ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រសួង​ការ​បរទេស៖ វិបត្តិ​តំបន់​ Kirkuk មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ


កងកម្លាំង​អ៊ីរ៉ាក់​និង​ក្រុម​ទាហាន​ស្ម័គ្រ​ចិត្ត​អបអរ​សាទរ​នៅ​ពី​មុខ​អាគារ​ទីស្តីការ​រដ្ឋាភិបាល​ក្នុង​តំបន់​ Kirkuk កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។
កងកម្លាំង​អ៊ីរ៉ាក់​និង​ក្រុម​ទាហាន​ស្ម័គ្រ​ចិត្ត​អបអរ​សាទរ​នៅ​ពី​មុខ​អាគារ​ទីស្តីការ​រដ្ឋាភិបាល​ក្នុង​តំបន់​ Kirkuk កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។

ក្រុម​យោធា​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កង​កម្លាំង​របស់​ពួក​គេ​បាន​វាយ​យក​បាន​មក​វិញ​នូវ​ការ​ត្រួតត្រា​តំបន់​ច្រើន​ជាង​មុន​ពី​ពួក​យុទ្ធជន​ឃើដ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ទំនប់ទឹក Mosul ​នៅ​ក្រោយ​ពី​បាន​បើកកិច្ច​ប្រតិបត្តិការ​មួយ​ដើម្បី​វាយ​យក​មក​វិញ​នូវ​ក្រុង​ Kirkuk ​និង​វាល​ប្រេង​នៅ​ក្នុង​ផ្នែក​ខាង​ជើង​ប្រទេស។​

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​យោធា​រដ្ឋាភិបាល​បាននិយាយ​ថា «សន្តិសុខ​បាន​ត្រូវ​រៀប​ចំ​ឱ្យ​មាន​ឡើង​វិញ​ហើយ»​នៅ​ក្នុង​ក្រុង ​kirkuk។​

ក្រុម​ជន​អំបូរ​ឃើដ​ បាន​ត្រួតត្រា​តំបន់​នោះ​ក្នុង​ឆ្នាំ​២០១៤​ នៅ​ពេល​ដែល​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បាន​វាយ​ប្រហារ​បង្កើត​ចលាចល​ក្នុង​តំបន់​ខាង​ជើង​និង​ខាង​លិច​នៃ​ប្រទេស​អ៊ីរ៉ាក់។​ រដ្ឋាភិបាល​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ទាមទារ​ឱ្យ​ក្រុម​ជន​អំបូរឃើដ​ លះបង់​ការ​ត្រួត​ត្រាហើយ​បាន​ធ្វើ​សកម្មភាព​នៅ​ក្រោយ​អាជ្ញាធរ​ឃើដ​ បាន​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ទាមទារ​ឯករាជ្យ​កាល​ពី​ខែ​មុន។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ប្រឈម​នឹង​ការ​ទប់​ទល់​បន្តិច​បន្តួច​ដោយ​ពួក​យុទ្ធជន​ឃើដ​បាន​ដក​ថយ​ដោយ​មិន​ប្រយុទ្ធ​នៅ​ក្នុង​ភាគ​ច្រើន​នៃ​តំបន់​ទាំង​នោះ​ដែល​បាន​ត្រូវ​វាយ​យក​បាន​មក​វិញ​កាល​ពី​ពីរបី​ថ្ងៃ​មុន​នេះ។​

ភាគី​ទាំង​ពីរ​នេះ​បាន​រួម​ប្រយុទ្ធជា​មួយ​គ្នា​នៅ​ក្នុង​យុទ្ធនាការ​បណ្តេញ​ពួក​រដ្ឋ​ឥស្លាម​ ចេញ​ពី​ប្រទេសអ៊ីរ៉ាក់​ហើយ​ភាគី​នីមួយៗ​ក៏​បានទទួល​ការ​គាំទ្រ​យោធា​ពី​ស.រ.អា.​ផងដែរ។​

លោក ​Joseph Pennington ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារថា៖ «កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​នៅ​ពេល​នេះ​មានគោល​ដៅ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឱ្យ​មាន​តិច​បំផុត​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ និង​ធ្វើ​ឱ្យ​មាន​ការ​វិល​ត្រឡប់​ទៅ​កាន់​ភាពធម្មតា​និង​ស្ថិរភាព​វិញ»។

អ្នកស្រី​ Heather Nauert ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​ បាន​និយាយប្រាប់​ពួក​អ្នកកាសែត​ថា​ ស.រ.អា.​មិន​កាន់ជើង​ភាគី​ណាមួយ​នៅក្នុង​ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​ខ្លួន​ទេ៕

XS
SM
MD
LG