ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួននឹងចាត់វិធានការអ្វីដែលលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Jeff Sessions បានហៅថា «វិធានការដ៏កម្រ»ក្នុងការសុំតុលាការកំពូលឲ្យលុបចោលការសម្រេចរបស់រដ្ឋកាលីហ្វ័រញ៉ាដែលបានរារាំងការបញ្ចប់កម្មវិធីជនអន្តោប្រវេសន៍ខុសច្បាប់មកដល់សហរដ្ឋអាមេរិកនៅពីក្មេងឬ DACA។
ចំណាត់ការនេះជាការកម្រមួយ ពីព្រោះតែរដ្ឋបាលបានចាត់វិធានការមុនពេលដំណើរការតាមផ្លូវច្បាប់នៅពេលបច្ចុប្បន្ននេះនៅក្នុងតុលាការឧទ្ធរណ៍ក្រុង San Francisco បានបញ្ចប់។
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Sessions បានពន្យល់ថា វាជាការបំពានច្បាប់ដែលអនុញ្ញាតឲ្យលោក William Alsup ចៅក្រមសហព័ន្ធនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសម្រេចអំពីបញ្ហាកម្មវិធី DACA សម្រាប់ប្រទេសទាំងមូលនោះ។
លោក Xavier Becerra រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ាបានឆ្លើយតបទៅនឹងចំណាត់ការនោះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារដោយនិយាយថា លោកមានទំនុកចិត្តថា តុលាការឧទ្ធរណ៍នឹងពិនិត្យមើលប្រកបដោយភាពសមហេតុសមផលនិងយុត្តិធម៌អំពីការចេញសេចក្តីសម្រេចដែលបានការពារកម្មវិធី DACA នេះរហូតទាល់តែបញ្ហានេះត្រូវបានសម្រេចនៅក្នុងតុលាការ។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិះគន់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យដោយនិយាយថា ការទាមទាររបស់ពួក គេដើម្បីការពារកម្មវិធី DACA នឹងបង្ខំឲ្យរដ្ឋាភិបាលបិទទ្វានៅសប្តាហ៍នេះដែលនឹងធ្វើឲ្យប៉ះពាល់ដល់កងទ័ព៕
ពួកខាងគណបក្សប្រជាធិបតេយ្យចង់បិទទ្វារដ្ឋាភិបាលលើការដោះដូរការអនុគ្រោះជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមក្មេងៗនិងរបងសន្តិសុខនៅតាមបណ្តោយព្រំដែន។ អ្នកខាតបង់ខ្លាំងបំផុតគឺយោធារបស់យើង នៅពេលដែលយើងត្រូវការកងទ័ពជាងពេលណាៗទាំងអស់។ យើងត្រូវការប្រព័ន្ធអន្តោប្រវេសន៍មួយដែលផ្អែកលើគុណសម្បត្តិ ហើយយើងត្រូវការប្រព័ន្ធនេះនៅពេលឥឡូវនេះ។ មិនមានការចាប់ឆ្នោតផ្សងសំណងប្រកបដោយគ្រោះថ្នាក់មកកាន់សហរដ្ឋអាមេរិកទៀតទេ»៕