ក្រុមអ្នកសិក្សាស្រាវជ្រាវនិយាយថា ប្រទេសសមាជិកអាស៊ានធ្វើដូច្នេះដោយសារតែមេដឹកនាំប្រទេសទាំងនោះ រួមមានប្រទេសវៀតណាម និងហ្វីលីពីន ជាប្រទេសដែលខឹងសម្បាខ្លាំងនៅក្នុងឆ្នាំនេះបន្ទាប់ពីមានឧបទ្ទវហេតុជាមួយចិនច្រើនលើកច្រើនសារសង្ឃឹមថា នៅទីបំផុតប្រទេសចិននឹងចុះហត្ថលេខាលើក្រមប្រតិបត្តិដែលមានបំណងរារាំងឧបទ្ទវហេតុនៅក្នុងដែនសមុទ្រ និងដោយសារតែប្រទេសមួយចំនួនត្រូវការជំនួយសេដ្ឋកិច្ចរបស់ចិន។
អ្នកជំនាញជឿថា ប្រមុខរដ្ឋរបស់ប្រទេសទាំង១០ ដែលនឹងធ្វើការប្រជុំចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន អាចនឹងចេញសេចក្ដីថ្លែងការណ៍ដែលបញ្ចៀសការទម្លាក់កំហុសដោយផ្ទាល់ទៅលើចិន ប៉ុន្តែនឹងជំនួសមកវិញនូវគុណតម្លៃរួមមួយ។
លោក Carl Thayer សាស្ត្រាចារ្យនយោបាយចូលនិវត្តន៍នៅសាកលវិទ្យាល័យ University of New South Wales ក្នុងប្រទេសអូស្ត្រាលីនិយាយថា៖
«កិច្ចប្រជុំកំពូលនេះធ្វើឡើងដោយប្រុងប្រយ័ត្ន។ ខ្ញុំគិតថា គេនឹងប្រើប្រាស់ពាក្យពេចន៍ក្នុងសេចក្តីថ្លែងការណ៍មុនៗ ដូចជាសេរីភាពចរាចរណ៍ផ្លូវទឹក និងការដោះស្រាយបញ្ហាដោយសន្តិភាព»។
ស្មារតីនៃកិច្ចសហការ ទោះណាមានភាពរកាំរកូសក្តី
សមាជិកអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមមានជម្លោះជាមួយនឹងមេដឹកនាំកុម្មុយនិស្តចិនលើផ្នែកនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានទំហំ៣លាន ៥សែនម៉ែត្រការ៉េ សម្បូរទៅដោយទិន្នផលត្រី និងអណ្តូងប្រេងឥន្ធនៈ។ ប្រទេសចិនបាននាំមុខប្រទេសផ្សេងៗក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានចាក់បំពេញដីលើកោះតូចៗសម្រាប់ប្រើប្រាស់ក្នុងគោលបំណងយោធា។
នាវាស្រាវជ្រាវរបស់ចិនបានចំណាយពេលអស់ជាច្រើនខែនៅក្នុងឆ្នាំនេះ ដោយស្ថិតនៅក្រោមសមុទ្រ កន្លែងដែលវៀតណាមកំពុងធ្វើការរុករកប្រេងនៅក្រោមសមុទ្រ។ ស្ថាប័នស្រាវជ្រាវមួយបានរកឃើញថា នាវាឆ្មាំសមុទ្ររបស់ចិនបានល្បាតដែនទឹកដែលទាមទារដោយម៉ាឡេស៊ីអស់រយៈពេល២៥៨ថ្ងៃ នៅក្នុងឆ្នាំនេះ ដោយឈប់ល្បាតនៅក្នុងខែកញ្ញា។ នៅដើមឆ្នាំ២០១៩ ទូកចិនរាប់រយបានប្រមូលផ្តុំជុំវិញកោះមានជម្លោះដែលកាន់កាប់ដោយហ្វីលីពីន។
លោក Thayer បាននិយាយថា ប៉ុន្តែប្រទេសថៃ ដែលជាប្រធានអាស៊ានឆ្នាំ២០១៩ សង្ឃឹមថានឹង «កាត់បន្ថយកម្លាំង» របស់ចិន។ លោកនិយាយថា ក្រុមមន្ត្រីថៃអាចនឹងធ្វើការនៅពីក្រោយឆាក ដើម្បីស្វែងរកពាក្យពេចន៍ល្អៗ សម្រាប់សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានដែលអាចនឹងចេញនៅសប្តាហ៍នេះ។
ប្រសិនយល់ថាវាជាការស្វាគមន៍ រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងជំរុញកាន់តែខ្លាំង ឲ្យក្រមប្រតិបត្តិចិន-អាស៊ាន គ្របដណ្តប់លើដែនសមុទ្រដែលមានជម្លោះ។ ប្រទេសចិនបាននិយាយថា ក្រមនេះអាចនឹងត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០២១ ទោះជាមានក្តីបារម្ភពីមុនៗថា ក្រមនេះនឹងធ្វើឲ្យការទាមទារអធិបតេយ្យភាពរបស់ចិនចុះខ្សោយក៏ដោយ។ ប្រទេសចិនបានឈប់ធ្វើការចរចាស្តីពីក្រមនេះមុនឆ្នាំ២០១៦។ អ្នកវិភាគនិយាយថា ជម្លោះអធិបតេយ្យភាពនៅតែធ្វើឲ្យមានការលំបាកក្នុងការបង្កើតឯកសារដែលមានអានុភាពគតិយុត្តិផ្លូវច្បាប់មួយ។
លោក Thayer និយាយថា ជាឧទាហរណ៍ ក្រមនោះអាចនឹងប្រើប្រាស់ភាសាមិនច្បាស់លាស់ ទាក់ទងនឹងទំហំដែនសមុទ្រដែលមានជម្លោះ និងរារាំងការលូកដៃពីប្រទេសអព្យាក្រឹត្យនៅក្រៅតំបន់អាស៊ី។
លោក Thayer និយាយថា សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលនៅឆ្នាំនេះអាចនឹងកត់សម្គាល់ពីក្តីបារម្ភទាក់ទងនឹងព្រឹត្តិការណ៍នាពេលថ្មីៗនៅក្នុងដែនសមុទ្រ និងបញ្ជាក់ឡើងវិញពីបំណងក្នុងការតាក់តែងក្រមប្រតិបត្តិ។
ប្រទេសវៀតណាមលេចធ្លោជាងគេ
លោក Trung Nguyen ព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្រ្តប្រចាំទីក្រុង Ho Chi Minh បាននិយាយថា វៀតណាមអាចនឹងចង់ឲ្យប្រើប្រាស់ភាសាធ្ងន់ៗជាងមុននៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០១៩នេះ។ វៀតណាមនិយាយប្រឆាំងចិនជារឿយៗ ដោយសារតែភាពខុសគ្នានៃប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅទាក់ទងនឹងអធិបតេយ្យភាពដែនដី។
លោក Nguyen និយាយថា៖
«ខ្ញុំគិតថា វៀតណាមកំពុងជំរុញឲ្យមានក្របខណ្ឌពហុភាគីមួយដែលជាការតស៊ូរបស់វៀតណាមក្នុងការអះអាងអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងរិះគន់ ឬថ្កោលទោសសកម្មភាពដែលប្រឆាំងនឹងអធិបតេយ្យភាពវៀតណាម»។
លោក Nguyen បានបន្ថែមថា ប្រទេសកម្ពុជាអាចនឹងរារាំងមិនឲ្យអាស៊ានបន្ទោសចិននោះទេ។ កាលពី៣ឆ្នាំមុន មហាមិត្តក៏យូរអង្វែងរបស់ចិនមួយនេះបានរារាំងមិនឲ្យអាស៊ានលើកឡើងពីសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិប្រឆាំងនឹងចិននៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាននៅពេលនោះ ទាក់ទងនឹងមូលដ្ឋានច្បាប់របស់ចិនក្នុងការទាមទារដែនទឹករបស់ចិន។ ប្រទេសកម្ពុជាមិនមានការទាមទារចំណែកនៅសមុទ្រចិនខាងត្បូងនោះទេ ហើយប្រទេសនេះទទួលបានជំនួយអភិវឌ្ឍរបស់ចិន។
លោក Thayer និយាយថា វៀតណាមអាចនឹងមានឥទ្ធិពលលើអាស៊ានខ្លាំងជាងនៅឆ្នាំក្រោយ នៅពេលដែលខ្លួនធ្វើជាប្រធានអាស៊ាន។ ប្រទេសចិននឹងមានការពិបាកកាន់តែខ្លាំងក្នុងការគេចពីការរិះគន់នៅពេលនោះ។
លោក Thayer និយាយថា នៅទីបំផុត ការវិវត្តនៃក្រមប្រតិបត្តិអាចនឹងត្រូវបានគេយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរវាងចិន និងប្រទេសអាស៊ាននីមួយៗ។
ភាពមិនទៀងរបស់ហ្វីលីពីន
ពលរដ្ឋហ្វីលីពីនមានការងឿងឆ្ងល់កាន់តែច្រើននៅឆ្នាំនេះអំពីវត្តមានកាន់តែច្រើនរបស់ចិននៅប្រជុំកោះ Spratly Islands ក្នុងសមុទ្រមានជម្លោះ កន្លែងដែលរដ្ឋាភិបាលក្រុងម៉ានីលគ្រប់គ្រងកោះចំនួន១០។ នៅក្នុងខែនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានអំពាវនាវឲ្យមានការតវ៉ាជាផ្លូវការប្រឆាំងនឹងចិនដែលបាន «ឆ្លងកាត់ជាច្រើនដង» ទៅក្បែរកោះមួយដែលគ្រប់គ្រងដោយហ្វីលីពីន គឺកោះ Second Thomas Shoal។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មានគំនិតវិជ្ជមានជាងនេះចំពោះចិន ហើយលោកបានអនុញ្ញាតឲ្យប្រទេសលោកទទួលយកជំនួយ និងការវិនិយោគចិនដែលមានទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារអាមេរិក។ ចិនយល់ព្រមនៅក្នុងឆ្នាំនេះឲ្យមានការរុករកប្រេងនៅបាតសមុទ្ររួមគ្នាជាមួយនឹងហ្វីលីពីន ហើយចិននឹងយកចំណែកតែ៤០%ភាគតែប៉ុណ្ណោះ។
លោក Eduardo Araral សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ National University of Singapore និយាយថា៖
«សម្រាប់ហ្វីលីពីន ពួកគេមានកិច្ចព្រមព្រៀងសម្រាប់ការរុករកប្រេងរួមគ្នារួចទៅហើយ ដូច្នេះខ្ញុំមិនគិតថា ហ្វីលីពីនចង់បង្ហាញឲ្យគេឃើញថា ខ្លួនជាប្រទេសប្រឆាំងនឹងចិននោះទេ»។
លោក Araral បន្ថែមថា ផ្ទុយទៅវិញ ហ្វីលីពីនសង្ឃឹមថា ក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ២០១៩ អាស៊ាននឹងផ្តោតលើការពន្លឿនការអនុម័តក្រមប្រតិបត្តិ។ ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៩ ខែមិថុនា រវាងនាវាហ្វីលីពីន និងចិនរឹតតែធ្វើឲ្យហ្វីលីពីនចង់សម្រេចឲ្យបាននូវក្រមប្រតិបត្តិនេះ។
សម្រាប់ប្រទេសផ្សេងទៀតស្ថិតនៅជុំវិញសមុទ្រចិនខាងត្បូង ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងពិភពលោកកំពុងតែជួយព្រុយណេធ្វើពិពិធកម្មសេដ្ឋកិច្ចក្រៅពីការលក់ប្រេង។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ចូលរួមនៅក្នុងកិច្ចប្រជុំនៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ BRI នៅដើមឆ្នាំនេះ និងបាននិយាយថា ប្រទេសលោកអាចនឹងទទួលយកជំនួយហេដ្ឋារចនាសម្ព័ន្ធរបស់ចិន៕