ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម​អះអាង​ថា ច្បាប់​រឹត​បន្តឹង​លើ​ការប្រើប្រាស់​អ៊ីន​ធឺណេត​ដ៏​ចម្រូង​ចម្រាស ល្អ​សម្រាប់​អ្នក​រក​ស៊ី


បុរស​ម្នាក់ អាន​ព័ត៌មាន​តាម​រយៈ​កុំព្យូទ័រ​យួរ​ដៃ​របស់​គាត់​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ វៀតណាម។​(File photo).
ច្បាប់​រឹតបន្តឹង​លើ​ការប្រើប្រាស់​អ៊ីនធឺណេត​ដ៏​ចម្រូង​ចម្រាស​របស់​វៀតណាម នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​ទី​១​ខែ​កញ្ញា​នេះ។ ក្រុម​អ្នក​រិះគន់​និយាយ​ថា ច្បាប់​ថ្មី​នេះ មាន​គោលដៅ​បំបិទ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​តាម​អ៊ីនធឺណេត ហើយ​ច្បាប់​នេះ អាច​នឹង​បន្ទុច​បង្អាក់​ពាណិជ្ជកម្ម​មិន​ឲ្យ​ប្រតិបត្តិ​នៅ​វៀតណាម។ ក៏ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​ថា វិធានការ​នេះ គឺ​មាន​គោលដៅ​ការពារ​កម្មសិទ្ធិ​បញ្ញា និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការលួច​យក​ស្នាដៃ​និពន្វ​របស់​អ្នកដទៃ។

រដ្ឋាភិបាល​អន្តរជាតិ សកម្មជន​សិទ្ធិ​មនុស្ស និង​ក្រុមហ៊ុន​អ៊ីនធឺណេត បាន​រិះគន់​ច្បាប់​ថ្មី​របស់​វៀតណាម ដែល​ស្តី​អំពី​ការរឹត​បន្តឹង​លើ​ការផ្សាយ​តាម​អ៊ីនធឺណេត ដែល​ពួកគេ​និយាយ​ថា វិធានការ​នេះ ជា​ការគំរាមកំហែង​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កាន់​លិទ្ធិ​កុម្មុយនីស្ត​មួយ​នេះ។

ច្បាប់​នេះ​ចែង​ថា គេហទំព័រ​ផ្ទាល់​ខ្លួន Blog និង​គេហទំព័រ​ទំនាក់ទំនង​ព័ត៌មាន​សង្គម​ដទៃ​ទៀត​ គឺ​កំណត់​ឲ្យ​មាន​តែ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ច្បាប់​នេះ​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក តាមដាន​គេហទំព័រ​ដែល​មាន​ផ្សាយ​អ្វី​ដែល​ខុស​ច្បាប់​ផង​ដែរ។ បញ្ជី​ដ៏​វែង​ដែល​មាន​រាយ​ឈ្មោះ​សកម្មភាព​ខុស​ច្បាប់ រួមមាន​«ការអនុត្តន៍​តាម​បែប​អបិយ​ជំនឿ និង​«ការប្រឆាំង​ទៅ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ជាតិ»។

ទណ្ឌកម្ម​ចំពោះ​ការបំពាន​ច្បាប់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការព្រាង​នៅ​ឡើយ។

ក្រុម​អ្នករិះគន់​និយាយ​ថា វិធានការ​នេះ ចែង​មិន​ច្បាស់លាស់ និង​មាន​ភាពទូលំ​ទូលាយ ដែល​នេះ​ជា​សញ្ញា​មួយ​ចង្អុល​បង្ហាញ​ថា ច្បាប់​នេះ មាន​គោលដៅ​បំបិទ​មាត់​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​តាម​អ៊ីនធឺណេត។

លោក Adam Sitkoff នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ថ្លែង​ថា៖

«ដំណើរការ​តាក់តែង​ច្បាប់​នៅ​វៀតណាម​ជាញឹកញាប់ មិន​មាន​ភាពច្បាស់លាស់​ទេ។ គ្រាដែល​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជា​គន្លឹះ​សំខាន់​នោះ ជួនកាល​ច្បាប់​បែរ​ជា​បង្កើត​ឲ្យ​មាន​ផលវិបាក ដែល​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​បរិយាកាស​វិនិយោគ​នៅ​វៀតណាម​ទៅ​វិញ»។

ទីក្រុង​ហាណូយ បាន​ឆ្លើយតប​ចំពោះ​ការប្រឆាំង​ទៅ​នឹង​ច្បាប់​នេះ​ ដោយ​ការការពារ​វិធានការ​នេះ។

អត្ថបទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត Nhan Dan របស់​គណបក្ស​ កុម្មុយនីស្ត កាលពី​ថ្ងៃ​ទី​៨​ខែសីហា​នេះ​ថា ថ្វីបើ​អ្នកប្រើប្រាស់​អ៊ីនធឺណេត​ភាគ​ច្រើន​នៅ​វៀតណាម​ «ទំនាក់ទំនង​គ្នា​ដោយ​មាន​សុជីវធម៌​ក៏ដោយ ក៏នៅតែ​មាន​អ្នកប្រើប្រាស់​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​ដើម្បី​«និយាយ​បង្ខូច​កិត្យានុភាព និង​ កេរ្ត៍​ឈ្មោះ​របស់​អ្នកដទៃ»​និង​«ការបង្ក​ឲ្យ​មាន​ការប្រឆាំង​នឹង​រដ្ឋាភិបាល»។ អត្ថបទ​នោះ សសេរ​ទៀត​ថា ហេតុ​ដូច្នេះ ហើយ​វា​ជា​ការចាំបាច់​ក្នុងការ​«គ្រប់គ្រង​អ៊ីនធឺណេត​ទៅ​តាម​ច្បាប់»។

វៀតណាម​នៅ​ខ្វះខាត​នៅ​ក្នុង​ការការពារ​ការរក្សា​សិទ្ធិ​ដើម​តាម​ផ្លូវ​ច្បាប់ ហើយ​អ្នកការពារ​វិធានការ​ថ្មី​នេះ ថ្លែង​ថា ពួកគេ​ មាន​គោលបំណង​ជួយ​ដល់​អ្នក​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រទេស និង​អ្នក​បង្កើត​កម្មវិធី​software។

លោក Anh Minh Do ដែល​ជា​អ្នកកែសម្រួល​អត្ថបទ​នៃ​គេហទំព័រ​ Tech in Asia ថ្លែង​ថា ច្បាប់​នេះ មួយ​ផ្នែក គឺ​មក​ពី​រឿង​ក្តី​ចំនួន​ពីរ។ រឿង​ក្តី​ទីមួយ ពាក់ព័ន្ធ​ទៅ​ នឹង​គេហទំព័រ​ព័ត៌មាន​ឈ្មោះ​ Bao Moi ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ពី​សារព័ត៌មាន​ក្នុង​ស្រុក នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ដោយ​មិន​បាន​សុំ​ការអនុញ្ញាតិ។

«ការសែត​នានា​បាន​ផ្តុំ​គ្នា​ប្តឹង​គេហទំព័រ​ Bao Moi ដូច្នេះ មាន​ការបញ្ចុះ​បញ្ចូល​ពី​សំណាក់​កាសែត​នានា»។

រឿង​ក្តី​ទីពីរ​គឺ ទាក់ទង​ទៅ​នឹង​គេហទំព័រ Nhac Cua Tui ដែល​មាន​ន័យ​ជា​ភាសា​វៀតណាម​ថា​ «តន្ត្រី​របស់​ខ្ញុំ»។

គេហទំព័រ​ដែល​ហៅ​កាត់ថា NCT. VN នេះ មាន​ទម្រង់​សម្រាប់​អ្នក​បង្កើត​ហ្គេម​កំសាន្ត និង​អ្នក​លេង​ហ្គេម​កំសាន្ត ចែក​រំលែក​គ្នា​តាម​អ៊ីនធឺណេត។ ថ្វីបើ​យ៉ាង​នេះ​ក៏ដោយ គេហទំព័រ​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាពចម្រូង​សម្រាស​កាលពី​ដើម​ឆ្នាំ​នេះ ​ពីព្រោះ ហ្គេម​កំសាន្ត​ជាច្រើន​ត្រូវ​គេ​រាយការណ៍​ថា បាន​លួច​ចម្លង​ពី​អ្នកដទៃ។

លោក Minh ថ្លែង​ថា ការរឹត​បន្តឹង​លើ​អ្វី​ដែល​គេ​អាច​យក​ទៅ​ចុះ​ផ្សាយ​បន្ត​បាន​នោះ នឹង​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ការលួច​ចម្លង​ខុស​ច្បាប់។

«វា​គឺ​ជា​បញ្ហា​ប៉ាតង់​ចម្លង​កម្រិត​មូលដ្ឋាន​មួយ។​ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភ័ក្ត្រ​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ហ្គេម​កំសាន្ត ។ សម្រាប់​ពួកគេ នេះ​ជា​ការណ៍ល្អ​មួយ ពីព្រោះ​ពួកគេ នឹង​មាន​ការការពារ​តាម​ផ្លូវ​ច្បាប់​សម្រាប់​ការថត​ចម្លង​ហ្គេម​កំសាន្ត និង​ផលិកម្ម​ដទៃ​ទៀត​របស់​ពួកគេ»។

វៀតណាម មាន​អ្នក​លេង​ហ្គេម​កំសាន្ត​តាម​អ៊ីនធឺណេត​ប្រមាណ​ជា​១៣​លាន​នាក់​ ហើយ​ឧស្សាហកម្ម​ផលិត​ហ្គេម​កំសាន្ត​នេះ រីក​លូត​ឡើង​យ៉ាង​ឆាប់​រហ័ស។ Nguyen Tuan Huy ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ហ្គេម​កំសាន្ត មួយ​ឈ្មោះ​ Emobi Games ដែល​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​កំសាន្ត ច្រើន​ជាង​គេ​មួយ​នៅ​វៀតណាម។ លោក​ថ្លែង​ថា ថ្វី​បើ លោក​មិន​យល់ស្រប​ទៅ​នឹង​ចំណុច​ជាច្រើន​នៅក្នុង​ច្បាប់​នោះ​ក៏ដោយ តែ​ច្បាប់​នេះ មាន​សក្តានុពល ក្នុង​ការ​ជួយ​ឧស្សហកម្ម​នេះ។

«វា​ជា​ការល្អ​ពីព្រោះ​នៅ​ពេល​នេះ អ្វី​ក៏ដោយ​ដែល​រដ្ឋាភិបាល​ធ្វើ​ គឺ​ល្អ​ជាង​ការណ៍​ដែល​មិន​ធ្វើ​អ្វី​សោះ ។ បី​ឆ្នាំ​មុន រដ្ឋាភិបាល មិន​បាន​ធ្វើ​អ្វី​សោះ​សម្រាប់​ឧស្សាហកម្ម​ផលិត​ហ្គេម​កំសាន្ត ដូច្នេះ ពួកយើង​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​មួយ»។

វៀតណាម កំពុង​ចរចា​ដើម្បី​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​សេរី​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក គឺ​អង្គការ​ភាព​ជាដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់ថា (TPP)។ វា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា តើ​សក្តានុពល​នៃ​ការរឹត​បន្តឹង​ថ្មី​ទៅ​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ឬ ការការពារ​ការថត​ចម្លង​នេះ ​អាច​ប៉ះពាល់​ទៅ​លើ​ការចចារ​យ៉ាង​ណា​នោះ។

លោក Adam Sitkoff នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​បាន​ថ្លែង​បន្ត​ថា៖

«វា​ស្ថិត​នៅ​ក្នុង​ការចចារ​ក្នុង​លក្ខណៈ​ឯកជន ដូច្នេះ វា​លំបាក​ក្នុង​ការនិយាយ​ថា​តើ​វៀតណាម​នឹង​ធ្វើ​អ្វី ទាក់ទង​ទៅ​នឹង​កម្មសិទ្ធិ​បញ្ញា ឬ​បញ្ហា​ស្រដៀង​គ្នា​ដទៃ​ទៀត។ ខ្ញុំ​គិត​ថា អ្វី​ដែល​គេ​ដឹង​នោះ​គឺ ក្នុង​ចំណោម​ប្រទេស​ទាំង​១២ ដែល​កំពុង​ចរចា​ដើម្បី​ចូល​ក្នុង​អង្គការ TPP វៀតណាម​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍​តិច​ជាង​គេ​ ហើយ​វៀតណាម​ជា​ប្រទេស​ដែល​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត​ជាង​គេ​ផងដែរ»។

គេ​រំពឹង​ថា ប្រទេស​ជា​សមាជិក​អង្គការ TPP នឹង​ការពារ​កម្មសិទ្ធ​បញ្ញា​របស់​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត។ ក្នុង​ការអធិប្បាយ​លាយ​ល័ក្ខ​ជា​អក្សរ​មួយ​មក​កាន់​វីអូអេ ស្ថានទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​វៀតណាម​នេះ មួយ​ផ្នែក គឺ​បាន​ចាក់គ្រឹះ​ច្បាប់​សម្រាប់​ការអនុវត្តន៍​ច្បាប់​ការពារ​សិទ្ធិ​កម្មសិទ្ធ​បញ្ញា ក៏ប៉ុន្តែ ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​ទៀត ដើម្បី​ការពារ​«ការលួច​ចម្លង​ខុស​ច្បាប់​កម្រិត​ពាណិជ្ជកម្ម»៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG