មេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១០ ប្រទេស ដែលក្នុងនោះរួមទាំងកម្ពុជា បានគ្រោងជួបប្រជុំកំពូលផ្ទាល់មុខគ្នាមួយថ្ងៃ នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ជាមួយឧត្តមសេនីយ៍យោធាភូមា Min Aung Hlaing។
មេដឹកនាំយោធារូបនេះ កំពុងរងការថ្កោលទោសជាអន្តរជាតិ និងរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ចំពោះការធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស្របច្បាប់ភូមារបស់លោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi ) ចេញពីតំណែង និងការសម្លាប់ក្រុមអ្នកតវ៉ាជាង ៧៤០ នាក់ ក្នុងពេលបង្ក្រាបដោយឃោរឃៅនិងចាប់ខ្លួនមនុស្សជាច្រើន ចាប់តាំងពីដើមខែកុម្ភៈមក។
បញ្ហាតានតឹងនៅភូមានេះ ត្រូវគេគិតថា ធ្វើឲ្យសមាគមអាស៊ានដ៏មានសក្តានុពលខាងសេដ្ឋកិច្ចសំដាប់ទី ៤ ក្នុងពិភពលោកមួយនេះ រងការប៉ះទង្គិចនិងរងការចោទប្រកាន់ថា បានបរាជ័យក្នុងការដោះស្រាយបញ្ហាឲ្យចេញជាលទ្ធផល ដើម្បីបញ្ចប់វិបត្តិនយោបាយនៅភូមា។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្នុងប្រទេសកម្ពុជា ដែលឃ្លាំមើលបញ្ហាក្នុងតំបន់និងសកលលោក បានថ្លែងថា នេះជាកាលៈទេសៈចាំបាច់សម្រាប់មេដឹកនាំកំពូលអាស៊ាន ក្នុងការរកមធ្យោបាយការទូតនយោបាយណាមួយ ដើម្បីដោះស្រាយបញ្ហានៅភូមា ដែលគ្រប់គ្រងដោយក្រុមយោធា។ លោកថា របបយោធានៅភូមាមិនត្រូវបានទទួលស្គាល់ពីអន្តរជាតិនោះទេ ហើយសូម្បីតែអាស៊ាន ក៏ពុំទាន់មានជំហរណាមួយគាំទ្ររបបនេះដែរ។
«ហើយក្នុងកិច្ចប្រជុំដែលមានមេទ័ព Min Aung Hlaing ចូលរួមហ្នឹង ក៏មិនមែនថា ជាប្រមុខរដ្ឋ(Head of State) ឬក៏ថាជាថ្នាក់ដឹកនាំប្រទេស ឬក៏រដ្ឋាភិបាលស្របច្បាប់ផងដែរ គ្រាន់តែជាតំណាងរបបសឹកយោធាហ្នឹង ដើម្បីមានការពិភាក្សាត្រង់ទៅត្រង់មក ពីព្រោះថា នេះជាឱកាសមួយដែរ ដើម្បីថ្នាក់ដឹកនាំអាស៊ានហ្នឹង ផ្តល់សារប្រាកដមួយ ជាក់លាក់មួយ ប្រាកដមួយទៅដល់រដ្ឋាភិបាលយោធាភូមាហ្នឹង ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រើហិង្សាសម្លាប់ប្រជាជនខ្លួនឯងហ្នឹង។ ហើយទី២ ស្វែងរកដំណោះស្រាយការចរចានយោបាយណាមួយរវាងភាគីពាក់ព័ន្ធប្រទេសភូមាហ្នឹង។ អីចឹងរឿងហ្នឹងប្រហែលជាតួនាទីរបស់អាស៊ាន ដើម្បីជំរុញនិងដាក់សម្ពាធដល់រដ្ឋាភិបាលយោធាហ្នឹង កុំឲ្យប្រើហិង្សាជំរុញឲ្យមានកិច្ចចរចាផ្នែកនយោបាយណាមួយ ហើយការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ»។
លោកថា រដ្ឋាភិបាលភូមាជាសមាជិកអាស៊ានដែលជាប្លុកប្រកាន់នយោបាយកុងសង់ស៊ីស (ឯកច្ឆន្ទ) និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។ ហើយបច្ចុប្បន្នពេលនេះ ភូមាកំពុងព្យាយាមធ្វើឲ្យមានភាពស្របច្បាប់នៅលើឆាកអន្តរជាតិ ដោយប្រជែងជាមួយរដ្ឋាភិបាលស្រមោលមួយរបស់ក្រុមស៊ីវិលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលត្រូវក្រុមយោធាបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារ កាលពីថ្ងៃទី ១ ខែកុម្ភៈ ដែលមានការគាំទ្រខ្លាំងពីអន្តរជាតិ។
លោក ឈាង វណ្ណារិទ្ធ ក៏បានចោទជាសំណួរថា តើការសន្យាធ្វើការបោះឆ្នោតនៅឆ្នាំក្រោយតាមលទ្ធិប្រជាធិបតេយ្យរបស់របបសឹកភូមា ជាការសន្យា ឬជាលេសដើម្បីបន្តអំណាច ហើយលោកថា អាស៊ាននិងអន្តរជាតិ ត្រូវការបញ្ជាក់ពីរបបសឹកភូមាអំពីរឿងនេះ។
នៅពេលត្រូវបានអ្នកកាសែតសួរនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងបូរីញ៉ូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ អំពីក្តីសង្ឈឹមរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីកិច្ចប្រជុំកំពូលពិសេសអាស៊ាននៅថ្ងៃសៅរ៍នេះ ស្តីពីបញ្ហាភូមានោះ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខា អ.ស.ប. បានថ្លែងថា៖
«លោកអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា នឹងមានសំឡេងរួមពីសមាគមអាស៊ាន។ សមាគមអាស៊ានជាប្លុករួមមួយ មានតួនាទីសំខាន់ក្នុងការជួយយើងសម្រេចបានគោលដៅ ដែលយើងចង់បាន។ នោះគឺការវិលត្រឡប់ទៅរកការគ្រប់គ្រងអំណាចដោយក្រុមជនស៊ីវិលក្នុងប្រទេសភូមា។ ប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ក៏មានសំឡេងសំខាន់ និងតួនាទីសំខាន់ផងដែរ។ ដូច្នេះយើងសង្ឈឹមថា នឹងមានសារដ៏មានទម្ងន់ ចេញពីកិច្ចប្រជុំកំពូលពិសេសនេះ»។
