ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​បណ្តេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​និង​តែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​លោក Cameron ជា​រដ្ឋមន្ត្រី​ការបរទេស


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ស្តាប់​គណៈប្រតិភូ​ថ្លែង​សុន្ទរកថា​នៅឯ​សន្និសីទ​ប្រចាំឆ្នាំ​របស់​គណបក្ស​អភិរក្សនិយម​ក្នុង​ទីក្រុង Manchester ភាគ​ខាងជើង​ចក្រភព​អង់គ្លេស​ កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ស្តាប់​គណៈប្រតិភូ​ថ្លែង​សុន្ទរកថា​នៅឯ​សន្និសីទ​ប្រចាំឆ្នាំ​របស់​គណបក្ស​អភិរក្សនិយម​ក្នុង​ទីក្រុង Manchester ភាគ​ខាងជើង​ចក្រភព​អង់គ្លេស​ កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បណ្ដេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ្នកស្រី Suella Braverman ចេញ​ពី​តំណែង។ អ្នកស្រី Braverman គឺ​ជា​ឥស្សរជន​ដែល​នាំ​ឱ្យ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ដែល​បាន​បង្ក​ឱ្យ​មាន​កំហឹង​នៅ​ពេល​អ្នកស្រី​បាន​ចោទ​ប្រកាន់​ប៉ូលិស​ថា​ មាន​លក្ខណៈ​អត់ឱន​ពេក​ចំពោះ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​ប៉ាឡេស្ទីន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា អ្នកស្រី Braverman បាន​ចាកចេញ​ពី​តំណែង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​សើរើ​គណៈរដ្ឋមន្ត្រី នៅ​ពេល​ដែល​លោក Sunak សើរើ​ក្រុម​មន្ត្រី​កំពូលៗ​ក្នុង​រដ្ឋាភិបាល​របស់​លោក។ លោក James Cleverly ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស បាន​ជំនួស​តំណែង​របស់​អ្នកស្រី Braverman។

នៅ​ក្នុង​វិធានការ​មួយ​ដែល​ខុស​ប្លែក​ខ្លាំង​ពី​ធម្មតា អតីត​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក David Cameron ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស។ វា​ជា​រឿង​ដ៏​កម្រ​សម្រាប់​បុគ្គល​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​និង​មិន​មែន​ជា​សមាជិក​សភា​បាន​កាន់​តំណែង​កំពូល​មួយ​នៅ​ក្នុង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ថា លោក Cameron នឹង​ត្រូវ​តែងតាំង​ជា​សមាជិក​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត។

អ្នកស្រី Braverman បាន​និយាយ​ថា៖ «វា​គឺ​ជា​កិត្តយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកស្រី​នឹង «និយាយ​បន្ថែម​ទៀត​នៅ​ពេល​សមរម្យ​ណា​មួយ»។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ខុស​ប្លែក​ខ្លាំង​ពី​ធម្មតា​មួយ​លើ​ប៉ូលិស​កាលពី​សប្ដាហ៍​មុន អ្នកស្រី Braverman បាន​និយាយ​ថា កង​កម្លាំង​ប៉ូលិស​ទីក្រុង​ឡុងដ៍​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​ច្បាប់​ដែល​ប្រព្រឹត្តិ​ដោយ «ហ្វូង​មនុស្ស​ឥត​សណ្ដាប់ធ្នាប់​ដែល​គាំទ្រ​ប៉ាឡេស្ទីន»។ អ្នកស្រី​បាន​ហៅ​ក្រុម​បាតុករ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ថា​ជា «អ្នក​ដើរ​ក្បួន​តវ៉ា​ពោរពេញ​ដោយ​គំនុំ»។

ការ​លើកឡើង​របស់​អ្នកស្រី​នេះ​មិន​មាន​ការ​យល់ព្រម​ជា​មុន​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ដូច​សព្វ​ដង​នោះ​ទេ៕

XS
SM
MD
LG