ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វផ្សោត​ទន្លេ​មេគង្គ​មួយ​ក្បាល​ចុង​ក្រោយ​នៅ​អន្លង់​ឈើទាល​ប្រឈមនឹង​ការផុត​ពូជ ខណៈ​ទំនប់​វារី​អគ្គិសនី​ជា​បញ្ហា​គំរាម​កំហែង​មួយ


សត្វ​ផ្សោតដែល​រស់នៅក្នុង​​ទន្លេ​មេគង្គ។ (Tan Somethbunwath / FiA / WWF-Cambodia)​​
សត្វ​ផ្សោតដែល​រស់នៅក្នុង​​ទន្លេ​មេគង្គ។ (Tan Somethbunwath / FiA / WWF-Cambodia)​​

សត្វ​ផ្សោត​មួយ​ក្បាល​ចុង​ក្រោយ​គេ​បង្អស់​នៅ​អន្លង់​ឈើ​ទាល​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ប្រឈម​នឹង​ការ​បាត់​បង់​នា​ពេល​ខាង​មុខ ដែល​នាំ​ទៅ​រក​ការ​ស្លាប់​ផុត​ពូជ​ទាំង​ស្រុង​នៃ​សត្វ​ផ្សោត។ ហេតុ​ផល​មួយ​នៃ​ការ​គំរាម​កំហែង​នេះ គឺ​ដោយ​សារ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេគង្គ ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លំហូរ​ទឹក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​ពិភព​លោក​សម្រាប់​ធម្មជាតិ-កម្ពុជា ហៅ​កាត់​ថា WWF រួម​ជាមួយ​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម។

សត្វ​ផ្សោត​ទន្លេ​មេគង្គ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ ក្នុង​នោះ​ទន្លេ​មេគង្គ​ជា​ជម្រក​ដ៏​សំខាន់​របស់​សត្វ​ផ្សោត​ ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជា​បន្ត​បន្ទាប់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ស្តី​ពី​«សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​រស់​នៅ​អន្លង់​ឈើ​ទាល​នៃ​អន្តរ​ព្រំប្រទល់​រវាង​កម្ពុជានិង​ឡាវ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២១»។​

បើ​យោង​តាម​លទ្ធផល​ជំរឿន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​២០២០ ដោយ​មិន​រាប់​បញ្ចូល​ចំនួន​កូន​ផ្សោត​ដែល​បាន​កត់ត្រា​ថ្មីៗ មាន​ការ​ប៉ាន់​ប្រមាណ​ថា ​សត្វ​ផ្សោត​មានត្រឹ​មតែ​៨៩​ក្បាល​ប៉ុណ្ណោះ។ ក្នុង​នោះ​ដែរ​ក្រុម​សត្វផ្សោត​ដែល​រស់​នៅក្នុង​អន្លង់​ឈើ​ទាល គឺ​ជា​ក្រុមរស់​នៅ​ដាច់​ដោយឡែក​ពីក្រុម​សត្វផ្សោត​ដទៃ​ទៀត ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​រក​ឃើញ​ថា​ នៅ​រស់​រាន​តិច​តួច​បំផុត​ត្រឹម​ចំនួន​៣​ក្បាល​កាល​ពី​ឆ្នាំ​២០១៨ និង​សល់​ត្រឹម​១​ក្បាល​នៅ​ឆ្នាំ​២០២១​នេះ។

លោក សេង​ ទៀក ​នាយក​អង្គការ​ WWF ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទោះ​បី​ជា ​សត្វ​ផ្សោតនៅ​អន្លង់​ឈើ​ទាល​នៅសល់ត្រឹម​ ១​ក្បាល​ ហើយ​មិន​អាច​បន្ត​ពូជ​បាន​ក៏ពិត​មែន ប៉ុន្តែ​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ឡាវ​ និង​កម្ពុជា​ដដែល ដើម្បី​ព្យាយាម​អភិរក្ស​សត្វផ្សោត​នៅ​សល់​ចុង​ក្រោយ​គេ​ដែល​មាន​អាយុ​ប្រមាណ​ជាង​២០ ឆ្នាំនេះ។ យ៉ាង​ណា​មិ​ញ​ លោក​សង្ឃឹម​ថា​ ភាគី​រដ្ឋ​ទាំង​សង​ខាង​ កម្ពុជា​-ឡាវ អាច​សហការ​គ្នា​ក្នុង​ការ​ស្តារ​សត្វ​កម្រ​មួយ​នេះ​រួម​គ្នា ខណៈ​លោក​យល់​ថា ​សត្វ​ផ្សោត​បាន​ជួយ​ទ្រទ្រង់ដល់សេដ្ឋកិច្ច​តាម​រយៈ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​។

