ នឹង​ជួយ​កម្ពុជា។ ការ​កសាង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ ផ្លូវ​មួយ​គឺ​ដើម្បី​ជួយ​កសាង​សង្គមកិច្ច និង​សេដ្ឋកិច្ច​កម្ពុជា និង​ជួយ​ជំរុញ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឱ្យទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​បាន​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ​២០១៧​ និង​ជួយ​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ»។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​នេះ ​អ្នក​វិភាគ​ធ្លាប់​បាន​ព្រមាន​អំពី​ឥទ្ធិពល​ របស់​ប្រទេស​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​ មក​លើ​នយោបាយ​ក៏​ដូច​ជាទំនាកទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ក្នុងអាស៊ាន។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​បាន​ប្រាប់​ VOA កាល​ពី​កន្លង​ទៅថា ការ​កើន​ឡើង​នៃ​ចំណង​ទំនាក់ទំនង​ជាមួយ​ចិន​បាន​នាំ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​ ហើយ​ងាក​ទៅ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ចិន​ច្រើន​ជាង​ដែល​ជំនួយ​ទាំង​នោះ​មិន​មាន​កំណត់​លក្ខខណ្ឌ​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ។

អ្នក​វិភាគ​រូប​នេះ​ពន្យល់​ថា៖

«ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ភាគ​ច្រើន​នេះ​ គឺ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​នេះ​អត់​ឯករាជ្យ​ពី​ចិន​ទេ។ ហើយ​ពេល​ណា​ដែល​សេដ្ឋកិច្ច​អត់​ឯករាជ្យ នយោបាយ​ក៏​អត់​អាច​ឯករាជ្យ​បាន​ដែរ​ ហើយ​ខ្ញុំ​មើល​ទៅ ដោយសារ​អ៊ីចឹង​ហើយ រឿង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​អនាគត។ ១០​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​មើល​ទៅ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​កាន់​តែ​ប្រឈម​កាន់​តែ​ខ្លាំង​ជាង​មុន​បាទ»។

លោក ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​នឹង​ការ​រឹត​បន្តឹង​សន្តិសុខ​ជាខ្លាំង។ អ្នក​សារព័ត៌មាន​ចិន​ហាក់​មាន​អាទិភាព​ជាង​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ក្នុង​ការផ្ដិត​យក​រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។ ការ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​មិន​ពេញ​ចិត្ត និង​ការ​ខឹង​សម្បារ​ពី​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា។

តាម​គម្រោង លោក ស៊ី ជីនពីង នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទីព្រឹក​ដោយ​លោក​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បង់ក្លាដេស និង​ប្រទេស​ឥណ្ឌា៕

XS
SM
MD
LG