ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស្រីលង្កា​ចូលរួម​សន្ធិសញ្ញា​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​គ្រាប់ម៉ីន​


រូបភាពឯកសារ៖ គ្រាប់មីន​ជាច្រើន​ត្រូវ​បាន​រំដោះ​ដោយ​កងទ័ព​កូឡុំប៊ី។
រូបភាពឯកសារ៖ គ្រាប់មីន​ជាច្រើន​ត្រូវ​បាន​រំដោះ​ដោយ​កងទ័ព​កូឡុំប៊ី។

ប្រទេស​ស្រីលង្កា​ជា​ប្រទេស​ទី១៦៣ ដែល​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​ម៉ីន។ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​ ផលិត​ ស្តុកទុក​ និង​បញ្ជូន​អាវុធ​ដែល​ប្រទេស​នានា​លើ​សកលលោក​ ចាត់​ទុក​ថា​ជា​អាវុធ​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ។

ប្រទេស​ស្រីលង្កា​ជា​ប្រទេស​ទី១៦៣ ដែល​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់​ម៉ីន។ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​ ផលិត​ ស្តុកទុក​ និង​បញ្ជូន​អាវុធ​ដែល​ប្រទេស​នានា​លើ​សកលលោក​ ចាត់​ទុក​ថា​ជា​អាវុធ​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ។ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយ​ថា​ ការ​ចូលរួម​របស់​ស្រីលង្កា​នៅក្នុង​សនិ្ធសញ្ញា​នេះ​ នឹង​ជួយ​ជំរុញ​កិច្ចខំប្រឹងប្រែង​ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​គ្មាន​គ្រាប់​ម៉ីន​ក្នុង​ពិភពលោក​នេះ​ ឲ្យ​បាន​ត្រឹម​ឆ្នាំ២០១៥។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សង្ឃឹម​ថា​ ការ​ចូលរួម​របស់​ស្រីលង្កា​ក្នុង​សិន្ធិសញ្ញា​ហាមឃាត់​ការ​ប្រើប្រាស់​គ្រាប់ម៉ីន​នេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ចុងក្រោយ​ទាំងបី​នៅ​តំបន់​អាស៊ី​ខាងត្បូង​ ដែល​មិន​ទាន់​ចូលរួម​ គឺ​ប្រទេស​ប៉ាគីស្ថាន​ នេប៉ាល់​ និង​ឥណ្ឌា​ ឲ្យ​ចូលរួម​ក្នុង​អនុសញ្ញា​នេះ។ លោក Firoz Alizada ប្រធាន​យុទ្ធនាការ​ និង​ទំនាក់ទំនង​ នៃ​យុទ្ធនាការ​អន្តរជាតិ​ហាមប្រាម​គ្រាប់ម៉ីន​ បាន​ប្រាប់VOA ថា​ការ​សម្រេច​ចិត្ត​របស់​ស្រីលង្កា​ ក្នុង​ការ​ចូលរួម​ជាមួយ​អនុសញ្ញា​នេះ​ នឹង​បន្ថែម​ការ​ប្រឆាំង​នឹង​គ្រាន់ម៉ីន​នៅក្នុង​សកលលោក​នេះ​ ហើយ​នឹង​ជួយ​កាត់បន្ថយ​ចំនួន​ពលរដ្ឋ​ស៊ីវិល​ដែល​រងគ្រោះ​ដោយសារ​គ្រាប់ម៉ីន​ នៅក្នុង​ប្រទេស​ដែល​មាន​បញ្ហា​អមនុស្សធម៌​ និង​ពោរពេញ​ដោយ​ការ​ប្រើប្រាស់​អាវុធ​នោះ។ លោកAlizadaបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«យើង​សង្ឃឹម​ថា​ ការសម្រេច​ចិត្ត​នេះ​នឹង​ជួយ​ស្រីលង្កា​ អាច​បង្កើន​ល្បឿនបោស​សម្អាត​ និង​បំផ្លាញ​គ្រាប់ម៉ីន​ទាំងនោះ​ ក៏ដូច​ជា​អាច​ផ្តល់​ជា​ជំនួយ​ដល់​ជន​រងគ្រោះ​ដោយសារ​គ្រាប់​នៅក្នុង​ប្រទេស​ផងដែរ»។

លោកAlizadaបាន​ថ្លែងបន្តថា គ្រាប់ម៉ីនបានសម្លាប់ និងធ្វើឲ្យពិការដល់​ពលរដ្ឋ​ស្រីលង្កាច្រើនជាង២ម៉ីន២ពាន់នាក់ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ។
របាយការណ៍ស្តីពីការគ្រប់គ្រងគ្រាប់ម៉ីនឆ្នាំ២០១៧ ដែលបានចេញផ្សាយកាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅនេះ បានរាយការណ៍ថា ប្រទេសភូមា និងស៊ីរ៉ី គឺជាប្រទេសតែ​ពីរ​គត់ ដែលបានប្រើប្រាស់គ្រាប់ម៉ីនកាលពីឆ្នាំមុន។ លោក Alizada ថ្លែងបន្ថែមថា​ប្រទេស​ទាំងពីរ​នេះ​មិន​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​នេះ​ទេ។

លោក Alizada ថ្លែង​ថា៖​«កងទ័ព​មីយ៉ាន់ម៉ា​បាន​ដាក់​គ្រាប់ម៉ីន​នៅ​តាម​បណ្តាយ​ព្រំដែន​ជាមួយ​ប្រទេស​បង់ក្លាដែស​ ដែល​យើង​បាន​ថ្កោលទោស​ ពីព្រោះ​ថា​គ្រាប់ម៉ីន​ទាំងនោះ​ត្រូវ​បាន​ដាក់​ ដើម្បី​កម្ចាត់​ពួក​ជនរ៉ូហ៊ីងយ៉ា​ដែល​ភៀសខ្លួន​ចេញ​ពី​ប្រទេស។ គ្រាប់ម៉ីន​ក៏​ត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​ស៊ីរ៉ី​ដែរ»។

របាយការណ៍​គ្រប់គ្រង​គ្រាប់ម៉ីន​នេះ​ ក៏​បាន​រាយការណ៍​ថា​ មាន​ជនរងគ្រោះ​ជាង៨ពាន់៦រយនាក់​បាន​រងគ្រោះ​ដោយ​សារ​គ្រាប់ម៉ីន​កាល​ពី​ឆ្នាំ​មុន​ ដែល​ក្នុង​នោះ​យ៉ាង​ហោចណាស់​មាន​ជនរងគ្រោះ​ចំនួន២០៨៩ នាក់​បាន​ស្លាប់។ នេះ​គឺ​ជា​ចំនួន​ខ្ពស់​ជាង​គេ​បំផុត​នៅក្នុង​កំណត់ត្រា​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩មក។ របាយការណ៍​បាន​បង្ហាញ​ថា​ប្រទេសយ៉េមែន​ លីប៊ី​ អាហ្វហ្គានីស្ថាន​ មីយ៉ាន់ម៉ា​ និងអ៊ុយក្រែន​ គឺជា​ប្រទេស​ដែល​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់ម៉ីន​ច្រើន​ជាងគេ៕

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG