ការកាត់ក្តីលោក Jason Rezaian អ្នករាយការណ៍ព័ត៌មាននៃកាសែត Wahington Post ពីបទចោទប្រកាន់ចារកម្មបានចាប់ផ្តើមធ្វើដោយបិទទ្វារកាលពីថ្ងៃអង្គារនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Ali ដែលជាបងប្អូនប្រុសលោក Jason បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងរដ្ឋធានី Washington ថា ម្តាយនិងប្អូនថ្លៃស្រីលោកបានរង់ចាំជាងប្រាំម៉ោងនៅខាងក្រៅសាលាក្តីនៅក្នុងក្រុងតេហេរ៉ង់ ក៏ប៉ុន្តែមិនបានត្រូវអនុញ្ញាតឱ្យចូលក្នុងសាលតុលាការនោះទេ។
លោកបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ចង់ឱ្យការកាត់ក្តីនេះប្រព្រឹត្តទៅជាឯកជនពីព្រោះពួកគេដឹងថាពួកគេគ្មានភ័ស្តុតាងទេ។
លោក Ali Rezaian បានថ្លែងថា បងប្អូនប្រុសលោកប្រឈមមុខនឹងការចោទប្រកាន់ដែលមានរួមបញ្ចូលការធ្វើចារកម្ម ការធ្វើការឃោសនាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់និងការធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកប្រទេសមហាអំណាចដែលមានអរិភាពប្រឆាំងនឹងអ៊ីរ៉ង់។
លោកបាននិយាយដែរថា ការចោទប្រកាន់អំពីការធ្វើសហការជាមួយពួកប្រទេសមានអរិភាពប្រឆាំងនឹងអ៊ីរ៉ង់មានទាក់ទិនភាគច្រើនជាមួយការដាក់ពាក្យសុំធ្វើការដែលបងប្អូនប្រុសលោកបានដាក់កាលពីឆ្នាំ២០០៨ ជាមួយរដ្ឋបាលលោកអូបាម៉ាដែលចូលកាន់តំណែង៕