ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ចរចា​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង


ទាហាន​កូរ៉េ​ខាង​ត្បូអ​ម្នាក់​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូបភាព​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​ នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
ទាហាន​កូរ៉េ​ខាង​ត្បូអ​ម្នាក់​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូបភាព​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង​ នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​កាន់តែ​មាន​សុទិដ្ឋិនិយម​ថា​នឹង​មាន​សន្តិភាព បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

អ្នកស្រី Jang Soon-ae ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​ចូលចិត្ត​សង្គ្រាម​នោះ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា ដំណើរការ​នេះ​នឹង​ឈាន​ឆ្ពោះ​ទៅ​រក​សន្តិភាព»។

អ្នក​ឆ្លើយ​សំណួរ​នៃ​ការ​ស្ទង់​មតិ​សាធារណៈ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាង ៧០ ភាគរយ គាំទ្រ​ចំពោះ​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​លោក Kim Jong Un និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ និង​ជំនួប​រវាង​លោក Kim Jong Un និង​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។

ប៉ុន្តែ ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ដែល​ឆ្លើយ​សំណួរ​នៃ​ការ​ស្ទង់​មតិ​នេះ​ជាង ៦០ ភាគរយ មិន​ជឿ​ថា កូរ៉េ​ខាង​ជើង​នឹង​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ដែល​អាច​នឹង​ធ្វើ​ឡើង​នោះ​ទេ។

លោក Han Pil Woo ពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា យើង​មិន​អាច​ទុក​ចិត្ត​ទាំង​ស្រុង​លើ​អ្វី​ដែល​កូរ៉េ​ខាង​ជើង​និយាយ​អំពី​រឿង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ដោយសារតែ​កូរ៉េ​ខាង​ជើង​ពូកែ​ខាង​កុហក»។

កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​ឯកភាព​ចំពោះ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​កាល​ពី​អតីតកាល​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ជំនួយ​សេដ្ឋកិច្ច ដែល​ស្រប​ពេល​នោះ​ដែរ​កូរ៉េ​ខាង​ជើង​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​សម្ងាត់ និង​នៅ​ទី​បំផុត​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG