លោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃអង្គារ បានបដិសេធចំពោះការចោទប្រកាន់ដែលថា លោកបានកុហកទៅតំណាងរាស្ត្រ នៅពេលដែលលោកបានផ្តល់សក្ខីកម្មកាលពីលើកមុន ថាលោកមិនបានដឹងអំពីទំនាក់ទំនងរវាងយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ជាមួយនឹងភ្នាក់ងាររុស្ស៊ីនោះទេ។
លោក Sessions បានថ្លែងទៅកាន់គណៈកម្មាធិការអង្គចៅក្រមសភាថា លោកចាំមិនបានថាបានជួបជាមួយនឹងលោក George Papadopoulos ដែលជាជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦នោះទេ។ លោក Papadopoulos បានពិភាក្សាអំពីទំនាក់ទំនងជាមួយនឹងអ្នកដែលបាននិយាយថា ពួកគេអាចរៀបចំឲ្យមានជំនួបរវាងលោក ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន។ ហើយកាលពីពេលថ្មីៗនេះ សេចក្តីរាយការណ៍ព័ត៌មាននានាបានបង្ហាញថា លោកបានធ្វើជាប្រធាននៃជំនួបនោះ។
លោក Sessions បាននិយាយថា «នៅក្នុងសក្ខីកម្មរបស់ខ្ញុំទាំងអស់ ខ្ញុំអាចត្រឹមតែផ្តល់ចម្លើយទៅលើសំណួររបស់អ្នកតាមតែខ្ញុំយល់បាននិងតាមការចងចាំរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំនឹងមិនទទួលយក និងបដិសេធចំពោះការចោទប្រកាន់ដែលថា ខ្ញុំបានកុហក។ វាគឺជាពាក្យកុហក»។
ចាប់តាំងពីបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាមួយកាលពីពាក់កណ្តាលខែតុលាមក សេចក្តីរាយការណ៍នានាបានផ្សាយថា លោក Papadopoulos បានសារភាពទទួលកំហុសកាលពីដើមខែតុលា ថាបានកុហកទៅកាន់ភ្នាក់ងារសហព័ន្ធ ដែលស៊ើបអង្កេតទៅលើករណីពាក់ព័ន្ធរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងរុស្ស៊ី ហើយលោកក៏កំពុងសហការជាមួយនឹងលោករដ្ឋអាជ្ញាពិសេស Robert Mueller នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់លោកផងដែរ៕