ប្រទេសកូរ៉េខាងជើងកំពុងពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសស៊ុយអែតអំពីការដោះលែងពលរដ្ឋអាមេរិកាំង ៣ នាក់ដែលកំពុងជាប់ឃុំឃាំង ស្របពេលដែលសកម្មភាពការទូតនានាកំពុងតែបន្តធ្វើឡើងនៅមុនកិច្ចប្រជុំដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើឡើងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល។ នេះបើតាមការបញ្ជាក់របស់សេចក្ដី រាយការណ៍នានា។
ការដោះលែងពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េ ៣ នាក់ កំពុងតែត្រូវបានពិភាក្សាតាមរយៈបណ្ដាញជាច្រើនអស់រយៈពេលជាងមួយសប្ដាហ៍មកហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ នេះបើតាមការបញ្ជាក់របស់សេចក្ដីរាយការណ៍នានា។
ស្ថានីយទូរទស្សន៍ MBC TV ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបាន «សម្រេចបាន» នូវកិច្ចព្រមព្រៀងចុងក្រោយមួយទាក់ទិននឹងការដោះលែងពលរដ្ឋអាមេរិកាំងលោក Kim Hak Song លោក Kim Sang Duk និងលោក Kim Dong Chul។
ការចរចានេះត្រូវបានធ្វើឡើងតាមរយៈស្ថានបេសកកម្មកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ និងក្រសួងការបរទេសអាមេរិក ដែលជាផ្លូវទំនាក់ទំនងមិនផ្លូវការមួយដែលហៅថា «បណ្ដាញ New York»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការទូតកូរ៉េខាងត្បូងមួយរូប។
ចំណែកឯទីភ្នាក់ងារព័ត៌មាន CNN វិញ បានរាយការណ៍ថា ការដោះលែងអ្នកទោសទាំងនេះត្រូវបានពិភាក្សានៅក្នុងជំនួបរយៈពេល ៣ ថ្ងៃ នៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត រវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho និងរដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Margot Wallstrom ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