ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Starmer ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​គណបក្ស​ពលករ​របស់​ចក្រភព​អង់គ្លេស​ឈ្នះ​ឆ្នោត


នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក Keir Starmer និងជា​មេដឹកនាំ​គណបក្ស​ពលករ​ ថ្លែង​សុន្ទរកថា នៅ​ក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។
នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក Keir Starmer និងជា​មេដឹកនាំ​គណបក្ស​ពលករ​ ថ្លែង​សុន្ទរកថា នៅ​ក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។

មេដឹកនាំ​គណបក្ស​ពលករអង់គ្លេស លោក Keir Starmer (ខៀរ ស្តារម័រ) បាន​ក្លាយ​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​គណបក្ស​ពលកររបស់​លោក បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​ បន្ទាប់​ពី​បាន​ស្ថិត​នៅ​ជា​គណបក្ស​ប្រឆាំង​អស់​ជាង ​១០ ឆ្នាំ។

លោក Starmer បាន​ក្លាយជា​មេដឹកនាំ​ប្រទេស ក្រោយ​ពី​ពិធី​ជួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​ព្រះមហាក្សត្រ Charles ទី៣ ​របស់​ចក្រភព​អង់គ្លេស ​នៅ​ក្នុង​ព្រះបរមរាជវាំង​ Buckingham រួចមក។

តាម​បែប​ប្រពៃណី​ផ្ទេរ​អំណាច​ភ្លាមៗ​ក្នុងនយោបាយ​អង់គ្លេស លោក Starmer បាន​ចូល​កាន់​តំណែងភ្លាមៗ​ក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី 10 Downing St. មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​មេដឹកនាំ​អភិរក្សនិយម លោក Rishi Sunak និង​គ្រួសារ​របស់​លោក​ បាន​ចាកចេញ​ពី​គេហដ្ឋាន​ផ្លូវការ​របស់​លោក និង​បន្ទាប់​ពី​ព្រះមហាក្សត្រ Charles ទី ៣ បាន​ទទួល​ការ​លា​ចេញ​ពី​តំណែង​របស់​លោក​នៅ​ព្រះបរមរាជវាំង Buckingham រួច​មក។

នាយករដ្ឋមន្ត្រីចាញ់ការបោះឆ្នោតលោក Rishi Sunak ថ្លែង​សុន្ទរកថា​នៅ​ក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រីចាញ់ការបោះឆ្នោតលោក Rishi Sunak ថ្លែង​សុន្ទរកថា​នៅ​ក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។

លោក Sunak បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​លា​ចេញ​ពី​តំណែង​របស់​លោក​ថា៖​ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិបាក​មួយ ប៉ុន្តែ​ខ្ញុំ​ចេញ​ពី​តំណែង​នេះ ដោយ​មាន​កិត្តិយស​ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ល្អ​ប្រសើរ​ជាងគេ​ក្នុង​ពិភពលោក»។

លោក Sunak បាន​ទទួលស្គាល់​ថា​លោក​ចាញ់​ឆ្នោត នៅ​ព្រលឹម​ថ្ងៃសុក្រ ដោយ​ថ្លែង​ថា អ្នក​បោះឆ្នោត​បាន​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់។

នៅ​ក្នុង​សុន្ទរកថា​លា​ចេញ​ពី​តំណែង​នៅ​កន្លែង​ដដែល​ដែល​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​មុន​អាណត្តិ​កាល​ពី​ ៦ សប្តាហ៍​មុន លោក Sunak បាន​ជូនពរ​លោក Starmer ឱ្យ​មាន​ជោគជ័យ ប៉ុន្តែ​ក៏​បាន​ទទួលស្គាល់​ថា ​លោក​បាន​ចាត់វិធានការ​ខុស​ដែរ។

លោក Sunak បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ដឹង​ឮ​អំពី​ការ​ខឹង​សម្បារ​របស់​លោក​អ្នក​ អំពី​ការ​តូច​ចិត្ត​របស់​លោកអ្នក ហើយ​ខ្ញុំ​ទទួលខុស​ត្រូវ​ចំពោះ​ការ​ចាញ់​ឆ្នោត​នេះ។ ចំពោះ​បេក្ខជន​អភិរក្សនិយម​ទាំងអស់ និង​អ្នកជួយ​ធ្វើ​យុទ្ធនាការ​ទាំងអស់ ដែល​បាន​ធ្វើការ​អស់​ពី​ចិត្ត​ពី​ថ្លើម ប៉ុន្តែ​មិន​បាន​ជោគជ័យ ខ្ញុំ​សូមទោស​ដែល​យើង​មិន​បាន​នាំ​មក​នូវ​លទ្ធផល​ដែលកិច្ចប្រឹងប្រែង​របស់​លោក​អ្នក​គួរ​ទទួល​បាន‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG