ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​ Southland ​បដិសេធ​មិន​ទទួល​យក​ក្រុម​សហជីព​ដែល​តវ៉ា​ដើម្បី​ការ​បោះឆ្នោត


ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក ​ផន ម៉ៃ​ បាន​ប្រាប់​ក្រុម​កម្មករ​ និង​តំណាង​សហជីព​ថា​ លោក​នឹង​ធ្វើ​លិខិត​អញ្ជើញ​ភាគី​សហជីព​ និង​ថៅកែ​រោងចក្រ​ទៅ​ផ្សះផ្សា​គ្នា​ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

មន្ត្រី​ក្រសួង​ការងារ​នៅ​ថ្ងៃ​សុក្រ​នេះ​ ថ្លែង​ថា​ ក្រសួង​នឹង​កោះ​អញ្ជើញ​ភាគី​រោងចក្រ​Southland និង​សមាជិក​សហជីព​ចលនា​កម្មករ​ (CUMW)​ ទៅ​ផ្សះផ្សា​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ ទាក់​ទិន​ការ​ព្យួរ​ការងារ ក្រោយ​ការបោះឆ្នោត​ឃុំ​-សង្កាត់។​ ការ​គ្រោង​កោះ​អញ្ជើញ​នេះ​ កើត​មាន​ឡើង​ ក្រោយ​ភាគី​រោង​ចក្រ​បដិសេធ​មិន​ទទួល​យក​ក្រុម​សហជីព​១០នាក់​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ខាង​សមាគម​រោងចក្រ​កាត់ដេរ​ថា​ បាន​ញុះញង់​កម្មករ ​មិន​ឲ្យ​ធ្វើការ។

រោងចក្រ​ Southland​ ​បដិសេធ​មិន​ទទួល​យក​ក្រុម​កម្មករ​១០នាក់ ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​(CUMW)​ ​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ ក្រោយ​ការ​តវ៉ា​ឲ្យ​កម្មករ​បាន​ទៅ​បោះ​ឆ្នោត​កាលពី​សប្ដាហ៍​មុន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​ការងារ​ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

លោក​ ផន ម៉ៃ​ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​ទី៣​ នៃ​ក្រសួងការងារ​ និយាយ​ជាមួយ​ក្រុម​កម្មករ​កាលពីថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៧ មុន​ពេល​លោក​ចូល​ទៅ​ជួប​ភាគី​រោងចក្រ​ក្នុង​រោងចក្រ​ Southland។ (ហ៊ុល រស្មី/VOA)​
លោក​ ផន ម៉ៃ​ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​ទី៣​ នៃ​ក្រសួងការងារ​ និយាយ​ជាមួយ​ក្រុម​កម្មករ​កាលពីថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៧ មុន​ពេល​លោក​ចូល​ទៅ​ជួប​ភាគី​រោងចក្រ​ក្នុង​រោងចក្រ​ Southland។ (ហ៊ុល រស្មី/VOA)​

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​ ​និង​តំណាង​សហជីព​នៅ​មុខ​រោងចក្រ​ Southlandស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ​លោក​ ផន ម៉ៃ​ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​ទី៣​ នៃ​ក្រសួង​ការងារ​និយាយ​ថា​ ភាគី​ខាង​រោងចក្រ​មិន​ព្រម​ទទួល​យក​ការ​ចរចា​ណាមួយ​ ដើម្បី​ទទួល​យក​ក្រុម​សហជីព​ទាំង​នោះ​ទេ ហើយ​រោងចក្រ​ ក៏​មិន​ផ្ដល់​ហេតុផល​ចំពោះ​ការ​សម្រេច​របស់​ខ្លួន​ដែរ។

«គាត់​នៅតែ​បដិសេធ​ថា​ គាត់​មិន​ទទួល​យក​តំណាង​ទាំង​អស់។ អញ្ចឹង​ចំណុច​ វិវាទ​ដែល​ក្ដៅ​របស់​យើង​ គឺ​ចំណុច​តំណាង​ហ្នឹង​ហើយ។​ ហើយ​បើ​សិន​ជា​ខ្ញុំ​នៅតែ​ព្យាយាម​ វា​នាំ​ឲ្យ​ខាត​ពេលវេលា​របស់​បងប្អូន​ទេ»។

លោក ​ផន ម៉ៃ​ បាន​ប្រាប់​ក្រុម​កម្មករ​ និង​តំណាង​សហជីព​ថា​ លោក​នឹង​ធ្វើ​លិខិត​អញ្ជើញ​ភាគី​សហជីព​ និង​ថៅកែ​រោងចក្រ​ទៅ​ផ្សះផ្សា​គ្នា​ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

នៅ​ពេល​ដែល​តំណាង​សហជីព​សួរ​លោក​អំពី​ថា​ តើ​កម្មករ​អាច​បើក​ប្រាក់​ឈ្នួល​បាន ​ឬ​យ៉ាងណា​ នៅ​ពេល​ដែល​វិវាទ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ​ លោក​ ផន ម៉ៃ​ ពន្យល់​ថា​ កម្មករ​នៅតែ​អាច​បើកប្រាក់​ឈ្នួល​បាន​ដដែល​ ហើយ​ប្រសិន​បើ​រោងចក្រ​មិន​បើក​ឲ្យ​ទេ​ កម្មករ​អាច​ធ្វើ​កំណត់​ហេតុ​ប្ដឹង​ទៅ​ក្រសួង។

«បើ​សិន​ជា​ស្អែក​ហ្នឹង​គេ​បើក​ឲ្យ​ យើង​នាំ​ថ្ងៃ​បើក​ចុះ​ណា៎ ហើយ​បើ​គេ​មិន​បើក​ឲ្យ​ទេ​ បញ្ហា​ហ្នឹង​យើង​ដាក់​ទៅ​ទៀត​ទៅ​ហ្នឹង​មាន​តែ​អ៊ីចឹង​ទេ។ ខ្ញុំ​ស្នើសុំ​ឲ្យ​បង​ប្អូន​យើង​សម្រាក​ទៅ​ មិនបាច់​នាំគ្នា​នៅ​ក្ដៅ​អញ្ចេះ​ទេ។ សម្រាក​សិន​ទៅ​ចាំ​រង់​ចាំ​ថ្ងៃ​ចន្ទ​ទៅ»។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ កម្មករ​ជាច្រើន​នាក់​បាន​អង្គុយ​ និង​ឈរ​ត្រៀបត្រា​ នៅ​មុខ​ និង​ក្បែរ​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ Southland company។ ពួក​គេ​មួយ​ចំនួន​បាន​និយាយ​ប្រាប់​ VOA ថា​ ពួកគេ​នឹង​មិន​ចូល​ធ្វើ​ការ​វិញ​ទេ​ ប្រសិន​បើ​ថៅកែ​ មិន​យក​កម្មករ១០​នាក់​ដែល​ជា​សមាជិក​សហជីព​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ។

លោក​ ឡាញ់ ភិរម្យ​ ដែល​អះអាង​ថា​ លោក​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ក្នុង​រោងចក្រ ​Southland ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​អំពាវនាវ​ឲ្យ​កម្មករ​បន្ត​ការ​តវ៉ា​រក​យុត្តិធម៌​ជូន​ក្រុម​សហ​ជីព​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការ​ងារ។​ លោក​ថា ​ប្រសិនបើ​កម្មករ​មិន​បន្ត​ការ​តវ៉ា​ទេ​ ក្រុម​សហជីព​គ្មាន​ជម្រើស​ណា​ផ្សេង​ ក្រៅតែ​បាត់បង់​ការងារ​នៅ​ក្នុង​រោងចក្រ។

«ជ្រុល​ដល់​ពេលនេះ​ហើយ​ យើង​គួរ​តែ​តស៊ូ​ទៅមុខ​ទៀត។​ យើង​មាន​តែ​ប៉ុណ្ណឹង​ បើ​សិន​ណាក្នុង​ថ្ងៃ​ស្អែក​ គេ​មិន​បើក​លុយ​ឲ្យ​យើង​ អា​ហ្នឹង​យើង​គិត​ទៀត​បាទ។ យើង​នឹង​ធ្វើ​លិខិត​សំណូម​ពរ​ទៅ​ទៀត​ ដាក់​ទៅ​ខាង​ក្រសួង​ទៀត​បាទ។ តែ​បើ​សិន​បើ​បងប្អូន​កម្មករ​គាត់​នៅ​ ថា​ហ៊ឺ​គាត់​ត្រូវ​តែ​ធ្វើការ ​អញ្ចឹង ខ្ញុំ​ទាំង​១០នាក់​ ទាំង​១១​រូប​គឺ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រោង​ចក្រ​នេះ​ហើយ»។

