ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់ជិតឈានចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានអំពាវនាវឱ្យមានការសម្របសម្រួលដល់បុគ្គលិកឯកជនកម្មករ-កម្មការិនី ក្នុងការធ្វើដំណើរទៅចូលរួមការបោះឆ្នោតឱ្យបានគ្រប់គ្នានៅពេលខាងមុខ។ និយោជិត និងនិយោជកមួយចំនួនបានប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា ពួកគេមិនទាន់បានដឹងពីសេចក្តីសម្រេចណាមួយទាក់ទិននឹងការសម្របបម្រួលនេះទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យជួយសម្រួលដល់ការចូលរួមការបោះឆ្នោតឃុំ-សង្កាត់អណត្តិទី៤ នាពេលខាងមុខ។ នេះបើយោងតាមសេចក្តីលិខិតបង្ហោះតាមគេហទំព័ររបស់គ.ជ.ប. កាលពីថ្ងៃព្រហស្បតិ៍។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ថ្លែងប្រាប់ VOA ថា ក្រុមអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងសហគ្រាស រោងចក្រទាំងឡាយនៅកម្ពុជាគួរជួយសម្រួលឲ្យសមស្របទៅនឹងស្ថានភាព ក៏ដូចជាឲ្យមានការឈប់សម្រាកតាមស្ថានភាពជាក់ស្តែង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ថ្លែងថា៖
«អាចក្រុមហ៊ុនហ្នឹងគាត់សម្លឹងមើលទៅអ្នកណាត្រូវឈប់។ ប្រសិនបើជាចុះឈ្មោះនៅក្បែរកន្លែងធ្វើការទេ អាចឈប់តែមួយល្ងាច(ពេល)។ ហើយបើអ្នកទៅជិតទៅ អ្នកនៅឆ្ងាយអី ក្រុមហ៊ុនអាចយោងតាមស្មារតីហ្នឹងអាចជួយគិតគូរដល់ការចូលរួមបោះឆ្នោតរបស់កម្មករ។ សូមឲ្យយកស្មារតីអំពាវនាវដើម្បីឲ្យកម្មករ បានចេញទៅបោះឆ្នោតបានច្រើន»។
គណបក្សនយោបាយក្នុងប្រទេសចំនួន១២ កំពុងធ្វើយុទ្ធនាការឃោសានាបោះឆ្នោតឃុំ-សង្កាត់ ដែលមានរយៈពេល២សប្តាហ៍នៅទូទាំងប្រទេស។ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ នឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះរោងចក្រសហគ្រាស និងក្រុមហ៊ុនមួយចំនួនថា ពុំទទួលបានព័ត៌មាន និងពុំមានវិធានការអ្វីអំពីការសម្រួលដល់ការងារបោះឆ្នោតរបស់កម្មករនៅឡើយ ខណៈពេលដែលមិនទាន់មានការបញ្ជាក់ណាមួយឱ្យច្បាស់លាស់ពីរដ្ឋាភិបាលកម្ពុជា។
លោក Choong Wei Piau នាយកគ្រប់គ្រងទូទៅនៃរោងចក្រ Canteran Apparel និង Quality Textile បានឲ្យ VOA ដឹងថា លោកពុំអាចនិយាយអំពីការសម្រួលឲ្យមានការឈប់សម្រាកសម្រាប់កម្មករធ្វើដំណើរទៅបោះឆ្នោតនោះទេ ព្រោះលោកពុំទទួលបានសេចក្តីប្រកាស ឬដំណឹងអ្វីពីក្រសួងការងារ ឬស្ថាប័នពាក់ព័ន្ធឡើយ។
«យើងនៅមិនទាន់ទទួលបាននូវប្រកាសអ្វីនោះទេ។ តើអ្នកអាចផ្ញើបន្តមកខ្ញុំឃើញផងបានទេ? យើងក៏កំពុងចាំមើលឯកសារផ្ញើមកពីក្រសួងការងារដែរ។ កន្លងមកយើងនៅមិនទាន់ទទួលលិខិតអ្វីពីពួកគេនោះទេ»។
VOA ពុំអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដើម្បីសាកសួរអំពីវិធានការសម្របសម្រួល និងទំនាក់ទំនងនឹងក្រុមហ៊ុនឯកជន និងបណ្តារោងចក្រសហគ្រាស ក្នុងការសម្របសម្រួលដល់និយោជិក និងកម្មករកម្មការិនីឲ្យបានធ្វើដំណើរទៅមកដើម្បីបោះឆ្នោត ដោយមិនខាតបង់ប្រាក់ខែ និងប៉ះពាល់ការងារ។
បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ គឺកញ្ញា មុំ តុមុនី បានឲ្យដឹងថា ប្រធានក្រុមហ៊ុនពុំបានសម្រេចអំពីការឈប់សម្រាកថ្ងៃបោះឆ្នោតនោះទេ ប្រសិនក្រុមបុគ្គលិកពុំបានស្នើនិងជូនជាដំណឹង៖
«ក្រុមការងារខ្ញុំសួរអ្នកគ្រប់គ្រងថា ថ្ងៃបន្ទាប់ពីការបោះឆ្នោតឈប់ឲ្យឈប់សម្រាកឬអត់? ព្រោះប្រជាជនត្រូវការទៅស្រុកដើម្បីបោះឆ្នោត តែមេខ្ញុំជាជនបរទេសហ្នឹងក៏អត់ទាន់ថា តើគាត់គួរតែឲ្យឈប់ឬអត់»។
រីឯកញ្ញា ងួន ចាន់រី កម្មការិនីរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ ដែលនឹងត្រូវទៅបោះឆ្នោតនៅខេត្តបាត់ដំបងបានឲ្យដឹងថា កញ្ញាព្យាយាមសួរដំណឹងអំពីការសម្រាកដើម្បីបានទៅបោះឆ្នោត ក៏ប៉ុន្តែអ្នកគ្រប់គ្រងក្រុមពុំបានចាប់អារម្មណ៍ក្នុងការផ្តល់ព័ត៌មាន និងសម្រួលដល់ដំណើរការក្រុមកម្មករឲ្យបានទៅបោះឆ្នោតនោះទេ។
កញ្ញាបញ្ជាក់ប្រាប់ VOA ថា៖
«នៅរោងចក្រប៉ុន្មានថ្ងៃហ្នឹងខ្ញុំសួរគេដែររឿងឈប់(ដើម្បី)ទៅបោះឆ្នោតអីហ្នឹង។ តែគេថាអត់ទាន់មានសេចក្តីប្រកាសចេញពីក្រសួងមកទេ។ ខាងរដ្ឋបាលថាគាត់ឡើងទៅសួរនាយកហើយ។ តែនាយកថា អត់បានទទួលប្រកាសពីក្រសួង។ អញ្ចឹងបើអត់ប្រកាសពីក្រសួងគេអត់អនុវត្តអីរឿងហ្នឹងហ្អា៎»។
ស្របគ្នានោះដែរ កញ្ញា ចាន់រី ដែលធ្វើការក្នុងរោងចក្រមួយមានកម្មករប្រមាណ២.០០០នាក់ នឹងធ្វើដំណើរទៅបោះឆ្នោត តែត្រូវប្រថុយនឹងការកាត់ប្រាក់ខែពីប្រាក់ខែគោល១៥៣ដុល្លារក្នុងមួយខែ។
«អ្នកផ្សេងខ្ញុំអត់ដឹងទេ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំត្រូវតែទៅ។ បើមិនឲ្យឈប់ខ្ញុំហ្នឹងដាក់ច្បាប់។ វាសំខាន់ ព្រោះបើបានបោះឆ្នោត បានបំពេញតួនាទីជាប្រជាពលរដ្ឋខ្មែរម្នាក់»។
យ៉ាងហោចណាស់ មានកម្មករកម្មការិនីជាង៧០០.០០០នាក់ ដែលមកពីខេត្តនានាទូទាំងប្រទេសកម្ពុជា កំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរក្នុងប្រទេសកម្ពុជា។ ក្នុងបញ្ជីឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ អាណត្តិទី៤ នេះ ចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាផ្លូវការមានចំនួន៧លាន៨សែននាក់ ដែលស្មើនឹងប្រមាណ៨៥%។
ក្នុងសេចក្តីអំពាវនាវរបស់គ.ជ.ប. ដែលចេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានបញ្ជាក់បន្ថែមថា ការសម្របសម្រួលឱ្យបុគ្គលិកឯកជន និងកម្មករកម្មការិនីទាំងអស់ចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនាខាងមុខ គឺដើម្បីឱ្យពួកគាត់មានឱកាសក្នុងការប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន ជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលខ្លួនពេញចិត្ត៕