ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​ស្រាវជ្រាវ​យល់​ខុស​គ្នា​ពី​ឥទ្ធិពល​នៃ​កាដូ​ដ៏​ច្រើន​របស់​ចិន


សិស្សានុសិស្ស​រាប់រយ​នាក់​​កាន់​រូបថត​ប្រធានា​ធិបតី​ចិន​ Xi Jinping​ និង​សម្ដេច​ព្រះ​​បរមនាថ​នរោត្តម​សីហមុនី ស្វាគមន៍​លោក​ក្នុង​​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជារបស់​លោក​ប្រធានាធិបតី​ចិន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ​។ ​( ឡេង ឡែន/VOA)
សិស្សានុសិស្ស​រាប់រយ​នាក់​​កាន់​រូបថត​ប្រធានា​ធិបតី​ចិន​ Xi Jinping​ និង​សម្ដេច​ព្រះ​​បរមនាថ​នរោត្តម​សីហមុនី ស្វាគមន៍​លោក​ក្នុង​​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជារបស់​លោក​ប្រធានាធិបតី​ចិន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ​។ ​( ឡេង ឡែន/VOA)

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​៣១​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ក៏​មាន​អនុស្សារណៈ​យោគយល់​គ្នា​ពី​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​ចំនួន​២​សែន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៧​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ទើប​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​សុក្រ ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) បាន​នាំ​មក​ជាមួយ​នូវ​កាដូ​មួយ​ចំនួន​ដល់​កម្ពុជា​ដូច​ជា​ជំនួយ​ និង​ការ​លុប​បំណុល ព្រមទាំង​ការ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ចំនួន​៣១។ មន្ត្រី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​យល់​ថា កិច្ចព្រមព្រៀង​ទាំង​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា តែ​អ្នក​តាមដាន​នយោបាយ​ព្រមាន​ពី​ផល​ប៉ះពាល់​លើ​នយោបាយ​កម្ពុជា​នា​ពេល​អនាគត។​

មន្ត្រី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​អះអាង​ថា កិច្ច​ព្រមព្រៀង​ និង​ពិធីសារ​ជាង​៣០ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ថា​ មាន​សារៈសំខាន់ និង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា។ ក៏​ប៉ុន្តែ​អ្នក​តាមដាន​ពី​ការ​អភិវឌ្ឍ​សង្គម​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់នា​ពេល​ខាង​មុខ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កម្ពុជា​និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង និង​ពិធីសារ​ចំនួន​៣១​ ដោយ​ឯកសារ​ទាំង​នោះ​គ្របដណ្ដប់​លើ​វិស័យ​ផ្សេងៗ ​រាប់​ចាប់​តាំង​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ សុខាភិបាល វិស័យ​វិទ្យុ​និង​ទូរទស្សន៍ ការ​ផ្ដល់​ប្រាក់​ជំនួយ​និង​កម្ចី​បន្ថែម​ជាង​២៣០​លាន​ដុល្លារ ការ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ ការ​លុប​បំណុល​ជិត​៩​០លាន​ដុល្លារ និង​កិច្ច​ព្រមព្រៀង​លើវិស័យ​មួយ​ចំនួន​ទៀត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​ថា កិច្ច​ព្រមព្រៀង​ទាំងអស់​នេះ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន ពិសេស​ពាក់ព័ន្ធ​នឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់។

អ្នក​នាំ​ពាក្យ​រូប​នេះមានប្រសាសន៍​ថា៖

«ភាគ​ច្រើន​ឈរ​ទៅ​លើ​ការ​កសាង​ផ្លូវ​ថ្នល់​ អាង​ទឹក ប្រឡាយ ស្ពាន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ដែល​ជា​តម្រូវការ​ឱ្យ​កម្ពុជា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បីប្រៀប​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​ក្នុង​តំបន់​របស់​យើង ដែល​យើង​បាន​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួច​ស្រេច​ទៅ​ហើយ»។

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​៣១​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ក៏​មាន​អនុស្សារណៈ​យោគយល់​គ្នា​ពី​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​ចំនួន​២​សែន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៧​ផង​ដែរ។

លោក សុខ ពុទ្ធិវុទ្ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រថា អង្ករ​កម្ពុជា​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ស្រាប់​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ជាមួយ​នឹង​ការ​បង្កើន​កូតា​ក្នុង​ការ​នាំ​អង្ករ​ចេញ​នេះ​នឹង​ធ្វើ​ឱ្យ​អង្ករ​កម្ពុជា​កាន់​តែ​មាន​ទីផ្សារ​ច្រើន​សម្រាប់​នាំ​ចេញ។

លោក សុខ ពុទ្ធិវុទ្ធ ឱ្យ​ដឹង​ទៀត​ថា ជា​គោលការណ៍ ប្រទេស​ចិន​បាន​យល់ព្រម​លើ​ការ​ស្នើ​សុំ​របស់​កម្ពុជា​ ឱ្យ​មាន​ការ​វិនិយោគ​លើ​គម្រោង​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ រោងចក្រ​កែច្នៃ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០០​លាន​ដុល្លារ ក៏​ប៉ុន្តែ​ដោយសារកង្វះ​ព័ត៌មាន​មួយ​ចំនួន​ទើប​អនុស្សារណៈ​យោគយល់​គ្នារវាង​ប្រទេស​ទាំង​ពីរ​នៅ​មិនទាន់​ត្រូវ​បាន​ចុះ​ហត្ថលេខា។ លោក​រំពឹង​ថា គម្រោង​នេះ​នឹង​ចេញ​ជារូបរាង​ក្នុង​ពេល​ឆាប់ៗ។

