ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​នឹង​ពិភាក្សា​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​ហ្សាការតា


រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាបានប្រមូលផ្តុំគ្នាបង្ហាញការប្រឆាំងរបស់ពួកគេ នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

សមាជិក​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ត្រៀម​នឹង​ពិភាក្សាពី​វិបត្តិ​អភិបាលកិច្ច​នៅ​មីយ៉ាន់ម៉ា ​ក្នុង​កិច្ចប្រជុំកំពូល​មួយ​នៅ​រដ្ឋធានី​ហ្សាការតា​ ប្រទេសឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ខែ​មេសា​នេះ។

សមាជិក​ភាគច្រើន​នៃបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទំនង​នឹង​បញ្ជូន​តំណាង​របស់​ខ្លួន ​ជាជាង​ប្រមុខរដ្ឋ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ហើយ​គេនៅមិនច្បាស់​ថា​ តើ​រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា នឹង​ចូលរួម​ដែរ​ឬ​ទេ។

សេចក្តីប្រកាស​ពី​សំណាក់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន​ ដែល​មាន​ប្រទេស​ ១០ ​ជា​សមាជិក​ កាល​ពី​ថ្ងៃ​អង្គារ ទី ០៣ ខែ​មេសា​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​មីយ៉ាន់ម៉ា ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ពួក​យោធា​ ហើយ​ដែល​ជាប្រទេស​សមាជិក​អាស៊ាន​មួយ​ផង​ដែរ​នោះ។

យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​បោះឆ្នោត​របស់​មេដឹកនាំ​លោក ស្រី អោងសាន ស៊ូជី​ ចេញ​ពី​អំណាច​កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​បង្ក​ឲ្យ​មាន​តវ៉ា​ប្រឆាំងពីពលរដ្ឋ​ទូទៅ ដោយ​ការ​បង្រ្កាប​ហិង្សា​មក​លើ​បាតុករ​ និង​ជនស៊ីវិល ​ដែល​ចង់​ឲ្យ​មានការ​វិលត្រឡប់​មកកាន់របប​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

មនុស្ស​យ៉ាង​ហោចណាស់ ៧៣៨ ​នាក់ ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​របស់​យោធាមីយ៉ាន់ម៉ា ​ចាប់តាំង​ពី​ការ​បង្រ្កាប​បាន​ចាប់ផ្តើម​មក។ នេះ​បើ​យោង​ទៅ​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (Assistance Association for Political Prisoners)។

បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ប្រាប់​ឲ្យ​ដឹង​ថា កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នកភូមិ​ចំនួន​ ៦ នាក់​ កាល​ពី​ថ្ងៃ​អង្គារ ទី ០៣ ខែ​មេសា។

គោលការណ៍​របស់​អាស៊ាន​ស្តី​ពី​ការមូលមតិ​និង​ការ​មិន​ជ្រៀតជ្រែក បាន​រឹតត្បិត​សមាគម​នេះ​មិន​ឲ្យ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​បណ្តា​ប្រទេស​សមាជិក ​ប៉ុន្តែ​បណ្តា​ប្រទេស​សមាជិក​ភាគច្រើន​និយាយ​ថា ពួកគេ​មាន​ផែនការ​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួនទៅ​ចូល​រួម​កិច្ចប្រជុំ​នោះ ​ជាជាង​ប្រមុខរដ្ឋ។

ឧបនា​យកមន្រ្តី​ថៃ​និង​អ្នក​ការទូតកំពូល​លោក Don Pramudwinai នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ជំនួស​មុខ​ឲ្យ​នាយករដ្ឋមន្រ្តី​លោក Prayuth Chan-ocha។ លោក Prayuth បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងប្រទេស​ថា «ប្រទេស​មួយ​ចំនួន​ទៀត​នឹង​បញ្ជូន​រដ្ឋមន្រ្តី​ការបរទេស​របស់​ខ្លួន​ផង​ដែរ»។

គេ​នៅមិនទាន់ច្បាស់នៅ​ឡើយ​ថា ​តើ​សមាជិក​យោធាមីយ៉ាន់ម៉ា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះឬទេ ក៏ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ថៃ​មួយ​រូប​បាន​និយាយ​ថា មេដឹកនាំ​យោធាមីយ៉ាន់ម៉ា​លោក Min Aung Hlaing នឹង​ទៅ​រដ្ឋធានី​ហ្សាការតា។ នេះ​តាមសេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្រប​ពេល​ដូចគ្នា​នេះ​ដែរ សហភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្មលើ​មេដឹកនាំ​យោធា​ទាំង​ ១០ ​រូប​ របស់​មីយ៉ាន់ម៉ា។ ទណ្ឌកម្ម​នេះ​ក៏​មាន​ផល​ប៉ះពាល់​លើ​ស្ថាប័ន​យោធា​ធំៗ ​ចំនួន ​២ ចំពោះ «ការ​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ» នៅ​មីយ៉ាន់ម៉ា។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ទៀត​ថា ទណ្ឌកម្ម​នេះគឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនស៊ីវិល​និង​បាតុករ​ដែល​ទាមទារឲ្យ​វិលត្រឡប់​ទៅកាន់​ការគ្រប់គ្រង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG