ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​បន្ត​តវ៉ា​ ព្រោះ​រោងចក្រ​កាត់​ប្រាក់ឈ្នួល​​ ពេល​ទៅ​បោះឆ្នោត​ និង​ព្យួរ​ការងារ​ក្រុម​សហជីព


 ក្រុម​កម្មករ​ជាច្រើន​រយនាក់នៃ​រោង​ចក្រ​​ Southland ​មកប្រមូលផ្តុំគ្នា​នៅមុខក្រសួងការងារ​កាលពី​ថ្ងៃ​ទី​ ៨​ ខែ មិថុនា ឆ្នាំ​ ២០១៧​ ​ទាម​ទារ​ឲ្យថៅកែ​រោងចក្រ Southland ទទួលយកក្រុម​សហជីព​ដែលត្រូវបាន​ព្យួរពីការងារ​។ (ហ៊ុល រស្មី/VOA)
ក្រុម​កម្មករ​ជាច្រើន​រយនាក់នៃ​រោង​ចក្រ​​ Southland ​មកប្រមូលផ្តុំគ្នា​នៅមុខក្រសួងការងារ​កាលពី​ថ្ងៃ​ទី​ ៨​ ខែ មិថុនា ឆ្នាំ​ ២០១៧​ ​ទាម​ទារ​ឲ្យថៅកែ​រោងចក្រ Southland ទទួលយកក្រុម​សហជីព​ដែលត្រូវបាន​ព្យួរពីការងារ​។ (ហ៊ុល រស្មី/VOA)

«១១នាក់​ហ្នឹង​ គាត់​ចាំ​ជួយ​កម្មករ​ចឹង​ ចិន​ធ្វើបាប​កម្មករ​ចឹង​ គាត់​ជួយ​ ដល់​ពេល​ខាង​សហជីព​ក្នុង​រោងចក្រ​ហ្នឹង ​គេ​អត់​ចង់​ឲ្យមាន​អ្នក​ជួយ​ចឹង​ ព្រោះអី​ក្នុង​រោងចក្រ​ហ្នឹង​ សហជីព​ហ្នឹង​កាន់​ជើងចិន​ អត់​ជួយ​កម្មករ​ទេ»។

កម្មករ​ជាច្រើន​រយ​នាក់​មក​ពី​រោង​ចក្រ​កាត់​ដេរ​របស់​ក្រុមហ៊ុន​ Southland company ​បានប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ ​ធ្វើ​កូដ​កម្ម​ទាមទារ​ ​មិន​ឱ្យ​មាន​ការ​បញ្ឈប់​ការងារ​របស់​សមាជិក​សហជីព​ និង​កាត់​ប្រាក់ឈ្នួល​ ពេល​ពួក​គេ​ទៅ​បោះ​ឆ្នោត​ឃុំ-សង្កាត់។​

តាម​ការ​បញ្ជាក់​ពី​ក្រុម​កម្មករ​ដែល​ចូលរួម​កូដកម្ម​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ឲ្យ​ដឹង​ថា ​កូដកម្ម​នេះ​ ​បាន​ផ្តើម​ឡើង​ តាំង​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ គឺ​ ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ក្រោយ​ពី​ក្រុមហ៊ុន​ Southland​ ​ដែល​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ​ច្រានចោល​សំណើ​របស់​កម្មករ​ ​ទាមទារ​ឈប់​សម្រាក​ពីរ​ថ្ងៃ​ ​ដោយ​មាន​ប្រាក់​ឈ្នួល​ ​និង​ដោយ​មិនបាច់​ប្រើ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដើម្បីអនុញ្ញាត​ឲ្យ​ពួក​បាន​ទៅ​បោះឆ្នោត។

ក្រុម​កម្មករ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រោយពី​រោងចក្រ​ច្រានចោល​សំណើ​នេះ​ ​កម្មករ​បាន​សុខ​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​កាត់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មួយ​ថ្ងៃ​ ​និង​កាត់​ ​៥០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ។​ ក៏ប៉ុន្តែនៅ​ពេល​កម្មករ ​វិល​ត្រឡប់​ទៅធ្វើ​ការ​វិញ​នៅព្រឹក​ថ្ងៃពុធ​ ​ក្រោយ​ការ​បោះឆ្នោត​ ​បែរ​ជា​មាន​សេចក្តី​ជូន​ដំណឹង​ពី​តុលាការ​ក្រុង​ភ្នំពេញ​ ​ហាម​ឃាត់ តំណាង​សហជីព​ចំនួន​១០​នាក់​ ដែល​ ជា​សមាជិក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW)​ ​មិន​ឲ្យ​ចូលធ្វើ​ការ។​ ​ហើយ​ថ្មីៗ​នេះ​ ​មាន​កម្មករ​ម្នាក់​ផ្សេង​ទៀត​ក៏ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ធ្វើការ​ផង​ដែរ ​ទាក់ទិន​ការតវ៉ា​សុំ​សម្រាក​ការងារ​ដើម្បី​បាន​ទៅ​បោះឆ្នោត​។