លោក​បាន​លើក​ឡើង​ពី​កត្តា​ដែល​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ជាង​គេ​ ដែល​បណ្តាល​ឲ្យ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ប្រភេទ​នេះ​ ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​មក​ទល់​ពេល​នេះ​ គឺ​កត្តាបម្រែ​បម្រួល​លំហូរ​ទឹកទន្លេនៃ​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​។

លោក​បន្ថែម​ថា​៖ «បើ​តាម​ការ​ពិនិត្យ​មើល​ជា​រួម​គឺ​ការ​ប្រែប្រួល​លំហូរ​ទឹក​នេះ​ គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ការ​រស់​នៅ​របស់​ផ្សោត​។ វា​ Sensitive [ងាយ​រង​ប្រតិកម្ម​] ទៅ​លើ​ផល​ប៉ះពាល់​នៃ​បរិស្ថាន​នេះ​តែ​ម្តង។ ដូច​ខ្ញុំ​បាន​លើក​ឡើង​ការ​ប្រែ​ប្រួល​លំហូរទឹក​នេះ គឺ​កើត​ឡើង​ដោយ​សារ​ការ​តែ​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ​ហ្នឹង​តែ​ម្តង» ។

រូបឯកសារ៖ គ្រោងសាងសាងទំនប់វារីអគ្គិសនី​ដនសាហុង នៅប្រទេសឡាវ។
រូបឯកសារ៖ គ្រោងសាងសាងទំនប់វារីអគ្គិសនី​ដនសាហុង នៅប្រទេសឡាវ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន សត្វ​ផ្សោត​ទន្លេ​មេគង្គ​ បាន​ប្រឈម​នឹ​ងការគំរាមកំហែងកាន់​តែខ្លាំង​ឡើងៗ ដោយ​សារ​កត្តា​មួយ​ចំនួន រួមមាន​ការស្លាប់​ដោយជាប់​នឹង​មង​នេសាទ ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​នៅខ្សែទឹក​ប៉ែក​ខាង​លើមេគង្គដែល​បង្ក​ការរាំង​នូវលំហូរ​ទឹក​ជា​ធម្មជាតិ ការ​នេសាទ​ហួស​កម្រិត ​និង​ការអនុវត្ត​វិធីសាស្ត្រ​នេសាទ​បែប​បំផ្លាញ ដូច​ជា​ការ​ប្រើ​ឧប​ករណ៍​ឆក់ជា​ដើម។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ លោក​ ពុំ សុថា ប្រតិភូ​រាជរដ្ឋា​ភិបាល​ទទួលបន្ទុកជា​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ទទូច​ដល់​ប្រទេស​នៅ​ផ្នែកខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ​ឲ្យ​សិក្សា​និង​វាយ​តម្លៃហេតុ​ប៉ះពាល់​បរិស្ថាន ធនធាន​ធម្មជាតិ និង​សង្គម ឲ្យ​បានពេញ​លេញ មុននឹង​សម្រេចចិត្ត​សាងសង់​ទំនប់​វារី​អគ្គិសនី។

លោក គង់ ចាន់ធី ប្រធាន​បណ្តាញ​សហគមន៍​នេសាទ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ ក្នុងខេត្ត​ស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​ប្រាប់​វីអូអេ​ថា​ នៅ​ពេល​សត្វ​ផ្សោត​ទទួល​រង​ការ​បាត់​បង់ សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​ទទួល​បាន​តាម​រយៈ​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​មក​ទស្សនា​សត្វ​ផ្សោត ក៏​រង​ការ​ខាត​បង់​ដូច​គ្នា។

