ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​បដិសេធ​សំណើ​សុំ​ការលើកលែងទោស​គ្រាដែល​បក្ស​ប្រឆាំង​រក​ដំណោះស្រាយ​ក្រៅពី​បាតុកម្ម


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី ​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ការ​មិន​ផ្តល់​ការ​លើក​លែង​ទោស​ គឺ​ជា​ការ​ពង្រឹង​នីតិរដ្ឋ​​ ដែល​នឹង​​ជួយ​ឲ្យ​​ប្រទេស​ជាតិ​មាន​របៀប​រៀបរយ​ ​ស្ថិរភាព​ និង​សន្តិសុខ​ ជា​ពិសេស​ជួយ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​របស់​កម្ពុជា​ មាន​កិច្ច​ដំណើរការ​ទៅ​មុខ​ប្រកប​ដោយ​ចិរភាព។​ ​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​និយាយថា​ បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​ដើម្បី​បំបែក​ជម្លោះ​នយោបាយ​ តែ​ថា​ រហូត​មកដល់​ពេល​នេះ​ ការ​ធ្វើ​បាតុកម្ម​មិន​មែន​ជា​អាទិភាព​នោះ​ទេ​ ព្រោះ​គណបក្ស​ប្រឆាំង​យល់​ថា​ នៅ​មាន​ច្រក​ជា​ច្រើន​ទៀត​សម្រាប់​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។​ ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​ទៅ​នឹង​ជំហរ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នេះ កើត​មាន​ឡើង​ ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ច្រាន​ចោល​ការ​សុំ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បដិសេធ​មិន​ផ្តល់​ការ​លើក​លែង​ទោស​ ទៅ​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​ក្រុម​មន្ត្រី​ ព្រម​ទាំង​សកម្មជន​នៃ​គណបក្ស​ដែល​មាន​កៅអី​លំដាប់​ទីពីរ​នៅ​សភា​ជាតិ​នេះ ក្រោម​ហេតុផល​ថា​ អំណាច​ប្រតិបត្តិ​របស់​លោក​ មិន​អាច​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​បាន​ទេ។​

​ការ​បដិសេធ​មិន​ផ្តល់​ការ​លើក​លែង​ទោសរបស់​លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កើត​មាន​ឡើង បន្ទាប់​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ផ្ញើ​ព្រះ​រាជសារ​ ចុះ​ថ្ងៃ​ទី​១១​ ខែ​តុលា ទៅ​កាន់​លោក​ ហ៊ុន​ សែន​ បញ្ជាក់​ពី​ការស្នើ​របស់​លោក​ សម រង្ស៊ី​ ប្រធាន​ និង​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ទ្រង់​លើក​លែង​ទោស​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​តុលាការ។

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្ស​ បាន​ឆ្លើយ​តប​ទៅ​ព្រះមហាក្សត្រ ​ក្នុង​លិខិត​របស់​លោក​ចុះ​ថ្ងៃ​ទី​១២​ ខែ​តុលា​ ដោយ​យោង​តាម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ថា​ អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​ ហើយ​គ្មាន​អង្គការ​ណា​មួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​ អាច​ទទួល​អំណាច​តុលាការ​បាន​ឡើយ។​ លោក​បន្ត​ថា​ អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ច្បាប់​ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​ក្នុង​សង្គម​នីតិរដ្ឋ។

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ការ​មិន​ផ្តល់​ការ​លើក​លែង​ទោស​ គឺ​ជា​ការ​ពង្រឹង​នីតិរដ្ឋ ដែល​នឹងជួយ​ឲ្យប្រទេស​ជាតិ​មាន​របៀប​រៀបរយ​ ​ស្ថិរភាព​ និង​សន្តិសុខ​ ជា​ពិសេស​ជួយ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​របស់​កម្ពុជា​ មាន​កិច្ច​ដំណើរការ​ទៅ​មុខ​ប្រកប​ដោយ​ចិរភាព។​ ​

យ៉ាង​ហោច​ណាស់​មាន​តំណាងរាស្ត្រ​ សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​តិច​ជាង​២០​នាក់​ ដែល​ទទួល​ការ​ចោទប្រកាន់​ និង​ការ​កាត់​ទោស​ពី​តុលាការ​ រួម​មានលោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​ពេស្យាចារ​ និងបរិហារ​កេរ្តិ៍។​

លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ការ​បដិសេធ​លើកលែង​ទោស​ ធ្វើ​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​រាំង​ខ្ទប់​ដល់​ដំណើរការរក​ដំណោះស្រាយ​សម្រាប់​បញ្ចប់​ជម្លោះនយោបាយ​រវាង​គណបក្ស​ទាំងពីរ។​ ​លោក​ថា​ មធ្យោបាយ​ចុង​ក្រោយ​របស់​គណបក្សជំទាស់ គឺ​ការ​កោះ​ហៅ​អ្នក​គាំទ្រ​ឲ្យ​ធ្វើ​បាតុកម្ម​ តែ​មធ្យោបាយ​នេះ​ មិន​ទាន់​ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ ផ្តល់​ជា​អាទិភាព​នោះ​ទេ។​

​លោក​មាន​សុទិដ្ឋិនិយម​ថា ក្រុម​មន្ត្រី​នៃ​គណបក្ស​ជំទាស់​ នឹង​រិះរក​មធ្យោបាយ​ ដើម្បី​ទម្លុះទម្លាយ​វិបត្តិ​នយោបាយ​ ដែល​បាន​អូស​បន្លាយ​មក​ជាច្រើន​ខែ​មក​នេះ។​ ​

«យើង​ខិតខំ​ជៀស​វាង​ការ​ធ្វើ​បាតុកម្ម បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​ដែល​យើង​នឹងៗ​ ជ្រើស​រើស​យក​ ក៏ប៉ុន្តែ​មក​ទល់​ពេលនេះ​ យើង​នៅ​សង្ឃឹម​ថា​ នឹង​មាន​ដំណោះស្រាយ​ ដោយ​សន្តិវិធី​នៅ​ឡើយ​ទេ​បាទ»។​

លោក​ យឹម​ សុវណ្ណ​ បន្ត​ថា​ ក្រុម​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​នឹង​ជួប​ផលវិបាក​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ប្រសិន​បើ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​មិន​ត្រូវ​បាន​ដោះស្រាយ​ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​ នា​ពេល​ខាងមុខ។​

ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​ ត្រូវ​គេ​ដឹង​ថា​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ នៅ​ក្នុង​នយោបាយ​ខ្មែរ​ ដែល​ជា​រឿយៗ​ ជួប​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​គ្រា​កៀក​ដល់​ការ​បោះឆ្នោត។​ ការ​លើក​លែង​ទោស​ដល់​អ្នកនយោបាយ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​មុន​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​កាល​ពី​ឆ្នាំ​ ​២០១៣។​

​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ បាន​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក​ សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​បាន​ចូលរួម​បោះឆ្នោត​ នា​ខែ​កក្កដា​ ឆ្នាំ​២០១៣។​

នៅ​មុន​ការ​ប្រោស​ប្រទាន​ការ​លើកលែង​ទោស​ លោក​ សម រង្ស៊ី​ ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេលបួន​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ខ្មែរ​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង១០​ឆ្នាំ​ ពី​បទ​ដកតម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ក្លែង​ឯកសារ​សាធារណៈ។​

ការ​លើកលែង​ទោស លោក ​សម រង្ស៊ី​ កើត​មាន​ឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​សរសេរ​លិខិត​មួយ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ស្នើ​សុំ​ការ​លើក​លែង​ទោស​ មេ​គណបក្ស​ប្រឆាំង​រូប​នេះ​ ដោយ​យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ​ និង​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ដែល​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម។

ក៏​ប៉ុន្តែ​លោក​ ហ៊ុន​ សែន កាល​ពី​ខែ​សីហា ឆ្នាំ២០១៦​ គឺ​នៅ​ក្នុង​ពេល​លោក​ដឹកនាំ​វេទិកា​ស្តី​ពី​ធនធាន​ធម្មជាតិ​ បាន​ថ្លែង​ ថា​ លោក​នឹង​មិន​ផ្តល់​ការ​ចុះ​ហត្ថលេខា​ណាមួយ​សម្រាប់​ការ​ដោះលែង​អ្នក​មាន​ពិរុទ្ធភាព​នោះ​ទេ។​