ក្រុមមេដឹកនាំអាស៊ានទាំង ១០ ប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីវត្តមានចូលរួមរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលពិសេសដែលប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី បានប្រឹងប្រែងសម្របសម្រួលនេះ។
ក៏ប៉ុន្តែ មេដឹកនាំប្រទេសមួយចំនួន រួមទាំងថៃ គឺលោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayuth Chan-ocha) និងលោក Rodrigo Duterte មេដឹកនាំប្រទេសហ្វីលីពីន និងមេដឹកនាំប្រទេសឡាវ ដែលកំពុងប្រឈមមុខឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំង បានប្រកាសនិងជូនដំណឹងថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេដោយផ្ទាល់ទេ តែបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន ឲ្យចូលរួមជំនួសវិញ។
កិច្ចប្រជុំនេះនឹងមានព្រះរាជសុន្ទរកថាបើកនិងបិទ ដោយព្រះមហាក្សត្រប្រទេសព្រុយណេ គឺព្រះចៅ Sultan Haji Hassanai Bolkiah ដែលជាប្រធានអាស៊ានសម្រាប់អាណត្តិនេះ និងសុន្ទរកថារបស់មេដឹកនាំអាស៊ានជាសមាជិក អំពីបញ្ហាការកសាងសហគមន៍អាស៊ាន បញ្ហាទំនាក់ទំនងខាងក្រៅ និងការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់និងបញ្ហាអន្តជាតិ ដោយចាប់ផ្តើមដំបូងពីប្រមុខដឹកនាំប្រទេសកម្ពុជាជាប្រធានអាស៊ានបន្តវេនឆ្នាំក្រោយ បន្ទាប់មកគឺការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត។
បញ្ហាភូមាត្រូវគេគិតថា នឹងត្រូវលើកឡើងដោយក្រុមមេដឹកនាំអាស៊ាន នៅពេលនោះ។
ដោយសារតែគោលការណ៍មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក ប្រទេសជាសមាជិកអាស៊ានខ្លះ រួមទាំងកម្ពុជាផង បានបង្ហាញជំហរក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយទទូចដល់មេដឹកនាំភូមា បញ្ឈប់នូវអំពើហិង្សានិងដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងដោយសន្តិវិធី។ ក៏ប៉ុន្តែ មេដឹកនាំភូមាដែលបង្ក្រាបពលរដ្ឋ មិនបានញញើតនឹងការអំពាវនាវនិងទណ្ឌកម្មអន្តរជាតិ ដែលនាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងក្រុមហ៊ុនស្ថាប័នហិរញ្ញវត្ថុនានានោះទេ ដោយចាត់ទុកថា ចលនាបះបោររបស់ពលរដ្ឋខ្លួនជាការចង់បំផ្លាញប្រទេសភូមា។
លោក Tun Khin នៃអង្គការសិទ្ធិមនុស្សរ៉ូហ៊ីងយ៉ាភូមាប្រចាំនៅប្រទេសអង់គ្លេស ហៅថា Burmese Rohingya Organization UK (BROUK) បានថ្លែងថា របបមេដឹកនាំយោធាភូមាលោក Min Aung Hlaing បានសម្លាប់ពលរដ្ឋសឹងតែរាល់ថ្ងៃ ដែលសមាគមអាស៊ានត្រូវផ្តន្ទាទោសដើម្បីអ្វីមួយដែលលោកថា ជាការជួយភូមាកុំឲ្យជួបមហន្តរាយ។
«Min Aung Hlaing គឺជាមនុស្សដែលអង្គការសហប្រជាជាតិនិងអ្នកដទៃទៀត បានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។ បុរសនេះគួរត្រូវប្រឈមមុខនឹងការកាត់ទោសនៅតុលាការ មិនមែនត្រូវផ្តល់កម្រាលព្រំក្រហមទេ»។
លោកថ្លែងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន គឺជាឱកាសចុងក្រោយ ដើម្បីបញ្ចប់វិបត្តិភូមា ហើយមេដឹកនាំអាស៊ាន មិនត្រូវការពារមេដឹកនាំយោធាភូមាទេ ក្នុងពេលដែលឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានធ្វើកិច្ចការទូតគួរឲ្យសរសើរ ដើម្បីបញ្ចប់បញ្ហាភូមានោះ។
គេមិនទាន់ដឹងថា តើប្រធានអាស៊ាននឹងចេញសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំកំពូលពិសេសនេះបែបណាពីបញ្ហាភូមានោះទេ ហើយថា តើអាចនឹងមានសំឡេងគ្រប់គ្រប់ជាឯកច្ឆន្ទទេ ដើម្បីបង្ហាញពិភពលោកពីសាមគ្គីភាពថា មានទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយនោះឬយ៉ាងណា។
សមាគមអាស៊ាន ដែលមានពលរដ្ឋជាង ៦៥០ លាននាក់ ព្យាយាមនៅអព្យាក្រឹត្យរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិកនេះ រួមមានប្រទេសព្រុយណេ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ ភូមាម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម៕