កញ្ញា​ ធូ ចិន្តា​ វ័យ​ ២៥​ ឆ្នាំ​ កម្មការិនី​ម្នាក់​ ដែល​ចូលរួម​កូដកម្ម​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រាប់​ VOA​ ​ថា៖

«អ្នកខាង​ក្នុង​រោងចក្រ​ហ្នឹង​ គេចោទ​ថា ​ពួកបង​ ប្រមាណ​ ១១​នាក់​ហ្នឹង​ណ៎ា​ អ្នកអុជអាល​ឲ្យ​ពួកកម្មករ​បះបោរ​ចឹង​ណ៎ាបង។ ហ្នឹង​ហើយ​ ទៅបោះឆ្នោត​ អាថ្ងៃយើង​ឈប់​ទៅបោះឆ្នោត​ពីរ​ថ្ងៃ​។ ព្រោះអី​ថ្ងៃ​សុក្រ​ហ្នឹង​ ខ្ញុំ​ធ្វើការ​បាន​មួយព្រឹក​ទេ​ ដល់​ពេល​ម៉ោង​ ១២​ កន្លះ​ហ្នឹង​ ពួក​ខ្ញុំ​កម្មករ​ហ្នឹង​នាំ​គ្នា​បិទ​ភ្លើង​តវ៉ា​ សុំ​គេ​ស៊ី​ ៥០​ភាគរយ​មួយថ្ងៃ​ ហើយ​និង​សុំ​គេឲ្យ​គេ​កាត់បំណាច់​ឆ្នាំ​មួយថ្ងៃ​ចឹង​បង ដល់​ពេល​រួច​ហើយ​ខាង​សហជីព​ក្នុង​រោងចក្រ​ គេអត់​ដោះស្រាយ​ឲ្យ​ទេ»។​

កម្មការិនី​កាត់​ដេរ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ​បាន​បន្ថែម​ថា ក្រុម​សហជីព​ និង​កម្មករ​ដែល​ត្រូវបាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ធ្វើការ​វិញនេះ​ ជា​អ្នក​បម្រើ​ប្រយោជន៍​ ដល់​កម្មករ​ ដែល​ផ្ទុយពី​ក្រុម​សហជីព​ម្ខាង​ទៀតដែល​រណប​ខ្លបខ្លាច​ថៅកែ​រោងចក្រ។

«១១នាក់​ហ្នឹង​ គាត់​ចាំ​ជួយ​កម្មករ​ចឹង​ ចិន​ធ្វើបាប​កម្មករ​ចឹង​ គាត់​ជួយ​ ដល់​ពេល​ខាង​សហជីព​ក្នុង​រោងចក្រ​ហ្នឹង ​គេ​អត់​ចង់​ឲ្យមាន​អ្នក​ជួយ​ចឹង​ ព្រោះអី​ក្នុង​រោងចក្រ​ហ្នឹង​ សហជីព​ហ្នឹង​កាន់​ជើងចិន​ អត់​ជួយ​កម្មករ​ទេ»។​

ក្រុម​កម្មករ​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាង​កក​កុញ​ ​នៅ​មុខ​ច្រក​ចូល​ក្រសួង​ការ​ងារ​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​តាំង​ពី​ព្រឹក​ព្រលឹម​ មុន​ពេល​ពួក​គេរំសាយ​ទៅវិញនៅ​ម៉ោង ប្រមាណ​ជាង​ ១១​ថ្ងៃត្រង់​ ក្រោយ​ពេល​មន្ត្រី​នៃ​ក្រសួង​ការ​ងារ​បាន​ចេញ​មក​ទទួល​ញត្តិ​អន្តរាគមន៍​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។​ ​ញត្តិ​ដែល​ដាក់​ជូន​ក្រសួង​ការ​ងារបាន​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​ ទទួល​កម្មករ​ទាំងឡាយ​ ដែល​ត្រូវ​បានព្យួរ​ការងារ​ និង​ឈប់​រើស​អើង​សកម្មភាព​សហជីព។

លោកអ៊ូ រតនា​ មន្ត្រី​នៃ​គណៈកម្មការ​ដោះ​ស្រាយ​កូដកម្ម​ ​និង​បាតុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការ​ងារ​ ​បាន​ប្រាប់​ ​លោក​ ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW)​ ថា​ ការ​ចរចា​ជា​មួយ​ ​ថៅ​កែ​រោង​ចក្រ​ Southland​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

«ជូន​ព័ត៌មាន​អូន​ថា​ ស្អែក​ម៉ោង​ ៩​ យើង​ចុះទៅដល់​រោង​ចក្រ ហើយ​សំណូមពរ​ ឲ្យ​រំសាយ​រឿង​នេះ okay»។​