លោក​ ឡាញ់​ ភិរម្យ បេក្ខជន​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅក្នុង​រោងចក្រ​ Southland ​និយាយ​ជាមួយ​អ្នក​យកព័ត៌មាន​ កាលពីថ្ងៃ​ទី​៩ ខែមិថុនា​ ឆ្នាំ​២០១៧​ ទាក់​ទិន​ការ​ព្យួរ​ការងារ​របស់​ក្រុមសហជីព។ (ហ៊ុល រស្មី/VOA) ​
លោក​ ឡាញ់​ ភិរម្យ បេក្ខជន​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅក្នុង​រោងចក្រ​ Southland ​និយាយ​ជាមួយ​អ្នក​យកព័ត៌មាន​ កាលពីថ្ងៃ​ទី​៩ ខែមិថុនា​ ឆ្នាំ​២០១៧​ ទាក់​ទិន​ការ​ព្យួរ​ការងារ​របស់​ក្រុមសហជីព។ (ហ៊ុល រស្មី/VOA) ​

លោក​ ​ឡាញ់ ភិរម្យ​ ​បាន​ថ្លែង​បន្ថែម​ថា៖

«មុន​ដំបូង​បងប្អូន​ជា​អ្នក​ធ្វើ​សោះ​ គេ​បែរ​ជា​ទម្លាក់​កំហុស​មក​ខាង​ខ្ញុំ​ ទាំង​១០​រូប​ថា​ ខ្ញុំ​ជា​ជន​បះបោរ​ ជា​អី​សព្វបែបយ៉ាង​ហ្នឹង​ គឺ​ខ្ញុំ​ គឺ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រោងចក្រ​ហ្នឹង​ហើយ»។

VOA​ ​ព្យាយាម​សុំ​សេចក្ដីអធិប្បាយ​ពី​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​រោងចក្រ​ Southland ​នា​ថ្ងៃ​សុក្រ​នេះ​ តែ​ត្រូវ​បាន​សន្តិសុខ​ការពារ​រោងចក្រ​ប្រាប់​ថា ​មិន​មាន​អ្នកណា​ម្នាក់​ជា​ភាគី​រោងចក្រ​ព្រម​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ជួប​នោះ​ឡើយ។

​ក៏ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ​(GMAC)​ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​ចោទ​ថា​ រោងចក្រ​ ​Southland​ ​បាន​រើស​អើង​សហជីព។

​សេចក្ដី​ថ្លែង​ការណ៍​របស់ GMAC បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ការ​ព្យួរ​ការងារ​កម្មករ​ចំនួន​១០នាក់​ខាងលើ​ មិនមែន​ជា​ការ​រើសអើង​សហជីព​ឡើយ​ ប៉ុន្តែ​ជា​ការ​អនុវត្ត​វិធានការ​វិន័យ​របស់​និយោជក​ ចំពោះ​កម្មករ​ទាំង១០​ រូប​ ដែល​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​តាម​រយៈ​សកម្មភាព​ដើរ​បិទភ្លើង​ ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើការ»។

GMAC ​បាន​លើកឡើង​ថា​ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​នៅ​ក្នុង​រោងចក្រ​ Southland ​ជា​សហជីព​ដែល​ពុំ​ទាន់​មាន​បញ្ជិកា​នៅ​ឡើយ​ទេ។​ ដូច​នេះ​មានន័យ​ថា សកម្មភាព​សហជីព​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រោងចក្រ​ Southland គឺ​មិន​ស្រប​តាម​ច្បាប់​ស្ដីពី​សហជីព​ទេ។

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ GMAC ​កំពុង​ការពារ​សមាជិក​របស់​ខ្លួន​ ដោយ​បាន​លើក​យក​ច្បាប់​សហជីព​មក​វាយ​ប្រហារ​លើ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជិកា ហើយ​ក៏​មិន​បាន​ធ្វើ​សកម្ម​ភាព​ញុះញង់​ឲ្យ​កម្មករ​តវ៉ា​ប្រឆាំង​នឹង​រោងចក្រ​ដែរ។

រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

លោក​ថា​ ការ​ចោទប្រកាន់​របស់​ GMAC គឺ​មិន​ស្រប​តាមផ្លូវច្បាប់​ ​ហើយ​ GMAC កន្លង​មក​ក៏​មិន​ជួយ​ការពារ​ប្រយោជន៍​កម្មករ​ផង​ដែរ។

