លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលមានផែនការទិញយន្តហោះចម្បាំងពីប្រទេសចិន តែថា ផែនការនេះ នឹងមិនអាចកើតមានឡើងឆាប់ៗនោះទេ ដោយរដ្ឋាភិបាលមិនទាន់មានលទ្ធភាពពង្រីកកម្លាំងទ័ពអាកាសបាននៅឡើយ។ លោកនិយាយថា ជំហ៊ានបន្ទាន់ ដែលរដ្ឋាភិបាលត្រូវធ្វើ ក្នុងកិច្ចការការពារជាតិនោះ គឺការធ្វើឲ្យមានប្រសិទ្ធិកាន់តែខ្លាំង នៃប្រព័ន្ធការពារសកម្មភាពវាយប្រហារពីដែនអាកាស។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ កើតមានឡើង បន្ទាប់ពីជំនួបលោក ជាមួយនឹងលោក Wang Hong Li មេបញ្ជាការមួយរូបនៃកងកម្លាំងការពារដែនទឹកចិន ដែលធ្វើឡើងនៅឯទីស្តីការក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ។
អ្នកវិភាគកិច្ចការអន្តរជាតិ ថ្លែងថា ការពង្រឹងវិស័យការពារជាតិ គឺជាតម្រូវការចាំបាច់របស់រដ្ឋអធិបតេយ្យនីមួយៗ ដើម្បីការពារខ្លួន។ ប៉ុន្តែ អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយខ្មែរ ថ្លែងថា វិស័យការពារជាតិអាចខ្លាំងទៅបាន ល្គឹកណាគ្រឹះសេដ្ឋកិច្ចរឹងម៉ាំ និងអ្នកនយោបាយពុំបង្កឲ្យមានទំនាស់ផ្ទៃក្នុងដែលនាំឲ្យកើតជាវិបត្តិ។
លោកទៀ បាញ់ ដែលទើបវិលត្រឡប់ពីការចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុងប៉េកាំង បានថ្លែងថា រដ្ឋាភិបាលមិនទាន់អាចបង្កើនកងកម្លាំងទ័ពអាកាសបាននោះទេ ដូច្នេះអ្វីដែលរដ្ឋាភិបាលអាចធ្វើបាន គឺការបង្កើនការការពារខ្លួន ពីការវាយប្រហារដោយយន្តហោះ។
«ជំហ៊ាននេះ គឺយើងបង្កើតជាការគិតគូពីរឿងការពារ ហៅថា ការពារយន្តហោះ បានន័យការពាររួចហើយ យើងការពារអាកាស ជាជាងយើងហៅថា ពង្រីកទ័ពអាកាស ហ្នឹងគឺថា ទ័ពអាកាសហ្នឹងគឺ ដូចជាវាៗក្រោយបន្តិចទៅចុះ»។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់បន្ថែមថា ការចុះពិធីសារនានាស្តីពីការផ្គត់ផ្គង់ជំនួយយោធាពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មយោធាកម្ពុជា បានធ្វើឡើងនៅក្នុងប្រទេសចិន។ តែលោកមិនបានបញ្ជាក់ពីប្រភេទនៃជំនួយយោធានោះទេ។ លោកអះអាងថា កម្ពុជា បានសម្រេចគម្រោងដាក់ឲ្យមានការដំឡើងប្រព័ន្ធការពារម៉ីស៊ីល តែគម្រោងនេះនៅមិនទាន់អនុវត្តន៍នៅឡើយផងដែរ ដោយត្រូវរងចាំមើលស្ថានការណ៍ជាក់ស្តែង។
ជំនួបរវាង នាយឧត្តមសេនីយ៍ទៀ បាញ់ និងលោក Wang Hong Li មេបញ្ជាការមួយរូបនៃកងកម្លាំងការពារដែនទឹកចិន ធ្វើឡើងនៅគ្រាមានការចូលសំចតកងនាវា របស់ចិន និងសហរដ្ឋអាមេរិកជាច្រើនគ្រឿងនៅក្នុងកំពង់ផែនានារបស់កម្ពុជា។
លោកទៀ បាញ់ ពន្យល់ថា ការចូលសំចតនោះ គឺធ្វើឡើងក្នុងគោលបំណង ទសន្សកិច្ច និងបង្ហាញការគោរពរាប់អាន និងស្វែងយល់គ្នារវាងកងទ័ព និងកងទ័ព។ លោកថាកម្ពុជាស្វាគមន៍ ការចូលសំចតនាវាទាំងអស់មិនថា មកពីចិន អាមេរិក ជប៉ុន អូស្ត្រាលី បារាំង ឬឥណ្ឌានោះទេ។
លោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ប្រាប់ VOA នាថ្ងៃអង្គារនេះថា ការពង្រឹង និងធ្វើឲ្យជឿនលឿនក្នុងវិស័យការពារជាតិ គឺជាផ្នែកសំខាន់មួយនៃកិច្ចការពារសន្តិសុខជាតិ។ លោកនិយាយថា ការធ្វើទំនើបកម្មក្នុងវិស័យយោធាអាចធ្វើទៅបាន ទោះជាប្រទេសមិនស្ថិតក្នុងការគំរាមកំហែងផ្នែកសន្តិសុខពីក្រៅប្រទេសក្តី ហើយថាប្រទេសកម្ពុជាក៏ត្រូវរក្សាការតាមដានលើកំណើននៃការចំណាយលើវិស័យយោធារបស់ប្រទេសក្នុងតំបន់ផងដែរ។
«ដូច្នេះ អានេះ មិនជារឿងអីចម្លែកប៉ុន្មានទេ ដែលថាកម្ពុជាពិចារណាក្នុងការទិញ យន្តហោះចម្បាំងឬមួយក៏គ្រឿងសព្វាវុធមួយចំនួនដើម្បីយកមកពង្រឹង និងធ្វើទំនើបកម្មវិស័យយោធា ហើយដែលគ្រឿងសម្ភារៈ ទាំងអស់ហ្នឹងមកពីប្រទេសចិន»។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្ររូបនេះ បន្តថា ប្រទេសកម្ពុជា មិនមែនជាប្រទេសតែមួយ ដែលមានបំណងទិញសម្ភារៈយោធាពីប្រទេសចិននោះទេ តែប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនដូចជា ថៃ និងឥណ្ឌូនេស៊ី ក៏បានពិចារណា ទិញសម្ភារៈយោធាពីប្រទេសចិនដែលតម្លៃអាចទាបជាងសម្ភារៈយោធាផលិតនៅបច្ចឹមប្រទេស។ លោកនិយាយថា ប្រទេសចិន ក៏បានធ្វើទំនើបកម្មសម្ភារៈយោធាក្នុងគុណភាពមួយ ដែលមិនចាញ់មហាអំណាចនានា ដែលនាំមុខក្នុងវិស័យកងទ័ពនោះដែរ។
ក្រៅពីការជួយឧបត្ថម្ភគាំទ្រវិស័យយោធាកម្ពុជា ប្រទេសចិនជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីមិនមានភ្ជាប់លក្ខខណ្ឌច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ក្នុងទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិកមកឲ្យប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping កាលពីសប្តាហ៍មុននៅកម្ពុជា រដ្ឋាភិបាលកម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារចំនួន៣១ ដោយឯកសារទាំងនោះគ្របដណ្ដប់លើវិស័យផ្សេងៗ រាប់ចាប់តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល វិស័យវិទ្យុនិងទូរទស្សន៍ ការផ្ដល់ប្រាក់ជំនួយនិងកម្ចីបន្ថែមជាង២៣០លានដុល្លារ ការបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ការលុបបំណុលជិត៩០លានដុល្លារ និងកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត។ ចិនក៏បានផ្តល់ការគំាទ្រផ្នែកយោធាក្នុងទឹកប្រាក់ ១៥លានដុល្លារ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និយាយថា ក្នុងកាលៈទេសៈ ដែលសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនីស្ត និងប្លុកសេរីកំពុងរើបឡើងវិញ ខណៈដែលជម្លោះប្រដាប់អាវុធនានាបានកើតឡើងនៅក្នុងប្រទេសជាច្រើន ការពង្រឹងវិស័យយោធាជាកិច្ចការមួយដែលកម្ពុជា មិនអាចខក ខានបាន សម្រាប់ការការពារប្រជារាស្ត្រខ្លួន។ យ៉ាងណាក៏ដោយ លោកប្រាប់ VOA បន្ថែមថា រដ្ឋាភិបាលត្រូវផ្តោតការពង្រឹងគ្រឹះសេដ្ឋកិច្ចប្រទេស ដែលលោកយល់ថា នៅទន់ខ្សោយ និងមិនទាន់ឯករាជ្យពីជំនួយបរទេស។
«យើងបានឃើញកន្លងមកហើយ នៅក្នុងការដែលយើងខំពង្រីកស្អីមួយ ប៉ុន្តែសេដ្ឋកិច្ចយើងអត់រឹងម៉ាំ ទីចុងបំផុតត្រូវខ្ចី។ តែមិនស្រួលហ្នឹង បានយន្តហោះហ្នឹងត្រូវខ្ចីលុយ មកទិញសាំងចាក់ទៀត អាហ្នឹងត្រូវរដ្ឋាភិបាលគួរគិត»។
អ្នកវិភាគលើកឡើងបន្ថែមថា គ្រាដែលកម្ពុជាព្យាយាមបង្កើនសមត្ថភាពយោធា តាមរយៈការធ្វើទំនើបកម្មដោយការបំពាក់សម្ភារៈយោធាថ្មីៗ កម្ពុជាក៏អាចជួបឧបសគ្គក្នុងការថែទាំសម្ភារៈទាំងនោះ ដោយសារការចំណាយក្នុងការថែទាំអាចមានតម្លៃថ្លៃជាងការទិញសម្ភារៈ។ ជាងនេះទៅទៀត កម្ពុជាក៏ត្រូវការពេលវេលាច្រើន ក្នុងបន្សាំកងទ័ពខ្លួន ឲ្យយល់ពីការប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងពេលដែលបច្ចេកវិទ្យាយោធាថ្មីៗ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