ខណៈពេលដែលសហរដ្ឋអាមេរិកនិងមហាអំណាច៥ទៀតរបស់ពិភពលោក បានធ្វើការចរចានុយក្លែអ៊ែជាមួយអ៊ីរ៉ង់ អ៊ីស្រាអែលដែលជាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់ការស៊ើបការណ៍ ដើម្បីប្រមូលសេចក្តីលម្អិតនៃការចរចាសម្ងាត់ ហើយនឹងធ្វើការងារនៅពីក្រោយឆាកដើម្បីបំផ្លាញកិច្ចព្រមព្រៀងដ៏ធំមួយ នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានចុះផ្សាយកាលពីយប់ថ្ងៃច័ន្ទដោយកាសែត Wall Street Journal។
កាសែត Journal បានប្រាប់ឲ្យដឹងទៀតថា ក្រុមមន្រ្តីសេតវិមានបានដឹងកាលពីឆ្នាំទៅថា អ៊ីស្រាអែលបានប្រើប្រាស់ការលួចស្តាប់ពីព័ត៌មានសម្ងាត់ខ្លីៗរបស់សហរដ្ឋអាមេរិក ពីអ្នកស៊ើបការណ៍និងការទាក់ទងក្រុមអ្នកការទូតអឺរ៉ុប ដើម្បីសិក្សាពីសេចក្តីលម្អិតនៃការចរចានេះ។ សេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា អ៊ីស្រាអែលបានបដិសេធពីចារកម្មដោយផ្ទាល់លើសហរដ្ឋអាមេរិក ក៏ប៉ុន្តែផ្ទុយទៅវិញទទួលបានព័ត៌មានដោយក្រុមមេដឹកនាំឃ្លាំងមើលរបស់អ៊ីរ៉ង់ដែលបានទទួលព័ត៌មានថ្មីៗស្តីពីការចរចានោះ។
ក្រុមអ្នកការទូតនិងអ្នកជំនាញការមកពីប្រទេសអ៊ីរ៉ង់ និងក្រុមដែលរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាល្លឺម៉ង់ កំពុងស្វះស្វែងធ្វើឲ្យមានកិច្ចព្រមព្រៀងដែលធ្វើឲ្យប្រាកដថា អ៊ីរ៉ង់មិនស្វះស្វែងស្ថាបនាអាវុធនុយក្លេអ៊ែរនៅក្នុងការដោះដូរទៅនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំង។ ភាគីទាំងអស់បានព្រមព្រៀងរក្សាសេចក្តីលម្អិតនៃការចរចាររបស់ខ្លួនជាការសម្ងាត់ ដើម្បីព្យាយាមរារាំងពីឥទ្ធិពលខាងក្រៅកុំឲ្យប៉ះពាល់ដល់លទ្ធផលនៃការចរចានេះ។
ថ្វីបើមានការសន្យាពីការរក្សាការសម្ងាត់ក៏ដោយ ក្រុមមន្រ្តីអ៊ីស្រាអែលបានធ្វើសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតដោយអះអាងថា កិច្ចព្រមព្រៀងដ៏ខ្លាំងមួយមិនខ្លាំងល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យប្រាកដថា អ៊ីរ៉ង់នឹងមិនអាចធ្វើអាវុធនុយក្លេអ៊ែរបានទេ៕