ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​កាសែត​​​បណ្តាញ​ទូរទស្សន៍​Al Jazeera ​ស្វាគមន៍​ការដោះ​លែង​ពី​ពន្ធនាគារ​នៅ​អេហ្ស៊ីប


លោក​ Juris Greste ឪពុក​របស់​​អ្នក​កាសែត​សញ្ជាតិ​អូស្រ្តាលី​លោក​ Peter Greste ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទី​ក្រុង​ Brisbane ​នៃ​ប្រទេស​អូស្រ្តាលី​ កាល​ពីថ្ងៃ​ច័ន្ទ​ទី​២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ កូន​របស់​លោក​គឺ​លោក​ Peter Greste​ ត្រូវ​បាន​ដោះលែង​និង​បញ្ជូន​ចេញ​ពី​ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ Peter Greste ​អ្នកកាសែត​របស់​បណ្តាញ​ទូរទស្សន៍​ Al ​Jazeera ​បាន​និយាយ​ថា​ លោក​មាន​ការ​ធូរ​ចិត្ត​ដែល​លោកត្រូវ​បានដោះ​លែង​ពី​គុក​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប (Egypt)​ ក៏​ប៉ុន្តែ​ថា​ លោក«ថប់​អារម្មណ៍»​អំពី​ការ​បន្សល់​ទុក​សហសេវិក​ពីរ​នាក់​ដែល​នៅ​ជាប់​ក្នុង​ពន្ធនាគា​នៅ​ទ្បើយ។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​ទូរទស្សន៍ ​Al ​Jazeera​ កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ Greste​ បាន​និយាយ​ថា ​ការ​ដោះលែង​លោក​ជា​«ជំហាន​ធំមួយ​ទៅ​មុខ»​សម្រាប់​ប្រទេសអេហ្ស៊ីប​ ហើយ​ថា​ លោក​សង្ឃឹម​ថា​ប្រទេស​នេះ​នឹង​«ធ្វើតាម​មាគារ​នេះ»​ ជាមួយ​លោក​ Baher ​Mohammed ​និង​លោក​ Mohammed​ Fahmy​ នៃ​បណ្តាញ​ទូរទស្សន៍​ Al ​Jazeera។​

អាជ្ញាធរ​អេហ្ស៊ីប​បាន​បញ្ជូន​លោក Greste ​ទៅប្រទេស​អូស្រ្តាលី​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ដោះ​លែង​លោក​ពី​ការ​ជាប់​ឃុំឃាំង​ក្នុង​គុក​ចំនួន​ជាងមួយ​ឆ្នាំ​នៅ​ក្រោយ​ការ​កាត់​ទោស​លោក​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​ជួយ​ពួក​គណបក្ស​ភាតរភាព​ឥស្លាម (Muslim ​Brotherhood)​ ដែល​បាន​ត្រូវ​ហាម​ប្រាម។

លោក Greste​ ដែល​បាន​ជាប់​ពន្ធនាគារ​៤០០​ថ្ងៃត្រូវ​បាន​កាត់​ទោស​ពី​ឆ្នាំ​ទៅ​មិញ​ឲ្យ​ជាប់​គុក​៧ឆ្នាំ​ពី​បទ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ភេរវកម្ម។​ នៅ​ពេល​លោក​បាន​ត្រូវ​ដោះលែង​ មន្ត្រី​សន្តិសុខអេហ្ស៊ីប​ម្នាក់​បាន​និយាយ​ថា​ លោក​ Fahmy​ ដែល​ជា​ពលរដ្ឋ​កាណាដា​ដើម​កំណើត​អេហ្ស៊ីប​ ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ជា​មួយ​លោក​ Greste​ កាល​ពី​ឆ្នាំ២០១៣​ អាច​ត្រូវ​ធ្វើបត្យាប័ន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​កាណាដា។ ​លោក Fahmy ក៏​កំពុង​ជាប់​ពន្ធនាគារ​សម្រាប់​ការ​តាត់ទោស​ឲ្យ​ជាប់​គុក​៧​ឆ្នាំ​ផងដែរ។

ក៏​ប៉ុន្តែ ​គ្មាន​ដំណឹង​អំពី​ជោគ​វាសនា​របស់​លោក ​Baher​ Mohammed ​ដែល​ជា​ពលរដ្ឋ​អេហ្ស៊ីប​ ដែល​បាន​ត្រូវកាត់​ទោស​ឲ្យ​ជាប់​គុក​១០ឆ្នាំ​ពី​បទ​ចោទ​ប្រកាន់​ថា​លោក​មាន​គ្រាប់​កាំភ្លើង​មួយ​ប្រអប់នោះ​ទេ៕

XS
SM
MD
LG