ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​កូរ៉េ​ខាង​ជើង​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​អតីត​មន្ត្រី​ការទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់


លោក​ ត្រាំ​ និង លោក គីម ក្លែង​ក្លាយ​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​កីឡា​អូឡាំពិក។
លោក​ ត្រាំ​ និង លោក គីម ក្លែង​ក្លាយ​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​កីឡា​អូឡាំពិក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មន្ត្រី​ការទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មួយ​រូប​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់​ដើម្បី​ជួប​ជាមួយ​នឹង​អតីត​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក។ រឿង​នេះ​បាន​កើត​ឡើង បន្ទាប់ពី​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​បាន​បញ្ចប់​កិច្ច​ពិភាក្សា​រយៈពេល ៣ ថ្ងៃ​របស់​ខ្លួន​ជាមួយ​នឹង​មន្ត្រី​ការទូត​ស៊ុយអែត ដែល​ការ​ពិភាក្សា​នេះ​អាច​ឈាន​ទៅ​ដល់​ការ​មាន​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ថា លោក Choe Kang Il អគ្គនាយក​រង​ទទួល​បន្ទុក​កិច្ចការ​រវាង​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​ឃើញ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ប្រចាំ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន មុន​ពេល​លោក​ឡើង​ជិះ​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់។

ប្រភព​ព័ត៌មាន​ពី​អ្នក​ការទូត​នានា​បាន​ឲ្យ​ដឹង​ថា អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kathleen Stephens គឺ​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អតីត​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក ដែល​នឹង​ជួប​ជាមួយ​នឹង​លោក Choe Kang Il។ លោក Choe Kang Il ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​នានា​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​បញ្ជាក់​ថា មន្ត្រី​ការទូត​ដែល​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​នេះ នឹង «ផ្លាស់ប្ដូរ​ទស្សនៈ​ទៅ​វិញ​ទៅ​មក​អំពី​ភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ អំពី​កិច្ច​ប្រជុំ​រវាង​កូរ៉េ​ទាំង​ពីរ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា​ខាង​មុខ​នេះ និង​អំពី​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ»៕

XS
SM
MD
LG