មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការគាបសង្កត់លើប្រព័ន្ធអ៊ីនធឺណិត ដែលបង្កឲ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរចំពោះសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ទើបបានចាប់ផ្តើមរីកចម្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងក្រសួងប្រៃសណីយ៍ មានមន្រ្តីមួយចំនួនបានប្រកាសថា ចង់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង ដោយបានបញ្ជាឲ្យក្រុមហ៊ុនមួយចំនួនបិទគេហទំព័រដែលហ៊ានរិះគន់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមួយចំនួន ដែលផ្តល់សេវាកម្មអ៊ីនធឺណិតមិនមានឯករាជ្យភាពពេញលេញទេ គឺទទួលរងសម្ពាធរបស់ក្រសួងប្រៃសណីយ៍។
«ដោយសារមានការរីកចម្រើនប្រជាពលរដ្ឋដែលទទួលបានព័ត៌មាននិងបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត យើងឃើញថាចាប់ផ្តើមមានទំនោរមួយ គឺចង់រិតត្បិតគាបសង្កត់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានទៅតាមប្រព័ន្ធអ៊ីនធឺណិតដូចការគាបសង្កត់ទៅលើបណ្តាញវិទ្យុនិងទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាដែរ។ បានន័យថា សេរីភាពនៃការបញ្ចេញមតិ គឺគ្រប់កន្លែងទាំងអស់ ត្រូវបានរិតត្បិតដោយរដ្ឋាភិបាល»។
លោកសូ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីប្រទេសចិនមកថាក្រសួងមិនបានធ្វើការគាបសង្កត់ទៅលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេ។
«មានអ្វីគាបសង្កត់ បង្កើតរាប់រយប្រព័ន្ធអ៊ីនធឺណិតមានអ្វីគាបសង្កត់»។
កាលពីដើមខែមករាឆ្នាំ២០១១នេះ គេហទំព័រ KI-Media ដែលមានទំនោរទៅលើគណបក្សប្រឆាំង និងជាគេហទំព័រដ៏ល្បីល្បាញមួយ ត្រូវបានបិទដោយបង្កឲ្យមានការសង្ស័យថា រដ្ឋាភិបាលបានបញ្ជាឲ្យបិទតាមរយៈក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី បាននិយាយថារដ្ឋាភិបាលបានប្រើប្រាស់អំណាច ដើម្បីរំខានដល់ក្រុមហ៊ុន ដែលផ្តល់សេវាកម្មដល់អ៊ីនធឺណិត។
លោកបានមានប្រសាសន៍ថា នេះបង្ហាញឲ្យឃើញថា ជាការបំបិទសិទ្ធិសេរីភាពក្នុងការទទួលយកព័ត៌មាននៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យក៏ក្មេងខ្ចី ដូចជាប្រទេសកម្ពុជា។
«អាហ្នឹង គឺជាការបំបិទសិទ្ធិសេរីភាពយ៉ាងពិតប្រាកដហើយ ពីព្រោះសម័យនេះ ជាសម័យព័ត៌មានវិទ្យានៅប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គេមិនអាចបិទសិទ្ធិបែបនេះទេ ពីព្រោះគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។ ហើយប្រសិនប្រទេសទាំងអស់នេះមិនសមស្រប ឬមួយផ្ទុយនឹងច្បាប់ អាហ្នឹងគេមានវិធានការផ្លូវច្បាប់»។
នៅក្នុងរបាយការណ៍អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាឆ្នាំ២០១០ របស់សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះបានឲ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលដែលទើបនឹងចាប់ផ្តើមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា ដែលហៅកាត់ថា ICT នៅមាន កម្រិតទាបនៅឡើយ។
ប្រទេសកម្ពុជា ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់ទី១២០ នៅក្នុងចំណោមប្រទេសចំនួន១៥៩ក្នុងការអភិវឌ្ឍវិស័យ ICT នេះ។
អាជ្ញាធរជាតិទទួលបន្ទុកការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ដែលហៅកាត់ថា NiDA បានឲ្យដឹងថានៅក្នុងឆ្នាំ២០០៩ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាមានចំនួនជាង៤លាននាក់ ក៏ប៉ុន្តែចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួនតែជាង៤០.០០០នាក់តែប៉ុណ្ណោះនៅក្នុងចំណោមប្រជាជនសរុបចំនួនជាង១៤លាននាក់៕