ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ពីរ​បន្ថែម​ទៀត​របស់​មីយ៉ាន់ម៉ា


រូបភាពផ្សព្វផ្សាយដោយស្ថាប័ន Dawei Watch កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ បង្ហាញសកម្មភាពតវ៉ារបស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធា នៅក្រុង Dawei មីយ៉ាន់ម៉ា។ (Photo by Handout / DAWEI WATCH / AFP)
រូបភាពផ្សព្វផ្សាយដោយស្ថាប័ន Dawei Watch កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ បង្ហាញសកម្មភាពតវ៉ារបស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធា នៅក្រុង Dawei មីយ៉ាន់ម៉ា។ (Photo by Handout / DAWEI WATCH / AFP)

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ពីរ​បន្ថែម​ទៀត ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ សហគ្រាស​ទាំង​ពីរ​នោះ​គឺ​សហគ្រាស Myanma Timber Enterprise និង​សហគ្រាស Myanmar Pearl Enteprise។ ការ​ដាក់​ទណ្ឌកម្ម​នេះ​ គឺ​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​របប​យោធា​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​កន្លង​មក។

អ្នកស្រី Andrea Gacki ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា៖

«យោធា​មីយ៉ាន់ម៉ា​បាន​ទទួល​ប្រាក់​កម្រៃ​ដ៏​សំខាន់​ពី​សហគ្រាស​រដ្ឋ​នានា​នៅ​ក្នុង​ទីផ្សារ​ធនធាន​ធម្មជាតិ។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ថ្ងៃ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ដៅ​លើ​បណ្ដាញ​ផ្តល់​ថវិកា​ដ៏​សំខាន់​នេះ និង​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​អ្នក​ធ្វើ​រដ្ឋ​ប្រហារ និង​អ្នក​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ជា​បន្ត [នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា]»។

គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ណា​មួយ​ភ្លាមៗ​ពី​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​នៅ​ឡើយ​ទេ។

សហគ្រាស Myanma Timber Enterprise «ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​និង​នាំ​ចេញ​ក្ដារ​បន្ទះ​ក្នុង​នាម​របប​យោធា​មីយ៉ាន់ម៉ា» និង​ជា «ប្រភព​បង្កើត​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។

រី​ឯ​សហគ្រាស Myanmar Pearl Enterprise វិញ គឺជា​អ្នក «ទទួល​ខុស​ត្រូវ​លើ​ការ​នេសាទ ការ​ប្រមូល​ផល និង​ការ​បង្កាត់​ពូជ oyster ក៏​ដូចជា​ការ​ចិញ្ចឹម ការ​ប្រមូល​ផល និង​ការ​លក់​គុជ​ខ្យង» និង​ក៏​ជា «ប្រភព​បង្កើត​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល» យោធា​មីយ៉ាន់ម៉ា​ផងដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​បន្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​លើ​មេដឹកនាំ​យោធា ក្រុម​គ្រួសារ​របស់​ពួកគេ និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

កាល​ពី​ដើម​ខែ​នេះ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស Myanma Gems Enterprises (MGE) របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដោយ​ចាត់ទុក​សហគ្រាស​នេះ​ថា​ ជា​អ្នក «ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ជំនួញ​ត្បូង​ថ្ម​ទាំង​អស់​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕

XS
SM
MD
LG