ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅក្រុងកៀវដើម្បីប្រកាសការគាំទ្រថែមទៀតដល់អ៊ុយក្រែន


នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (Stefan Rousseau/Pool via AP)
នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ (Stefan Rousseau/Pool via AP)

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេសលោក​ Rishi Sunak បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​កៀវ​ ដើម្បីប្រកាស​អំពី​កញ្ចប់​ជំនួយថ្មីមួយ​ឱ្យអ៊ុយក្រែន មានរួមការ​បង្កើនជំនួយ​យោធា​សម្រាប់​សង្គ្រាម​ប្រឆាំង​នឹងរុស្ស៊ី។ នេះបើ​តាមសេចក្តី​ថ្លែងការណ៍មួយ​របស់​ខុទ្ទកាល័យលោក ដែលត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។

សេចក្តី​ថ្លែងការណ៍​នេះ​ចែង​ថា​ នៅថ្ងៃ​សុក្រ​នេះ ​គេរំពឹង​ថា លោក Sunak នឹងប្រកាស​ថាជំនួយយោធា​សម្រាប់​អ៊ុយក្រែនក្នុងឆ្នាំ​សារពើពន្ធខាងមុខ​នឹង​មាន​ទឹកប្រាក់​២ពាន់ ៥រយលាន​ផោន ​ស្មើនឹង ​៣,២ ពាន់លាន​ដុល្លារ។ ការផ្តល់ប្រាក់ជំនួយ​នេះ​គឺ​សម្រាប់ការ​ទិញមីស៊ីល​បាញ់​ក្នុង​ចម្ងាយ​ឆ្ងាយ ការការពារដែន​អាកាស គ្រាប់កាំភ្លើង​ធំ​និង​សន្តិសុខដែន​សមុទ្រ។​

លោក Sunak ​បានបំពេញ​ទស្សនកិច្ច​ដំបូងនៅ​ប្រទេសអ៊ុយក្រែនកាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០២២កន្លងទៅ ក្នុង​ពេលខ្លី ក្រោយ​លោកកាន់តំណែង​នាយក​រដ្ឋមន្ត្រី។ ចក្រភព​អង់គ្លេសជាអ្នក​គាំទ្រខ្លាំងក្លា​មួយដល់​អ៊ុយក្រែន។

ចក្រភព​អង់គ្លេស​គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​យោធា​ធំ​ជាង​គេ​ទី ២ ដល់​អ៊ុយក្រែន ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ ដែល​ផ្តល់​ជំនួយ​សរុប​ចំនួន​ជិត ​៦​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២២​ និង​ឆ្នាំ ២០២៣។

មេដឹកនាំ​អ៊ុយក្រែន​លោក Volodymyr Zelenskyy កំពុង​ជំរុញឱ្យ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​ទីក្រុងកៀវ​ ផ្តល់​ការគាំទ្រ​ដល់​អ៊ុយក្រែន​បន្ថែម​ទៀត​លើ​ជំនួយ​យោធា​រាប់ពាន់​លាន​ដុល្លារ​ ដែល​ប្រទេស​នេះ​បាន​ទទួល​រួច​ហើយ។

នៅសប្តាហ៍​នេះ ​លោក​បាន​ទៅ​ប្រទេស​បាល់ទិក​តូចៗ​ចំនួន​បី​ គឺ​លីទុយអានី ​អេស្តូនី ​និង​ឡាតវី​ ដើម្បី​ស្វែងរក​ការសន្យា​ថ្មី។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ទាំងនេះ​ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកគាំទ្រ​ដ៏​រឹងមាំ​បំផុត​របស់​ទីក្រុង​កៀវ​បាន​សន្យា​ថា ​នឹង​ផ្តល់​មីស៊ីល​ ដ្រូន​ យន្តហោះ​ចម្បាំង​ និង​គ្រាប់​កាំភ្លើង​ធំ។

លោក Zelenskyy ​បាន​ព្រមាន​ថា ​អ៊ុយក្រែន ​ជាពិសេស​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ ដើម្បី​ទប់ទល់នឹង​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។ យោង​តាម​មន្ត្រី​នៅ​ទីក្រុងកៀវ​ការវាយប្រហារ​តាម​អាកាស​ដ៏ធំ​នាពេល​ថ្មីៗ​នេះ​របស់​រុស្ស៊ី​ដោយដ្រូននិង​មីស៊ីល​ជាង​ ៥០០ គ្រឿង​ នៅចន្លោះ​ថ្ងៃទី ២៩​ ខែធ្នូ ​និង​ថ្ងៃទី២​ ខែមករា ​ធ្វើ​ឲ្យ​ធនធាន​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ខ្សោះ​និង​ងាយ​រងគ្រោះ។

លោក ​Sunak ​បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​ទទួល​ស្គាល់​ថា​ សន្តិសុខ​អ៊ុយក្រែន​ «ជា​សន្តិសុខ​របស់​យើង»។

លោកបាន​និយាយ​បន្ត​ថា​៖ «ថ្ងៃនេះ ​យើងនឹង​បន្ត​ទៅមុខទៀត​ដោយ​បង្កើន​ជំនួយ​យោធា​របស់​យើង​ ផ្តល់​ដ្រូន​រាប់ពាន់​គ្រឿង​ និង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ការធានា​តាម​តម្រូវការ​សម្រាប់​រយៈពេលវែង»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG