ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ រដ្ឋាភិបាល​គួរ​មាន​យន្តការ​សម្រួល​ឱ្យ​កម្មករ​បាន​ទៅ​បោះឆ្នោត​ឃុំសង្កាត់​ដោយ​សេរី


ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​ (CENTRAL)​ យល់​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​បាន​ពេញលេញ​ដើម្បី​ឲ្យ​កម្មករ​ កម្មការិនី​កម្ពុជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោះឆ្នោត​នៅ​ស្រុក​កំណើត​នោះ​ទេ។

នៅ​សល់​រយៈពេល​ត្រឹម​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី៤​ នឹង​ឈាន​ចូល​មក​ដល់។​ ក៏ប៉ុន្តែ​ មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​យន្តការ​ និង​សេចក្តី​ប្រកាស​ ឬ​ការ​ណែនាំ​ជាក់លាក់​ណា​មួយ​ ដើម្បី​សម្រប​សម្រួល​ដល់​បុគ្គលិក​ឯកជន​ កម្មករ-កម្មការិនី​ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នោះ​ទេ។

​ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ និង​សិទ្ធិ​ការងារ លើក​ឡើង​ថា ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មួយ​ចំនួន បោះបង់​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ​ ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពួក​គេ។​ ក្រុម​អ្នក​ឃ្លាំមើល​ ​យល់​ថា​ ​បុគ្គលិក​ឯកជន​ និង​កម្មករ-កម្មការិនី​កម្ពុជា​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ចំណាក​ស្រុក​មក​រាជធានី​ភ្នំពេញ​នោះ​ ​ត្រូវការ​យ៉ាង​ហោច​ណាស់​រយៈពេល​៣​ថ្ងៃ​ ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ និង​ចូល​រួម​បោះឆ្នោត។​

​លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​ (CENTRAL)​ យល់​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​បាន​ពេញលេញ​ដើម្បី​ឲ្យ​កម្មករ​ កម្មការិនី​កម្ពុជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោះឆ្នោត​នៅ​ស្រុក​កំណើត​នោះ​ទេ។

លោក​ថា​ ​មកទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ណា​មួយ ដើម្បី​ឲ្យ​រោងចក្រ​សហគ្រាស​អនុញ្ញាត​ច្បាប់​ដល់​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុង​ភ្នំពេញ​ ឬ​កន្លែង​ផ្សេង​ទៀត អាច​ទៅ​ស្រុក​កំណើត​ ឬ​ភូមិ​ឃុំ​ដែល​ពួកគេ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។

លោក​ មឿន តុលា​ ​បញ្ជាក់​ប្រាប់ VOA ថា៖

«បើ​សិន​ជា​មិន​មាន​ការ​សម្របសម្រួល​ ឬ​ណែនាំ​ដល់​រោងចក្រ​សហគ្រាស​ទេ​ រោងចក្រ​សហគ្រាស​នោះ​ គាត់​ប្រាកដ​ជា​មិន​ឲ្យ​ច្បាប់​ទៅ​ដល់​កម្មករ​សម្រាប់​ទៅ​បោះឆ្នោត។ ​បោះឆ្នោត​ថ្ងៃ​អាទិត្យ​មែន ប៉ុន្តែ​បើ​គាត់​ទៅ​ខេត្ត​គាត់​ត្រូវ​ឈប់​តាំង​ពី​ថ្ងៃ​សោរ៍។​ តែ​បើ​ថ្ងៃ​សោរ៍​នៅ​ធ្វើ​ការ​ទៀត គាត់​ទៅ​មិន​កើត​ទេ។​ ហើយ​បើ​ពលករ​មិន​អាច​ទៅ​បោះឆ្នោត​បាន ​វា​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​បោះឆ្នោត​តិច​ បើ​ទោះ​ជា​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​ក៏​ដោយ»។

រូបឯកសារ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះឆ្នោត​នៅ​មណ្ឌលមួយ​នៅជាយក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
រូបឯកសារ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះឆ្នោត​នៅ​មណ្ឌលមួយ​នៅជាយក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ​បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​មាន​ការ​សម្របសម្រួល​ឱ្យ​បុគ្គលិក​ឯកជន​ ​និង​កម្មករ​កម្មការិនី​ទាំងអស់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ នៅ​ថ្ងៃ​អាទិត្យ​ទី​៤​ ខែ​មិថុនា​ខាង​មុខ​ ដើម្បី​ឱ្យ​ពួក​គាត់ ​មាន​ឱកាស​ប្រើប្រាស់​សិទ្ធិ​នយោបាយ​របស់​ខ្លួន​ ​និង​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ដែល​ខ្លួន​ពេញចិត្ត។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ឲ្យ​ដឹង​ថា ​បើ​ទោះ​ជា​មាន​លិខិត​អំពាវនាវ​របស់​គ.ជ.ប​យ៉ាងណា​ក្តី​ ​ក៏ប៉ុន្តែ​អវត្តមាន​លិខិត​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ពោល​គឺ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅ​តែ​អាច​បង្ក​ការ​លំបាក​ ​និង​រាំង​ស្ទះ​មិន​ឲ្យ​កម្មករ​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​ពេញ​លេញ។

