ភ្នំពេញ៖ ភស្តុតាងមួយត្រូវបានលាតត្រដាងអំពីចេតនារបស់រដ្ឋាភិបាលកម្ពុជាក្នុងការរាំងខ្ទប់មិនឲ្យគេមើលឃើញគេហទំព័រដែលមាននិន្នាការប្រឆាំងនឹងខ្លួន។ ការរាំងខ្ទប់ ឬបិទគេហទំព័រនេះបានធ្វើឲ្យមានការថ្កោលទោសពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណិតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតនៅកម្ពុជាបិទគេហទំព័រមួយចំនួនដែលរិះគន់រដ្ឋាភិបាល ដោយរួមទាំងគេហទំព័រប្រឆាំងដ៏លេចធ្លោមួយផងដែរគឺ KI-Media នេះបើយោងតាមសារអេឡិចត្រូនិក ឬអ៊ីមេល មួយដែលបានលេចធ្លាយចេញមកពីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ហើយដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
សារនោះ ដែលមានឈ្មោះលោកសៀង សិទ្ធី នាយករងនៃនាយកដ្ឋាននិយ័តកម្មគោលនយោបាយរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ជាអ្នកសរសេរ បានជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតចំនួន៣គឺ WiCAM, TeleSurf និងHelloបិទគេហទំព័រទាំងនោះជាបន្ទាន់។ អ៊ីមេល នោះសរសេរថា «យើងបានរកឃើញថា អស់លោក លោកស្រីនៅមិនទាន់បានចាត់វិធានការនៅឡើយទេ ដូច្នេះសូមមេត្តាចាត់វិធានការជាបន្ទាន់»។
ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតទាំង៣នេះមិនទាន់បានបិទគេហទំព័រប្រឆាំងរដ្ឋាភិបាលនៅឡើយ។
គេហទំព័រដែលជាគោលដៅនៃការរាំងខ្ទប់របស់ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍នោះ គឺសុទ្ធសឹងតែជាគេហទំព័រដ៏មានប្រជាប្រិយភាពដែលប្រឆាំងរដ្ឋាភិបាលនិងគណបក្សប្រជាជនដែលកំពុងកាន់អំណាច រួមមានជាអាទិ៍ គេហទំព័រ KI-Media, Khmerization និងគេហទំព័ររូបគំនូរជាច្រើនទៀត ដូចជា Sacrava ជាដើម នេះបើយោងតាមតារាងគេហទំព័រដែលត្រូវបានរាយឈ្មោះនៅក្នុងសារអេឡិចត្រូនិកនោះ។
អ៊ីមេល នោះសរសេរទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតចំនួនយ៉ាងតិច៩ផ្សេងទៀត ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងនោះ ដែលបានសហការជាមួយក្រសួងប្រៃណីយ៍ក្នុងការបិទគេហទំព័រប្រឆាំង មិនឲ្យគេមើលឃើញ។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតទាំងនោះ រួមមានក្រុមហ៊ុន Ezecom, Metfone, Citylink, Digi, AngkorNet, TC, Camnet, Online និងCamintel។
សារជាភាសាអង់គ្លេសនោះមានឈ្មោះលោកសៀង សិទ្ធីជាអ្នកសរសេរ។ សារនេះមានន័យយ៉ាងដូច្នេះថា៖
«ខ្ញុំសរសេរនេះ ដើម្បីសម្តែងការដឹងគុណដល់អស់លោក លោកស្រីចំពោះកិច្ចសហការរបស់លោក លោកស្រីជាមួយក្រសួងប្រៃណីយ៍និងទូរគមនាគមន៍»។
លោកPaul Blanche-Horgan អគ្គនាយកក្រុមហ៊ុន Ezecom មិនធ្វើអត្ថាធិប្បាយទេ ជុំវិញសំណើរបស់រដ្ឋាភិបាលឲ្យបិទគេហទំព័រទាំងនោះទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងធ្វើដំណើរតាមផ្លូវ។
ចំណែកលោកស្រីសុខ ចាន់ដា នាយិការប្រតិបត្តិក្រុមហ៊ុន AngkorNet និង MekongNet ក៏មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានដែរ ប៉ុន្តែលោកស្រីត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដកស្រង់សម្តីដោយបញ្ជាក់ថា លោកស្រីពិតជាបានទទួលអ៊ីមេលពីលោកសៀង សិទ្ធី ដែលស្នើឲ្យក្រុមហ៊ុនរបស់លោកស្រីចូលរួមសហការបិទគេហទំព័រប្រឆាំងទាំងនោះមែន។
សារអេឡិចត្រូនិចឬអ៊ីមេល ដែលបែកធ្លាយនេះ បាននិយាយយោងទៅដល់កិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែកុម្ភៈរវាងមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ជាមួយនឹងប្រតិបត្តិករឬក្រុមហ៊ុនទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា។