ការ​ថ្លែង​អំពី​ការ​មិន​ផ្តល់​ការ​លើកលែង​ទោសរបស់​លោក​នៅ​គ្រា​នោះ​ ធ្វើ​ឡើងបន្ទាប់​ពី​លោក​បាន​អធិប្បាយ​អំពី​ការ​ចោទប្រកាន់​ពី​ក្រុម​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​ថា​ កូន​ប្រុស​ច្បង​របស់​ លោក​ គឺ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ ជា​កូន​របស់​មេ​ដឹក​នាំ​វៀតណាម។​

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​នៅ​ពេល​នោះ​ថា៖

«អតីត​អ្នក​ប្រយុទ្ធ​ អតីត​អ្នក​ស្វែង​រក​សន្តិ​ភាព​ អតីត​អ្នក​បង្រួប​បង្រួម​ជាតិ​ ​មួយ​នេះ​ មិន​អាច​លើក​ដៃ​ចុះ​ហត្ថ​លេខា​ ​សម្រួល​ឲ្យ​នរណា​ទាំង​អស់​ សុំ​ឲ្យ​អា​សារ​ទៅ​អ្នក​ការទូត​ទាំង​ឡាយ​ កុំ​និយាយ​ជាមួយ​ហ៊ុន សែន​ លើ​រឿង​នេះ​ និយាយ​មិន​បាន​ អ្នកណា​ត្រូវ​តុលាការ​ផ្តន្ទា​ទោស អ្នក​នោះ​ត្រូវ​ចូល​គុក»។​

ប៉ុន្មាន​ខែ​ក្រោយ​ការ​ថ្លែង​បែប​នេះ​លោក ហ៊ុន សែន ប្រកាស​អំពី​លទ្ធភាព​នៃ​ការ​ចរចា​ផ្នែក​នយោបាយ​ថា​ អាច​កើត​មាន​បាន​តែ​ក្នុង​សភា​ប៉ុណ្ណោះ។​ តែ​ទោះ​ជា​យ៉ាង​ណា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងបាន​បដិសេធ​មិន​ចូល​ប្រជុំ​សភា​ដដែល ដោយ​លើក​ហេតុផល​ពី​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​ និង​សន្តិសុខ​ផ្ទាល់​ខ្លួន។​ ជា​លទ្ធផល​ ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​កើត​ឡើង​ជា​ថ្មីម្តង​ទៀត។​ ​

ក្រុម​អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ អ្នក​នយោបាយ​ខ្មែរ​ រមែង​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​រង្វង់​អ្នក​នយោបាយ​គ្នា​ឯង​បាន​នោះ​ទេ​ វា​លែង​តែ​មាន​ការ​ដាក់​សំពាធ​ពី​សហគមន៍​អន្តរជាតិ។​ ពួក​គេ​ថា​ ការណ៍​បន្ត​ទុក​ឲ្យ​មានវប្បធម៌​ពឹង​ផ្អែក​លើ​សំពាធ​បរទេស​នេះ នឹង​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ជួប​ជម្លោះ​នយោបាយ​ជា​ដរាប​ ដែល​នឹង​បង្អាក់​ដល់​ដំណើរការអភិវឌ្ឍ​ប្រទេស។​

ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​ ២០១៣ បាន​កើត​ឡើង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​កម្ពុជា ​ជា​បន្ត​បន្ទាប់​ដើម្បី​អនុញ្ញាត​ឱ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ចូលរួម​បោះឆ្នោត។​ ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​គិត​គូរ ដល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ពួក​គេ​គួរ​រក​ផ្លូវ​បញ្ចប់​ជម្លោះ​ ដោយ​ឈប់​ពឹង​ផ្អែក​សំពាធ​ពី​ក្រៅ​ប្រទេស​ ដែល​ពួកគេ​យល់​ថា​ មិន​មែន​ជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​វែង​នោះ​ទេ។​ ​

​សំណើ​សុំ​លើក​លែង​ទោស​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​លោក​ស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith) ​ប្រេសិតអង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​កំពុង​ធ្វើ​បេសកកម្ម​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ និង​នៅ​មុន​ការ​មក​ដល់​របស់​ប្រធានាធិបតី​ចិន​ Xi Jinping ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ និយាយ​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​ មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​នឹងដំណើរ​ទស្សន​កិច្ច​នេះ​ទេ៕

XS
SM
MD
LG