​លោក​ពន្យល់​ប្រាប់​ VOA ថា ​ការណ៍​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ចំនួន​កម្មករ​ដែល​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​មាន​ការ​ថយ​ចុះ៖

​«លិខិត​គ.ជ.ប​ អត់​មាន​កាតព្វកិច្ច​១០០%​ ទេ ​គ្រាន់​តែ​ជា​ការ​ស្នើ។​ ចឹង​បើ​ក្រុមហ៊ុន​ណា​មួយ​ដែល​គេ​ល្អ​ត្រឹមត្រូវ​ គិត​ដល់​សិទ្ធិ​កម្មករ គិត​ដល់​ប្រយោជន៍​រួម​ចឹង​ទៅ​ គេ​ឲ្យ​ទៅ។ តែ​ក្រុមហ៊ុន​ណា​ខូច​ គេ​មិន​ឲ្យ​ទៅ​ទេ។ ​កាល​ណា​មិន​ឲ្យ​ទៅ​កម្មករ​ជួប​បញ្ហា​ច្រើន​ណាស់​ ដូចជា​គេ​កាត់​លុយ​ ប្រាក់​រង្វាន់​១០ ​ទៅ​២០​ដុល្លារ​របស់​គាត់​អាច​កាត់ ហើយ​កាត់​លុយ​ថ្ងៃ​គាត់​ទៀត»។

លោក​ អាត់ ធន់​ បង្ហាញ​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្តល់​លទ្ធភាព​ឲ្យ​កម្មករ​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ចូលរួម​ការ​បោះឆ្នោត​បាន​ពេញលេញ។

«យើង​សោកស្តាយ​ សូម្បី​តែ​កម្មករ​នៅ​ក្រៅ​ប្រទេស​ រដ្ឋ​មិន​ទាន់​[មាន]​លទ្ធភាព​អាច​ជួយ​ឲ្យ​ពួកគាត់​អាច​មក​បោះឆ្នោត​បាន​ ហើយ​អ្នក​នៅ​ក្នុង​ប្រទេស​មិន​បាន​សម្រួល​ឲ្យ​គាត់​អាច​បោះឆ្នោត​បាន​ទៀត​ បាន​ន័យ​ថា សំឡេង​របស់​កម្មករ​អាច​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត»។

ស្រប​គ្នា​នោះ​ដែរ​ លោក​ ខេន លូ​ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC ​ថ្លែង​ប្រាប់​ VOA​ ថា​ លុះត្រា​តែ​មាន​ការ​តម្រូវ​ពី​ក្រសួង​ ទើប​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អាច​ផ្តល់​ច្បាប់​ដល់​កម្មករ​បន្ថែម​បាន។

«យើង​តាម​ច្បាប់​ មាន​ន័យ​អត់​មាន​ឈប់​ថែម​ទេ​ ព្រោះ​បោះឆ្នោត​ថ្ងៃ​អាទិត្យ​តាស៎។​ យើង​តាម​ក្រសួង​ការងារ​ ក្រសួង​អត់​មាន​ចេញ​សេចក្តី​ណែនាំ​អី​ដែល​បង្ខំ​ឲ្យ​សហគ្រាស​ត្រូវ​តែ​ឈប់​លើស​ពី​ថ្ងៃ​អាទិត្យ»។

​សហជីព​កម្មករ​ និង​អង្គការ​ការពារ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា​ ​បាន​ស្នើ​ទៅ​កាន់ ​គ.ជ.ប ​និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ឲ្យ​រដ្ឋាភិបាល​កំណត់​ពេល​ឈប់​សម្រាក​ដល់​កម្មករ​ និង​កម្មការិនី​សម្រាប់​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)។
លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប)។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​សហជិព​សេរី​កម្មករ​ ដែល​ផ្ញើ​មក​កាន់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ឱ្យ​ដឹង​ថា​ ការ​មិន​ចេញ​សេចក្តី​ណែនាំ​របស់​ក្រសួង​ការងារ​ ​ក្នុង​សម្រួល​ឱ្យ​និយោជិក​ ​កម្មករ​ ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៤​នេះ​ ហាក់​ដូច​ជា​ «វា​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ»​ ដែល​អនុញ្ញាត​ឲ្យ​មាន​ឈប់​រហូត​ដល់​៣ថ្ងៃ​ឯណោះ។​

​លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​ ​គ.ជ.ប.​ ថ្លែង​ថា ​ក្រុម​អ្នក​វិនិយោគ​ ម្ចាស់​ក្រុមហ៊ុន​ ឬ​អ្នក​គ្រប់គ្រង​សហគ្រាស​ និង​រោងចក្រ​ទាំង​ឡាយ​នៅ​កម្ពុជា​គួរ​ជួយ​សម្រប​សម្រួល​ និង​រៀបចំ​ឲ្យ​មាន​ការ​ឈប់​សម្រាក​តាម​ស្ថានភាព​ជាក់ស្តែង។

​បើ​តាម​លោក​ ហង្ស ពុទ្ធា​ ​គ.ជ.ប បាន​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ​ដែរ​ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ក្រសួង​ការងារ​មិន​ទាន់​ចេញ​នូវ​លិខិត​ផ្លូវការ​ណាមួយ​ឡើយ។

​អ្នក​នាំ​ពាក្យ​គ.ជ.ប.​រូប​នេះ​បញ្ជាក់​ថា៖​

«ក្រសួង​ការងារ​គ្រាន់តែ​បាន​បញ្ជាក់​ថា​ ក្នុង​ស្មារតី​ដើម​នៅ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្រសួង​ការងារ​ក៏​អត់​បាន​ចេញ​លិខិត​ណា​មួយ​ដែរ​ ចឹង​ក្រសួង​ការងារ​ក៏​អត់​ចេញ​លិខិត​អី​ដែរ​ក្នុង​អំឡុង​ពេល​បោះឆ្នោត»។

​VOA ​ពុំ​អាច​ទាក់ទង​មន្ត្រី​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រួម​ទាំង​លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ​ដើម្បី​សាកសួរ​អំពី​វិធានការ​សម្រប​សម្រួល​របស់​ក្រសួង​បាន​នោះ​ទេ។​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង បាន​បិទ​ទូរស័ព្ទ​ ​ពេល ​VOA ​ទាក់ទង​សុំ​ក្តី​អធិប្បាយ​នៅ​ថ្ងៃសុក្រ​នេះ។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា៖

«គណបក្ស​ប្រជាជន​បាន​ចេញ​សេចក្តី​អំពាវនាវ​ហើយ។ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​អគ្គ​មហា​បតី​តេជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ផង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង។​ ​ដូច្នេះ​ លោក​អំពាវនាវ​គ្រប់គ្រាន់​ហើយ»។

​យ៉ាង​ហោច​ណាស់​ មាន​កម្មករ​កម្មការិនី​ជាង​៧០០.០០០​នាក់​ ​ដែល​មក​ពី​ខេត្ត​នា​នា​ទូទាំង​ប្រទេស​កម្ពុជា ​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។

កម្មករ-កម្មការិនី​មួយ​ចំនួន​ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់ ​VOA ​ក្នុង​បទសម្ភាសន៍​ថា​ ពួក​គាត់​ចង់​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។ ​អ្នកខ្លះ​ទទួល​បាន​ដំណឹង​មិន​ទាន់​ផ្លូវ​ការ​ថា​ទទួល​បាន​ច្បាប់​៣​ថ្ងៃ​សម្រាប់​បោះឆ្នោត​ ឯ​អ្នកខ្លះ​ទៀត​ ស្ទាក់ស្ទើរ​ថា​កន្លែង​ការងារ​មិន​អនុញ្ញាត។

មាន​ស្រុកកំណើត​មក​ពី​ខេត្ត​ព្រៃវែង​ លោកស្រី​ វួង ភាព​ វ័យ​៤៨ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​ម្នាក់​ ​ក្នុង​រាជធានី​ភ្នំពេញ​ ទទួល​បាន​ដំណឹង​ថា​ រោងចក្រ​ខ្លួន​នឹង​ផ្តល់​ច្បាប់​រយៈពេល​៣ថ្ងៃ​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។

ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

​ក្នុង​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​នៅ​មុខ​រោងចក្រ​ លោកស្រី​ថ្លែង​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ៖

«គេ​ឲ្យ[ច្បាប់] តាស៎ ៣​ថ្ងៃ​ មិន​ដឹង​ថ្ងៃ​ណា​ទេ គេ​មិន​ទាន់​បិទ​ក្រដាស»។

​កំពុង​ចិត​បន្លែ​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្រោយ​បញ្ចប់​ការងារ​ខ្លួន​ឯ​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ អ្នកស្រី​ ​សុខ គន្ធា​ វ័យ​៤២​ឆ្នាំ​ មាន​គម្រោង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឯ​ស្រុកកំណើត​ខ្លួន​ក្នុង​ខេត្ត​ស្វាយ​រៀង បើ​សិន​ជា​រោងចក្រ​អ្នកស្រី​អនុញ្ញាត​ច្បាប់​ដោយ​មិន​កាត់​ប្រាក់ខែ។

