នៅពេលសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចូលរួមកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា អង្គការតំបន់មួយនេះផ្ទាល់ ក៏នឹងត្រូវគេតាមដានមើលយ៉ាងយកចិត្តទុកដាក់ ដូចមេបញ្ជាការយោធាមីយ៉ាន់ម៉ាដែរ ដែលបានដឹកនាំរដ្ឋប្រហារ កាលពីខែកុម្ភៈ ដើម្បីទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi។
ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលយោធាខឹងសម្បារ ដែលសមាគមអាស៊ានស្វាគមន៍មេដឹកនាំយោធា គឺឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ឲ្យចូលរួមកិច្ចប្រជុំកំពូលនេះនៅក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។
ពួកគេប្រកែកថា ដោយសារតែលោក [Min Aung Hlaing] ប្លន់អំណាចដោយប្រើកម្លាំង លោកមិនមែនជាមេដឹកនាំស្របច្បាប់របស់មីយ៉ាន់ម៉ានោះទេ។ ហើយពួកគេប្រឆាំងយ៉ាងខ្លាំងនឹងអំពើហិង្សាយ៉ាងសាហាវឃោរឃៅដោយកងកម្លាំងសន្តិសុខ ដែលលោក [Min Aung Hlaing] បញ្ជា និងទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សរាប់រយនាក់ ដែលភាគច្រើនជាបាតុករដោយសន្តិវិធីនិងអ្នកដែលគ្រាន់បានស្ថិតនៅក្បែរនោះ។
លោក Brad Adams នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានថ្លែងថា៖ «លោក Min Aung Hlaing ដែលប្រឈមនឹងទណ្ឌកម្មអន្តរជាតិ ដោយសារតែតួនាទីរបស់លោក នៅក្នុងអំពើឃោរឃៅរបស់យោធា និងការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃទៅលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនគួរត្រូវបានស្វាគមន៍នៅកិច្ចប្រជុំអន្តររដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិដែលលោកបានបង្កើតឡើងនោះទេ»។
លោក Adams បានថ្លែងបន្តថា៖ «សមាជិកអាស៊ានគួរយកឱកាសនេះ ដើម្បីដាក់ទណ្ឌកម្មទៅលើមេដឹកនាំរដ្ឋាភិបាលយោធានានា និងទៅលើពាណិជ្ជកម្មដែលផ្តល់មូលនិធិដល់រដ្ឋាភិបាលយោធានោះវិញ ហើយដាក់សម្ពាធឲ្យរដ្ឋាភិបាលយោធានោះដោះលែងអ្នកនយោបាយ ដែលត្រូវបានចាប់ខ្លួន ដាក់សម្ពាធឲ្យបញ្ចប់ការបំពាននិងស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស»។
អ្នកប្រឆាំងនឹងរដ្ឋាភិបាលយោធាបានជំរុញគំនិត ដែលថា រដ្ឋាភិបាលនិរទេសខ្លួនរបស់ក្រុមប្រឆាំង ដែលមានឈ្មោះថា រដ្ឋាភិបាលសាមគ្គីជាតិ ឬ National Unity Government ដែលត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ ដោយក្រុមតំណាងរាស្ត្រជាប់ឆ្នោត ដែលត្រូវបានក្រុមកងទ័ពរារាំងមិនឲ្យទទួលអាសនៈ គួរតែជាអ្នកតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ឬយ៉ាងហោចណាស់មានតួនាទីខ្លះ នៅក្នុងកិច្ចប្រជុំក្នុងទីក្រុងហ្សាការតា។ ប៉ុន្តែពួកគេមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។
លោកវេជ្ជបណ្ឌិត Sasa រដ្ឋមន្ត្រីខាងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋាភិបាលនិរទេសមីយ៉ាន់ម៉ាបានថ្លែងថា៖ «យើងមិនអាចទទួលយកបាននោះទេ ដែលពួកគេអញ្ជើញ Min Aung Hlaing មេបញ្ជាការឃាតករដែលបានសម្លាប់មនុស្សជាង ៧៣០ នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ហើយខ្ញុំគិតថា គួរឲ្យសោកស្តាយខ្លាំងណាស់ដែលសមាគមអាស៊ានម្តងហើយម្តងទៀត និយាយជាមួយមេបញ្ជាការយោធា និងមិននិយាយជាមួយរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា គឺរដ្ឋាភិបាលសាមគ្គីជាតិ NUG»។
លោក Evan Laksmana អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS របស់ឥណ្ឌូណេស៊ីដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមួយជិតស្និតនឹងរដ្ឋាភិបាល បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា មានហេតុផលជាក់ស្តែង ដែលត្រូវជួបផ្ទាល់ជាមួយលោក Min Aung Hlaing។
