ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និង​អតីត​ប្រធាន​ FBI ត្រូវ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ករណី​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី


លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ថ្លែង​នៅ​ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។

ក្រុម​របស់​លោក​មេធាវី​ពិសេស ​Robert Mueller ​បាន​សម្ភាសន៍​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក ​Jeff Sessions ​និង​អតីត​ប្រធាន​ទីភ្នាក់ងារ​ FBI លោក​ James Comey ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

សារព័ត៌មាន​ The New York Times ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក Sessions ត្រូវ​បាន​សាកសួរ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​កាល​ពី​សប្ដាហ៍​មុន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក Mueller។ ចំណែក​ឯ​លោក​ Comey វិញ ត្រូវ​បាន​សាកសួរ​កាល​ពី​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​កំណត់​ហេតុ​ជា​ច្រើន​ដែល​លោក​បាន​កត់ត្រា​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ​Ian Prior​ បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ Mueller ពិតជា​បាន​សម្ភាសន៍​លោក​ Sessions ​មែន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម។

មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក ​Sessions គឺ​លោក​ Chuck Cooper ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​អម​ដំណើរ​លោក Sessions ទៅ​សម្ភាសន៍​នោះ ​មិន​បាន​ផ្ដល់​យោបល់​អ្វី​នោះ​ទេ។

លោក ​David N. Kelley ដែល​ជា​មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់ Dechert LLP មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York និង​ជា​មេធាវី​របស់​លោក ​Comey ​នោះ បាន​និយាយ​ថា លោក​មិន​អាច​បញ្ជាក់ ឬ​ក៏​បដិសេធ​អំពី​ការ​រាយការណ៍​ដែល​ថា ក្រុម​របស់​លោក Mueller បាន​សម្ភាសន៍​លោក Comey នោះ​ទេ។

ការ​លើក​ឡើង​អំពី​ការ​សម្ភាសន៍​ជាមួយ​នឹង​លោក​ Sessions និង​លោក ​Comey នេះ បាន​កើត​ឡើង ស្រប​ពេល​ដែល​ក្រុម​របស់​លោក Mueller បាន​បង្កើន​ការ​សួរ​ចម្លើយ​ទៅ​លើ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ ដោយសារតែ​ក្រុម​របស់​លោក Mueller ស្វែង​រក​ថា​តើ​យុទ្ធនាការ​របស់​លោក ត្រាំ​ នេះ មាន​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​ដើម្បី​ជួយ​ឲ្យ​លោក​ ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ឬ​ក៏​អត់៕

XS
SM
MD
LG