អ្នកស្រី​ ​សុខ គន្ធា​ ​ថ្លែង​ប្រាប់​ VOA​ ថា៖

«ចង់​បាន​ឲ្យ​តែ​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​អភិវឌ្ឍ​តាម​ភូមិឃុំ​ជនបទ​ឲ្យ​រីកចម្រើន ដូចជា​ផ្លូវថ្នល់ សាលារៀន សន្តិសុខ​សង្គម​ចង់​បាន​ល្អ​ទាំងអស់។ ខ្ញុំ​ចង់​ទៅ​បោះឆ្នោត​បើ​សិន​ជា​ក្រុមហ៊ុន​អត់​កាត់​ប្រាក់ខែ​កម្មករ។ ​ចង់​និយាយ​ថា ​ខាង​រដ្ឋាភិបាល​ឲ្យ​កម្មករ​ឈប់​ ហ្នឹង​ខ្ញុំ​ចង់​ទៅ​បោះឆ្នោត​ តែ​បើ​ខាង​រដ្ឋាភិបាល​អត់​ឲ្យ​ឈប់​សម្រាក​ទេ ឲ្យ​តែ​មួយ​ថ្ងៃ​អាទិត្យ​ហ្នឹង​ គឺ​ទៅ​អត់​ទាន់​ទេ ព្រោះ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ»។

កញ្ញា​ អន ខែម​ វ័យ​២៧ឆ្នាំ​ មក​ពី​ខេត្ត​ស្វាយរៀង​ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ​មួយ​ជាយ​ក្រុង​ភ្នំពេញ​ រំពឹង​ចង់​បាន​សន្តិភាព​ និង​គ្មាន​អំពើ​ពុករលួយ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដើម​ខែ​មិថុនា​ខាង​មុខ។

ក៏ប៉ុន្តែ​ ​កញ្ញា​បញ្ជាក់​ថា​ កញ្ញា​នឹង​មិន​អាច​ទៅ​បោះឆ្នោត​បាន​ទេ​ ​បើ​រោងចក្រ​ដែល​កញ្ញា​ធ្វើ​ការ​មិន​អនុញ្ញាត​ច្បាប់​ដល់​ពួកគេ​នោះ។

«ទាល់​តែ​គេ​អត់​កាត់​លុយ​ បើ​គេ​កាត់​លុយ​ ខ្ញុំ​មិន​ដឹង​ទៅ​បោះ​ដើម្បី​អី​ទេ​ បើ​ប្រាក់ខែ​បាន​តិច ហើយ​ទៅ​បោះឆ្នោត​ ដើម្បី​ពួក​គាត់ធំៗ​ហ្នឹង​ហើយ ហើយ​មក​កាត់​លុយ​កម្មករ​តូចតាច មិន​ដឹង​ទៅ​ធ្វើ​អី»។

ដោយ​ឡែក​ លោក​ ​យឿង សុធារ៉ា​ មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Comfrel ​លើក​ឡើង​ថា​ ​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​លទ្ធភាព​ចូលរួម​ពេញ​លេញ​ក្នុង​ការ​បោះឆ្នោត​ ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល។

​លោក​ ​យឿង សុធារ៉ា ថ្លែង​ប្រាប់ VOA ថា៖​

«ក្នុង​នាម​ជា​រដ្ឋាភិបាល​ គឺ​ត្រូវតែ​ដើរ​តួនាទី​សម្រប​សម្រួល​ ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់​មាន​ឱកាស​សម្តែង​ឆន្ទៈ​ដោយ​សេរី​របស់​គាត់​ ជ្រើសរើស​ថ្នាក់​ដឹកនាំ​ ដោយ​សេរី​របស់​គាត់​ ព្រោះ​សំឡេង​របស់​ពួកគាត់​ជា​អ្វី​ដែល​ប៉ះពាល់​ជាមួយ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់»។

គណបក្ស​នយោបាយ​ក្នុង​ចំនួន​១២​ ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំសង្កាត់​ ដែល​មាន​រយៈពេល​២​សប្តាហ៍​នៅ​ទូទាំង​ប្រទេស។​ ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៨​លាន​នាក់​ បាន​ចុះឈ្មោះ​បោះឆ្នោត​ ​ហើយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ​ ទី​៤​ ខែ​មិថុនា​ខាង​មុខ៕

XS
SM
MD
LG