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ៖​

«ខ្ញុំ​លើក​ឧទាហរណ៍​ថា​ រោងចក្រ​បិទ​ទ្វា​ ឬ​ក៏​ថៅកែ​រត់​ ដែល​មិន​បាន​ផ្ដល់​សំណង​ឲ្យ​ កម្មករ​នោះ​ អា​ហ្នឹង​ម៉េច​ក៏ GMAC ខ្លួនឯង​ម៉េច​ក៏​មិន​ប្រាប់​ទៅ​សមាជិក​ខ្លួន​ថា​ ឲ្យ​អនុវត្តន៍​ឲ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ផង។​ អញ្ចឹង ​អា​ទាំងអស់​នេះ​ហើយ​ដែល​យើង​ត្រូវ​សិក្សា​អំពី​រឿងរ៉ាវ​នីមួយៗ។ កាលណា​ដែល​យើង​ មិនបាន​មើល​ច្បាស់​លាស់​ ហើយ​យើង​ចេះ​តែ​ចោទ​ វា​ធ្វើ​ឲ្យ​បញ្ហា​វិវាទ​បន្ត​ការ​កើត​មាន​ទៀត​បាទ»។

យ៉ាង​ណា​ក៏ដោយ​ លោក​ ​ប៉ាវ ស៊ីណា​ ​ឲ្យ​ដឹង​បន្ថែម​ថា​ ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ​នឹង​សម្រប​សម្រួល​ឲ្យ​ម្ចាស់​រោងចក្រ​ Southland ​ទទួលយក​ក្រុម​សហជីព​ទាំង​ ១០​នាក់​ និង​កម្មករ​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​ព្យួរ​ពី​ការ​ងារ​ ​បន្ទាប់​ពី​កម្មករ​ងើប​តវ៉ា​ទាមទារ​ទៅ​បោះឆ្នោត។

តាម​ការ​បញ្ជាក់​ពី​ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ​កូដកម្ម​ទាមទារ​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ បាន​ផ្ដើម​ឡើង​ តាំង​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ គឺ​ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​បន្ទាប់​ពី​ក្រុមហ៊ុន​ Southland​ ច្រានចោល​សំណើ​របស់​កម្មករ​ ​ទាមទារ​ឈប់​សម្រាក​ពីរ​ថ្ងៃ​ ​ដោយ​មាន​ប្រាក់​ឈ្នួល​ ​និង​ដោយ​មិនបាច់​ប្រើ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​ទៅ​បោះឆ្នោត។

ក្រុម​កម្មករ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រោយពី​រោងចក្រ​ច្រានចោល​សំណើ​នេះ​ ​កម្មករ​បាន​សុខ​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​កាត់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មួយ​ថ្ងៃ​ ​និង​កាត់​៥០ភាគរយ​នៃ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ។​ ក៏ប៉ុន្តែ​នៅ​ពេល​កម្មករ ​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ព្រឹក​ថ្ងៃពុធ​ ​ក្រោយ​ការ​បោះឆ្នោត បែរ​ជា​មាន​សេចក្ដី​ជូន​ដំណឹង​ពី​តុលាការ​ក្រុង​ភ្នំពេញ​ បិទ​នៅ​មុខ​ទ្វា​ចូល​រោងចក្រ​ ហាម​ឃាត់ តំណាង​សហជីព​ចំនួន​១០​នាក់​ ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW)​ ​មិន​ឲ្យ​ចូល​ធ្វើ​ការ។

រហូត​មក​ដល់​ពេល​នេះ​ សេចក្ដីជូនដំណឹង​របស់​តុលាការ​ ត្រូវ​បាន​គេ​បន្ត​បិទ​លើ​ទ្វា​ចូល​រោងចក្រ​ Southland ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង។

ក្រុម​កម្មករ​មួយ​ចំនួន​បាន​ប្រាប់​ VOA ថា​ ពួកគេ​សុខ​ចិត្ត​បាត់បង់​ការងារ​នៅ​រោងចក្រ​ Southland​ ប្រសិន​បើ​ថៅកែ​រោងចក្រ​មិនព្រម​ទទួល​ក្រុម​សហជីព​ និង​កម្ម​ករ​ចំនួន​១១​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ។

រោង​ចក្រ​ Southland​ ​នេះ​ ទទួល​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​យីហោ​អន្តរជាតិ​ធំៗ​ រួម​មាន​ Polo Next Co​ ​និង​ American Eagle៕

XS
SM
MD
LG