លោក Laksmana ថ្លែងថា៖ «អាស៊ានទទួលស្គាល់ពីតថភាពជាក់ស្តែងដែលថាភាគីម្ខាងកំពុងប្រព្រឹត្តអំពើហិង្សា គឺយោធា ដូច្នេះហើយទើបយោធាត្រូវបានកោះហៅឲ្យចូលរួមកិច្ចប្រជុំនេះ។ ដូច្នេះការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ មិនមែនមានន័យថា ជាការទទួលស្គាល់ភាពស្របច្បាប់នៃរបបយោធានេះនោះទេ។ តាមរយៈការនិយាយទៅកាន់ឧត្តមសេនីយ៍រូបនេះ អាស៊ានសង្ឃឹមថា នឹងអាចផ្តួចផ្តើមដំណើរការក្របខណ្ឌយូរអង្វែងមួយ ចាប់ផ្តើមដោយការបញ្ចប់អំពើហិង្សា ដែលសង្ឃឹមថា នឹងជួយសម្រួលដល់កិច្ចចរចារវាងភាគីនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនតែភាគីយោធានោះទេ»។
ក្រុមអ្នកមានមន្ទិលយល់ថា អាស៊ាននឹងត្រូវប្រឈមនឹងបញ្ហាជាមូលដ្ឋានរបស់ខ្លួន នៅពេលស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។ ពួកគេចង្អុលបញ្ហាញពីកត្តាផលប្រយោជន៍ខុសៗគ្នារបស់ប្រទេសសមាជិកអាស៊ាននានា ដែលកិច្ចព្រមព្រៀងជាយូរមកហើយរបស់ពួកគេ ចង់ស្វែងរកការមូលមតិគ្នាតាមកុងសង់ស៊ីស និងការជៀសវាងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរវាងគ្នា និងភាពរឹងទទឹងជាប្រវត្តិសាស្ត្រនៃឧត្តមសេនីយ៍នានារបស់មីយ៉ាន់ម៉ា។
ក្រុមមួយនៃសមាគមនេះ រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ជឿថា អស្ថិរភាពដែលបង្កដោយរដ្ឋប្រហារនេះគំរាមកំហែងដល់តំបន់នេះទាំងមូល ក៏ដូចជាប៉ះពាល់ដល់មុខមាត់សមត្ថភាពរបស់អាស៊ាន ថាជាក្រុមមួយដែលមានអំណាចគ្រប់គ្រាន់ ដើម្បីដើរតួឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលមហាអំណាចនានា។
ពួកគេក៏បានលើកឡើងថា ធម្មនុញ្ញអាស៊ាន ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០០៧ គឺ ៤០ឆ្នាំក្រោយការបង្កើតសមាគមនេះ រួមបញ្ចូលលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងនីតិរដ្ឋជាគោលការណ៍ណែនាំ។
លោកសាស្ត្រាចារ្យ Thitinan Pongsudhirak នាយកវិទ្យាស្ថានសន្តិសុខនិងសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Chulalongkorn នៅទីក្រុងបាងកក ថ្លែងថា៖ «ឥឡូវនេះគឺជាពេលដ៏សំខាន់សម្រាប់តួនាទីស្នូលរបស់អាស៊ាន ដែលជាគំនិតមួយដែលថា អាស៊ានគឺជាវេទិកាស្នូលក្នុងតំបន់សម្រាប់កិច្ចចរចាក្នុងតំបន់ ដើម្បីលើកតម្កើងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
លោកបានថ្លែងថា គំនិតដើមក្នុងការបង្កើតអាស៊ាននៅពេលនេះ កំពុងប្រឈមនឹង «បញ្ហាប្រឈមធ្ងន់ធ្ងរនិងគ្រោះថ្នាក់បំផុត» តាំងពីអង្គការនេះត្រូវបានបង្កើតឡើងអស់រយៈពេល ៥៣ ឆ្នាំមកនេះ។
បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានរបបមាននិន្នាការផ្តាច់ការរួមមាន ឡាវ កម្ពុជា និងវៀតណាម មិនមើលឃើញពីផលប្រយោជន៍អ្វី ក្រៅពីការអ៊ឺអើចំពោះគោលការណ៍ទាំងនេះ ហើយបានចាត់ទុកវិបត្តិមីយ៉ាន់ម៉ាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះ។
កិច្ចប្រជុំនៅរដ្ឋធានីហ្សាការតា គឺជាកិច្ចប្រជុំកូនកាត់មួយ ដោយមានកិច្ចប្រជុំផ្ទាល់នៅកន្លែង និងមានការលើកទឹកចិត្តឲ្យចូលរួមតាមវីដេអូអនឡាញផងដែរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា ពួកគេនឹងនៅផ្ទះ ហើយបញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួនទៅជំនួស។ ពួកគេថា ពួកគេកំពុងដោះស្រាយបញ្ហារីករាលដាលនៃជំងឺកូវីដ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ហើយពួកគេក៏មិនបានផ្តល់សារនយោបាយអ្វីអំពីការសម្រចចិត្តរបស់ពួកគេនោះទេ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា