ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណិតនៅកម្ពុជាស្វែងរកចម្លើយពីក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិត និងរដ្ឋាភិបាលអំពីមូលហេតុដែលគេមិនអាចបើកមើលគេហទំព័រផ្ទាល់ខ្លួន ឬ blog ដោយរួមទាំងគេហទំព័រប្រឆាំងដ៏លេចធ្លោមួយផង។
ចាប់តាំងពីរសៀលថ្ងៃអង្គារ គេហទំព័រ KI Media ដែលជាគេហទំព័រប្រឆាំងរដ្ឋាភិបាលដ៏មុតស្រួចមួយ និងគេហទំព័រដែលមានអាស័យដ្ឋានខាងចុង .blogspot.com របស់ក្រុមហ៊ុនអ៊ិនធើណិត Google ជាច្រើនទៀត មិនអាចបើកមើលបានតាមរយៈក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតមួយចំនួនក្នុងប្រទេសកម្ពុជា។ បញ្ហានេះបានធ្វើឲ្យមានការសង្ស័យថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យបិទ និងចាប់ផ្តើមគ្រប់គ្រងបណ្តាញអ៊ីនធើណិតហើយនៅក្នុងសប្តាហ៍នេះ។
ជាក់ស្តែង អ្នកប្រើប្រាស់អ៊ីនធើណិតជាមួយក្រុមហ៊ុន AngkorNet, Ezecom និងក្រុមហ៊ុនMetfone មិនអាចចូលមើលគេហទំព័រ KI Media បានទេ។ ចំណែកអ្នកប្រើប្រាស់អ៊ីនធើណិតតាមក្រុមហ៊ុនEzecom និងក្រុមហ៊ុន Metfone ក៏មិនអាចបើកមើលគេហទំព័រដែលមានអាស័យដ្ឋានខាងចុង.blogspot.com បានដែរ។
កញ្ញាចក់ សុភាព អ្នកសរសេរគេហទំព័រផ្ទាល់ខ្លួនម្នាក់ដែលបានប្រើប្រាស់អាស័យដ្ឋានខាងចុង.blgospot.com នេះ បានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា កញ្ញាមិនអាចចូលមើលគេហទំព័ររបស់ខ្លួនបានទេ តាមរយៈក្រុមហ៊ុនអ៊ីនធើណិត Metfone ដែលកញ្ញាប្រើប្រាស់។
«ពេលដែលនាងខ្ញុំចូលទៅគេហទំព័ររបស់នាងខ្ញុំ ដែលមានកន្ទុយ .blogspot.com ហ្នឹង គឺអត់អាចចូលបានទេចា៎ គឺលោត screen ដែលបង្ហាញថា យើងអត់អាច access ចា៎។ ដល់អញ្ចឹង ខ្ញុំមិនអាចសរសេរព័ត៌មានបំពងសំឡេងអ្នកដែលមានគេហទំព័របានទៀតទេ លើកលែងតែ អ្នកដែលមានគេហទំព័រផ្សេងទៀតដែលមានកន្ទុយក្រៅពី blogspot.com»។
ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីគេហទំព័រ KI Media បានដាក់រូបថតមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា រួមមានលោកហ៊ុន សែន លោកជា ស៊ីម និងលោកហេង សំរិន និងលោកវ៉ា គឹមហុង នៅលើទំព័ររបស់ខ្លួនដោយសរសេរអក្សរថា «មេក្បត់ជាតិលក់ដីឲ្យយួន?» នៅពីលើរូបថតទាំងនោះ។
គេហទំព័រនេះក៏បានដាក់បញ្ចូលញត្តិមួយដែលអំពាវនាវឲ្យប្រជាជនខ្មែរចុះហត្ថលេខាដើម្បីប្រឆាំងនឹងគម្រោងការផលិតផែនទីថ្មីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមផងដែរ។
កញ្ញា ចក់ សុភាពមានប្រសាសន៍ថា ទំនងជារដ្ឋាភិបាលចាប់ផ្តើមចាត់ការទៅលើគេហទំព័រដែលបានដាក់បញ្ចូលខ្លឹមសារ និងរូបថតប្រឆាំងទាំងនេះហើយ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលពីក្រសួងព័ត៌មាន ទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ សុទ្ធតែបានបដិសេធថា រដ្ឋាភិបាលមិនបានចេញបទបញ្ជាដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតនានាឲ្យបិទគេហទំព័រណាមួយកុំឲ្យគេមើលឃើញនោះទេ។
លោកខៀវ សុភ័គ គឺជាអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលរងការចោទថា បានបញ្ជាឲ្យមានការបិទគេហទំព័រ KI Media នោះ។
«ជាលិខិតស្នាមចេញទៅបញ្ជាឲ្យបិទ KI អី ឬថា ក្រសួងមហាផ្ទៃចេញបញ្ជាឲ្យក្រសួងគមនាគមន៍បិទអី គឺគ្មានលិខិតស្នាមហ្នឹងជាផ្លូវការទេ»។
លោកខៀវ សុភ័គបានបន្ថែមថា ការបញ្ជាផ្ទាល់មាត់ឲ្យបិទគេហទំព័រណាមួយក៏គ្មានដែរ។
តែទោះជាយ៉ាងនេះក្តី កាសែតThe Cambodia Dailyបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីរបស់បុគ្គលិកបច្ចេកទេសម្នាក់របស់ក្រុមហ៊ុនEzecomដែលអះអាងថា ក្រុមហ៊ុននេះបានទទួលបទបញ្ជាឲ្យបិទគេហទំព័រKI Media។
ក្រុមហ៊ុន Ezecom បានចេញសេចក្តីថ្លែងការណ៍បដិសេធខ្លាំងៗនៅថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ខ្លួន«មិនបានបិទគេហទំព័រណាមួយនោះទេ ហើយក៏មិនបានទទួលបទបញ្ជាពីសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាណាម្នាក់ដែរ»។
មន្ត្រីក្រុមហ៊ុន Metfone មិនអាចទាក់ទងដើម្បីស្នើសុំការអត្ថាធិប្បាយណាមួយបានទេនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែមន្ត្រីម្នាក់របស់ក្រុមហ៊ុន AngkorNet បានអះអាងថា ក្រុមហ៊ុនកំពុងពិនិត្យមើលបញ្ហានេះ។
អ្នកជំនាញការខាងប្រព័ន្ធអ៊ីនធើណិតចំនួនពីររូបដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណ ដោយសារតែភាពរសើបនៃបញ្ហានេះ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាមិនអាចទៅរួចនោះទេ ក្នុងការរាំងខ្ទប់អ្នកប្រើប្រាស់មិនឲ្យមើលឃើញគេហទំព័រជាក់លាក់ណាមួយ ដោយគ្មានការចូលពាក់ព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតនោះ។
នៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនមានទំនោរទៅរក ឬគាំទ្ររដ្ឋាភិបាល ហើយក្រុមមន្ត្រីនៃបក្សប្រឆាំងនិងក្រុមអ្នករិះគន់ផ្សេងទៀតតែងតែរអ៊ូរទាំអំពីការលំបាកក្នុងការទទួលបានអាជ្ញាប័ណ្ណសម្រាប់ដំណើរការស្ថានីយ៍វិទ្យុ ឬកម្មវិធីទូរទស្សន៍ជាដើម៕