នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak កំពុងនាំមន្ត្រីរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងមហាសេដ្ឋីបច្ចេកវិទ្យាមកពីជុំវិញពិភពលោក មកចូលរួមកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI រយៈពេលពីរថ្ងៃ នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នៅអាគារ Bletchley Park ដែលធ្លាប់ជាទីស្នាក់ការសម្ងាត់កំពូលនៃអ្នកបំបែកកូដសម័យសង្រ្គាមលោកលើកទីពីរ។
កិច្ចប្រជុំកំពូលនេះគឺជាពេលមួយសម្រាប់តួអង្គសំខាន់ក្នុងកិច្ចការពិភពលោក ដើម្បីចូលរួមពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យា AI កម្រិតខ្ពស់ចុងក្រោយ ឬ Frontier AI ជាពិសេសអំពីថាតើបច្ចេកវិទ្យានេះបង្កគ្រោះថ្នាក់ដល់មនុស្សជាតិឬទេ និងថាតើមានអ្វីដែលអាចធ្វើបានដើម្បីកាត់បន្ថយការគំរាម កំហែងដែលអាចកើតមាននោះ។ បច្ចេកវិទ្យា AI កម្រិតខ្ពស់ចុងក្រោយ ឬ Frontier AI គឺជាពាក្យទូលំទូលាយសម្រាប់ប្រព័ន្ធ AI ទូទៅដែលអាចដំណើរការលើកម្មវិធីទំនើបបំផុតចុងក្រោយក្នុងពេលបច្ចុប្បន្ន។
ក្នុងបញ្ជីភ្ញៀវចូលរួម ១០០នាក់នោះ រួមមានលោក Elon Musk ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើផែនដី លោក Sam Altman អ្នកបង្កើត ChatGPT ក៏ដូចជាសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវល្បីៗជាច្រើនរូបទៀត។
មេដឹកនាំពិភពលោកដែលនឹងចូលរួមផងដែរ រួមមានអនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន លោក Wu Zhaohui អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen។
ប្រទេសចិន ដែលជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍ AI មានតួនាទីសំខាន់នៅក្នុងវេទិកានេះ ខណៈដែល លោក Sunak ព្យាយាមដាក់ខ្លួនគាត់ជាភាគីកណ្តាលរវាងលោកខាងកើត និងលោកខាងលិច។ ការសម្រេចចិត្តអញ្ជើញចិនត្រូវបានជួបជាមួយនឹងប្រតិកម្មចម្រុះពីសភានៅប្រទេសអង់គ្លេស និងនៅបរទេស។
កាលពីថ្ងៃពុធ អ្នកស្រី Kamala Harris បានថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការទប់ស្កាត់ហានិភ័យរបស់ AI ចេះនិពន្ធ ឬ Generative AI។ អ្នកស្រី Harris បានប្រកាសពីការបង្កើតវិទ្យាស្ថានសុវត្ថិភាព AI របស់សហរដ្ឋអាមេរិក ដែលជាក្រុមការងារថ្មីផ្តោតលើ AI មួយ ដើម្បីផ្តល់ការណែនាំ និងកំណត់កត្តា ហានិភ័យ។
អ្នកស្រី Harris ក៏បានជំរុញឱ្យប្រទេសផ្សេងទៀត ចុះហត្ថលេខាលើការសន្យាគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់ដោយ «ទទួលខុសត្រូវ និងមានសីលធម៌» នៃបច្ចេកវិទ្យា AI នៅក្នុងវិស័យយោធា៕
ព័ត៌មានមួយចំនួនត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មានReuters ។