លោក​បន្ថែម​ ថា​ សហព័ន្ធ​ស្រូវ​អង្ករ​សង្ឃឹម​ថា​នឹង​អាច​សម្រេច​បាន​នូវ​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​បរាជ័យ​នា​ពេល​កន្លង​មក​ ក្នុង​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​ផង​ដែរ។

លោក ​សុខ ពុទ្ធិវុទ្ធ បញ្ជាក់​ប្រាប់ VOA ថា៖

«យើង​នឹង​ព្យាយាម​ដើម្បីជំរុញ​ឱ្យ​ការ​នាំ​ចេញ​ហ្នឹង​ឱ្យ​បាន​ដូច​ដែល​រដ្ឋាភិបាល​លោក​បាន​ប្រកាស​ គ្រាន់​តែសុំ​ពេល​វេលា​បន្ថែម។ ហើយ​ការងារ​ដែល​សហព័ន្ធ​កំពុងធ្វើ​ជាមួយ​នឹង​ស្ថាប័ន​ជាមួយ​ក្រសួង​និង​សមាជិក​ទាំង​អស់​ហ្នឹង​គឺ​ក្នុង​គោលការណ៍ ដើម្បី​ជំរុញ​គោលការណ៍​ឱ្យ​ដល់​១​លាន​តោន​ពិត​ប្រាកដ។ ខ្ញុំ​ជឿ​ថា​ ​យើង​អាចមាន​សក្ដានុពល​រុញ​លើស​ហ្នឹង​ទៀត ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ផែនការ​ឫសគល់​ឱ្យ​បាន​ច្បាស់​លាស់​ពី​ឥឡូវ​ទៅ»។

យ៉ាង​ណា​ក៏​ដោយ​ លោក មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បាន​ប្រាប់ VOAថា លោក​ទទួល​ស្គាល់​ថា​ ជំនួយ​និង​កម្ចី​បាន​ពី​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​វិស័យ​ថាមពលឱ្យ​កាន់​តែ​ប្រសើរ។ យ៉ាង​នេះ​ក្ដី លោក​ថា ​ប្រាក់​ជំនួយ​និង​កម្ចី​ទាំង​នោះ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យត្រឹមត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​អាច​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​ពិត​ប្រាកដ​ និង​ធានា​ថា​មិន​មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បញ្ជាក់​ថា៖

«បើ​សិន​ជា​ការ​រីកចម្រើន​ហ្នឹង​វា​មិន​បាន​ជួយ​ទៅដល់​សេដ្ឋកិច្ច​ជាតិ សម្រាប់​យក​មក​បង្កើន​ថវិកា​ជាតិ ឱ្យ​យើង​អាច​រស់​បាន​ដោយ​ខ្លួន​ឯង​ទេ យើង​នៅ​តែ​បន្ត​ខ្ចី​គេ​ត​ទៀត ហើយ​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង​ គឺយើង​បាន​ត្រឹមតែ ​ខ្មែរ​យើង​ហៅ​ថា​គ្រាន់​តែ​មក​ដោះដូរៗ ដូច​ជា​ផ្លូវ​ចឹង មិន​ទាន់​ហើយ​ទេ ធ្វើ​មុខ​ខូច​ខាង​ក្រោយ​ ហើយ​ខ្មែរ​យើង​មិន​ហ៊ាន​សួរ​គេ​ទេ ដោយ​សារ​អី ដោយសារ​តែ​នឹក​ឃើញ​ថា​ លុយ​ហ្នឹង​ជា​លុយ​គេ​ជួយ​ឬ​ក៏​ជា​លុយ​មហាមិត្ត​ចិន»។

លោក ​មាស ​នី ​បន្ថែម​ទៀត​ថា ស្រប​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​កាន់​តែ​ស្អិត​រមួត​នោះ​ កម្ពុជា​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ងាក​ទៅ​រក​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់។

លោក​ មាស ​នី ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«មែនទែន​ទៅ ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ទទួល​ឥទ្ធិពល​កាន់តែ​ច្រើន​ទៅៗ​ពី​ចិន​ហ្នឹង​គឺ​បាន​ធ្វើ​ឱ្យ​ប្រទេស​ខ្មែរ​យើង​ហ្នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ចម្លែក​មួយ​នៅ​ក្នុង​អាស៊ាន​ ពិសេស​នៅ​ក្នុង​[បញ្ហា]សមុទ្រ​ចិន​ខាង​ត្បូង​នោះ យើង​ឃើញ​ថា​ ប្រទេស​ខ្មែរ​យើង​បាន​ចេញមុខ​តែ​ម្ដង​ដើម្បី​ការពារ​ចិន​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ បាទ​នេះ​ជា​កត្តា​មួយ​ដែល​ប៉ះពាល់​ដល់​ផ្នែក​នយោបាយ»។

សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ នា​ល្ងាច​ថ្ងៃ​សុក្រ​នេះពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping ដោយ​ភាគី​ទាំង​ពីរ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ជោគជ័យ​មួយ​ក្នុង​ការ​ពង្រឹង​ចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ។ តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ដោយ​ចាត់​ទុក​បញ្ហា​សមុទ្រ​ចិន​ខាង​មិន​មែន​ជា​បញ្ហា​រវាង​ចិន និង​អាស៊ាន​នោះ​ទេ ដោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ជម្លោះ​នេះ​ដោះស្រាយ​តាមរយៈ​ការ​ចរចា​ដោយ​សន្តិភាព។ លើស​ពី​នេះ ប្រទេស​ចិន​ក៏​សរសើរ​ថា ​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ប្រទេស​ចិន​ជាមួយ​អាស៊ាន​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​ខាង​កើត​ផង​ដែរ៕

XS
SM
MD
LG