យោងតាមកំណត់ហេតុផ្លូវការនៃកិច្ចប្រជុំនោះ ដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍បានលើកឡើងថា៖
«រាជរដ្ឋាភិបាលពុំមានគោលការណ៍បិទគេហទំព័រមួយចំនួននោះទេ ប៉ុន្តែជាសំណូមពររបស់ឯកឧត្តម [សូរ ឃុន] ដល់ប្រតិបត្តិករទាំងអស់ជួយសហការទប់ស្កាត់គេហទំព័រមួយចំនួនដែលប៉ះពាល់ដល់សីលធម៌ ប្រពៃណីខ្មែរនិងរាជរដ្ឋាភិបាល តាមការប្រើប្រាស់ប្រព័ន្ធអ៊ីធើណិតរួម»។
លោកសៀង សិទ្ធីមិនធ្វើអត្ថាធិប្បាយអំពីអ៊ីមេល ដែលបែកធ្លាយនេះ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់ប្រជុំ។
ចំណែកលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា លោកពុំដឹងអំពីការស្នើសុំ ឬបទបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិត បិទគេហទំព័រប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ដោយលោកអះអាងថា ក្រសួងរបស់លោកក៏ដូចជារដ្ឋាភិបាល គ្មានគោលការណ៍ធ្វើដូច្នោះឡើយ។
ប៉ុន្តែលោកសូរ ឃុនមានប្រសាសន៍បន្ថែមថា ការសរសេរអ៊ីមេលដោយមន្ត្រីក្រោមឱវាទរបស់លោកដើម្បីស្នើឲ្យក្រុមហ៊ុនបិទគេហទំព័រណាមួយនោះ អាចចេញមកពីគំនិតផ្ទាល់របស់មន្ត្រីនោះដែលមិនចូលចិត្តគេហទំព័រទាំងនោះ។
«ខំបង្កើតISPsហើយ ឲ្យបិទធ្វើអី? ប៉ុន្តែក្រែងលោមន្ត្រីអ្នកបច្ចេកទេសឃើញWebsitesណាដែលនិយាយតែផ្តេសតែផ្តាស់ មិនសមរម្យ គេក៏សរសេរប្រាប់ដោយខ្លួនឯង។ រឿងអ្នកបច្ចេកទេស នរណាដឹង?»
យ៉ាងណាក៏ដោយ កញ្ញាហេង សុគន្ធី អ្នកប្រើប្រាស់អ៊ីធើណិតម្នាក់និងជាអ្នកចូលមើលគេហទំព័រKI Media ជាប្រចាំនោះ បានថ្លែងថា ការបិទគេហទំព័រនេះបានប៉ះពាល់ដល់ការទទួលបានព័ត៌មានដ៏សម្បូរបែបពីគេហទំព័រនេះ។
«វាប៉ះពាល់ខ្លាំង ព្រោះwebsiteហ្នឹងផ្តល់ព័ត៌មានច្រើន ទោះជាមានការបញ្ចេញមតិខ្លះប្រឆាំងរដ្ឋាភិបាលក៏ដោយ គ្រាន់តែថា វាជាប្រភពមួយដែលផ្តល់ព័ត៌មានច្រើនមែនទែន ទាក់ទងនឹងកម្ពុជា»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការត្រួតពិនិត្យលើគេហទំព័រដែលរិះគន់រដ្ឋាភិបាលនេះ ដោយលើកហេតុផលថា អ៊ីនធើណិតគឺជាប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់សំឡេងនិងរូបភាពដែលមិនត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍នោះបានចាត់ទុកការត្រួតពិនិត្យលើគេហទំព័រទាំងនេះថា ជា«ជំហានដ៏ធំមួយនៅក្នុងដំណើរឆ្ពោះទៅកាន់បរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយដែលមានការសង្កត់សង្កិនកាន់តែខ្លាំងឡើង»។
នៅថ្ងៃទី១៥ ខែកុម្ភៈនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការArticle 19 មានមូលដ្ឋាននៅប្រទេសអង់គ្លេស ដែលធ្វើយុទ្ធនាការជាសកលដើម្បីការសម្តែងមតិដោយសេរី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានហៅសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាថា កំពុងស្ថិតក្នុងវិបត្តិ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការបិទគេហទំព័រដែលមានទំនោរប្រឆាំងរដ្ឋាភិបាលនេះគឺជាការរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាននិងការបញ្ចេញមតិដោយសេរី។
«ការបិទនេះនឹងធ្វើ់ឲ្យប្រជាពលរដ្ឋកាន់តែតឹងទ្រូង ហើយរដ្ឋាភិបាលមិនយល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្តជាមួយរដ្ឋាភិបាល។ ខ្ញុំមើលទៅ វាគ្រោះថា្នក់សម្រាប់រដ្ឋាភិបាលខ្មែរហើយ»។
ដោយលើកឧទារហណ៍ពីព្រឹត្តិការណ៍ងើបឡើងបះបោររបស់ប្រជាជនទម្លាក់រដ្ឋាភិបាលនៅក្នុងប្រទេសទុយនេស៊ី អេហ្ស៊ីពនិងនៅតាមបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់មួយចំនួនទៀតក្នុងពេលបច្ចុប្បន្ននេះ លោកអ៊ូ វីរៈមានប្រសាសន៍ថា ការបិទគេហទំព័រប្រឆាំងនេះអាចនឹងប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានៅពេលអនាគត៕