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​ថ្លែង​ប្រាប់​ VOA ​នៅ​មុខ​ក្រសួង​ការងារ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ថា​ កម្មករ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នោះ​ទេ​ ប្រសិន​បើ​ថៅ​កែ​រោង​ចក្រ​មិន​ទទួល​យក​ក្រុម​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ។​ ​លោក​ថា​ ក្រុម​សហជីព​ទាំង​១០នាក់​នោះ​ ​ជា​បេក្ខ​ជន​នៃសម្ព័ន្ធ​សហជីព​ចលនាកម្មករ​ ដែល​បាន​ព្យាយាម​បង្កើត​សហជីព​មួយ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​រោងចក្រ​នេះ​ ​តាំង​ពី​ឆ្នាំ​ ២០១៥​ ដោយ​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ តែ​រោងចក្រ​បាន​ច្រានចោល។

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ៖​

​«ដូច្នេះ​ ខ្ញុំ​យល់​ថា​ ការណ៍​ដែល​បញ្ឈប់​នេះ​ គឺ​ជា​ការ​ប្រមាថ​ និង​ការ​ជាន់​ឈ្លី​ ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ទាំង​ស្រុង។​ ​ដូច្នេះ​ ខ្ញុំ​គិត​ថា និយោជក​គប្បី​ ត្រូវ​តែ​ទទួល​ពួកគេ​ចូល ហើយ​ក្រសួង​ជំនាញ​ត្រូវតែ​ដាក់​សម្ពាធ​ឲ្យ​និយោជក​ហ្នឹង​ ​យក​ពួក​គាត់​ឲ្យ​ទៅ​ចូល​ធ្វើការ​វិញ​ ហើយ​ងាក​មក​រក​ការ​គោរព​ច្បាប់​ ងាក​មក​រក​ការ​អនុវត្ត​ ទៅតាម​អ្វី​ ដែល​ជា​បទដ្ឋាន​ស្តង់​ដា ការងារ​បាទ»។​

លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ ថ្លែង​ប្រាប់​ អ្នកកាសែតកាលពីថ្ងៃ​ទី​ ៨​ ខែ មិថុនា​ ឆ្នាំ​ ២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland ។ (ហ៊ុល រស្មី/VOA)
លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ ថ្លែង​ប្រាប់​ អ្នកកាសែតកាលពីថ្ងៃ​ទី​ ៨​ ខែ មិថុនា​ ឆ្នាំ​ ២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland ។ (ហ៊ុល រស្មី/VOA)

​លោក​ ប៉ាវ ស៊ីណា​ ​ឲ្យ​ដឹង​បន្ថែម​ថា​ រោង​ចក្រ​ Southland​ ​នេះ​ ទទួល​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​យីហោ​អន្តរជាតិ​ធំៗ​ រួមមាន​ Polo Next Co​ ​និង​ American Eagle។

VOA​ ​មិនអាច​ទំនាក់ទំនង​សុំ​ក្តី​អធិប្បាយពី​តំណាង​រោងចក្រ​បាន​ទេ​នា​ថ្ងៃ​ព្រហស្បតិ៍នេះ​។​

របាយ​ការណ៍​របស់​កាសែត​ The Cambodia Daily ដែល​បាន​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ដក​ស្រង់​សេចក្តី​ជូន​ដំណឹង​របស់​ចៅក្រម​ ហេង​ សុខណា​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ក្នុង​ន័យ​ដើម​ថា​ ជំរុញ​ឲ្យ​ ​«កម្មករ​ទាំង​អស់​នៃ​រោងចក្រ​កាត់​ដេរ​ Southland ចូល​ធ្វើការ​ងារ​វិញ​ដូចធម្មតា​ក្នុង​រយៈពេល​៤៨​ម៉ោង​ ​លើកលែង​តែ​កម្មករ​ ​១០​នាក់​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ធ្វើការ​វិញ​ឡើយ»។​

លោក​ចៅក្រម​ ​ហេង​ សុខណា​ ​បញ្ជាក់​ថា​ ​សេចក្តី​ជូន​ដំណឹង​របស់​លោក​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​មេធាវី​តំណាង​រោង​ចក្រ។​ ​លោក​បញ្ជាក់​បន្ថែម​ថា​ កម្មករ​បាន​ចាប់​ផ្តើម​ធ្វើកូដកម្មដោយ​មិន​បាន​ជូនដំណឹង​ ​ឬ​ដាក់​ជូន​ឯកសារ​ណាមួយ​អំពី​ការ​ធ្វើ​កូដកម្ម​នេះ​ជាមុន​ឡើយ​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​ ​៣២៤​ នៃ​ច្បាប់​ការងារ។

VOA ​ព្យាយាម​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ចៅក្រម​ ហេង​ សុខណា​ ​តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ក៏​បាន​ស្តី​បន្ទោស​ក្រសួង​ការងារ​ ​ថា​ខកខាន​មិន​បាន​សម្រួល​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ដូច​អាណត្តិ​មុន៕

XS
SM
MD
LG