លោក​បញ្ជាក់​ថា​៖ «កត្តា​ដែល​វា​បាត់​បង់​លឿន​បំផុត​ហ្នឹង គឺ​ដោយ​សារ​ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​ដងសាហុង​ហ្នឹង​វា​ជា​រឿង​មួយ​សំខាន់​។​ ដោយ​សារ​កាល​ណា​យើង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ដន​សាហុង​ហ្នឹង យើង​ឃើញ​មាន​ការ​បំផ្ទុះ​ថ្ម​ ការ​បំភាយ​ឧស្ម័ន​ផ្សេងៗ ទាក់​ទង​ទៅ​ហ្នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដូចជា​ជាតិ​កំបៅរ​អី​ផ្សេងៗ​ ទាំងអស់​ហ្នឹង​។ ព្រោះ​អី​សត្វផ្សោត​ត្រូវ​ការ​ទឹក​បែប​ធម្មជាតិ។ នៅ​ពេល​ដែល​ទឹក​មាន​ជាតិ​ពុល​ ជាតិ​អី​ផ្សេង​ៗ​វា​អត់​អាច​រស់​នៅ​កើ​ត​ទេ»។

លោក​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​អស់​ផ្អាក​ការ​ធ្វើ​ទំនប់​វារី​អគ្គិ​សនី​តាម​ដង​ទន្លេ​មេគង្គ​ ដែល​លោក​យល់​ថា​ ទំនប់​វារី​អគ្គិសនី​ប៉ះពាល់​សត្វ​ផ្សោត និង​ត្រី​ផង​ដែរ។

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជល​ផល​នៃ​រដ្ឋបាល​ជលផល បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ ដោយ​សារ​តែអន្លង់​ឈើ​ទាល គឺ​ជា​អន្លង់​មួយ​ក្នុងចំណោម​អន្លង់​ទាំង​៩ក្នុង​ប្រទេស​កម្ពុជា​ ដែល​មា​ន​ត្រី​ដូហ្វី​ន​ប្រភេទ​សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំណាំ​ហៅថា​ផ្សោត​ក្បាល​ត្រឡោក ហើយ​វា​ងាយ​រង​គ្រោះ​នឹង​ការ​បាត់​បង់​ជាង​គេ។

លោក​បញ្ជាក់​ថា​៖ «ជា​ពិសេស​វា[អន្លង់​ឈើ​ទាល] ​ប្រឈម​នឹង​ចរន្តទឹក​ផង វា[អន្លង់​ឈើ​ទាល]​នៅ​ដើម​ទី​ ហើយ​និង​កិច្ច​សហការ​យើង​មិន​សូវ​បាន​ជិត​ដិត​ ចឹង​ទៅ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធន​ធាន​ជល​ផល​ក៏​ផ្សេង​គ្នា​ ចឹង​ទៅ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​កន្លែង​ហ្នឹង​ច្រើន​»។

បើ​តាម​អង្គការ​ WWF ​ឲ្យ​ដឹង​ទៀត​ថា​ ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ទី​ជម្រក​ដ៏​សំខាន់​របស់​សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី​ដែលប្រភេទ​សត្វ​ងាយ​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​បំផុត។ វាជា​សត្វ​ផ្សោត​ដែល​ស្ថិត​ក្នុងចំណោម​ប្រភេទ​សត្វ​ផ្សោត​ទឹក​សាប​ទាំង​អស់​ចំនួនតែ​៦​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក។ នៅក្នុងឆ្នាំ​២០០៧ ការ​តាម​ដាន​ស្ថាន​ភាព និងចំនួន​សត្វផ្សោតដោយ​ផ្អែកលើ​អត្ត​សញ្ញា​ណ​រូបថត​ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​ជល​ផល និង​អង្គការ WWF បាន​កត់ត្រា​ទុក​សត្វ​ផ្សោត​ពេញ​វ័យ​ចំនួន​៨ក្បាល ដែល​ធ្លាប់​បាន​រស់​នៅ​ក្នុង​អន្លង់​អន្តរ​ព្រំដែន​ឡាវ-កម្ពុជា​នេះ។ ការ​តាម​ដាន​ក្រោយៗ​ទៀត​ ដែល​បានប្រព្រឹត្ត​ទៅ​តាមវដ្តនៃ​ការធ្វើជំរឿន​សត្វ​ផ្សោត បាន​បង្ហាញថា​ចំនួន​នេះ​ បាន​ធ្លាក់​ចុះ​ត្រឹម៣​ក្បាល​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​មក​នៅ​ត្រឹម​តែ​មួយ​ក្បាល​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ ២០២១​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG