ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្លែងថា លោកនឹងដក​ចេញ«ច្បាប់​អាជ្ញាសឹក​ក្នុង​គ្រា​អាសន្ន‍»​​ បន្ទាប់​ក្រុម​តំណាងរាស្ត្រ​បោះឆ្នោត​ប្រឆាំង


ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Yoon Suk Yeol​ ថ្លែងប្រកាស​ប្រើ«ច្បាប់​អាជ្ញាសឹក ក្នុង​គ្រា​អាសន្ន‍»កាល​ពី​ថ្ងៃ​អង្គាក្នុង​ទីក្រុង​សេអ៊ូលប្រទេស​កូរ៉េខាងត្បូង។
ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Yoon Suk Yeol​ ថ្លែងប្រកាស​ប្រើ«ច្បាប់​អាជ្ញាសឹក ក្នុង​គ្រា​អាសន្ន‍»កាល​ពី​ថ្ងៃ​អង្គាក្នុង​ទីក្រុង​សេអ៊ូលប្រទេស​កូរ៉េខាងត្បូង។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Yoon Suk Yeol​ ថ្លែង​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា លោក​នឹង​ដក​ចេញ​នូវ«ច្បាប់​អាជ្ញាសឹក​ក្នុង​គ្រា​អាសន្ន‍» ក្នុង​ពេល​ឆាប់ៗ​ ដែល​លោក​បាន​ប្រកាស​ដាក់​ក្នុង​រាត្រី​ដ៏​តានតឹងខាង​ផ្នែក​នយោបាយ​មួយ ដែល​កងទ័ព​បាន​ប្រមូលផ្តុំ​នៅ​សភា​ហើយ​ក្រុម​តំណាងរាស្ត្រ​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ច្បាប់យោធា​នេះ។

លោក Yoon ថ្លែង​ថា រដ្ឋាភិបាល​បាន​របស់​លោក​បាន​ដក​យោធា​ដែល​ត្រូវ​បាន​ដាក់​ពង្រាយហើយ​ថា​លោក​នឹង​លុប​ចេញ​នូវ​ច្បាប់​អាជ្ញាសឹក​នេះ​ជាផ្លូវការ​ ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រីនៅ​ពេល​ណា​ដែល​គណៈរដ្ឋមន្ត្រី​មក​ដល់។​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​ប្រកាស​ប្រើ«ច្បាប់​អាជ្ញាសឹក ក្នុង​គ្រា​អាសន្ន‍»កាល​ពី​ថ្ងៃ​អង្គារ ដោយ​ចោទ​គណបក្ស​ប្រឆាំង​ថា​ត្រួតត្រា​សភា មាន​សមានចិត្ត​ជាមួយ​កូរ៉េខាងជើង​និង​ធ្វើឲ្យ​រដ្ឋាភិបាល​គាំងដំណើរការ​ដោយសារសកម្មភាព​នានាប្រឆាំងរដ្ឋ។ ​

មិនដល់​៣ម៉ោង​ផង​ក្រោយ​ការប្រកាស​នេះ សភា​បាន​បោះឆ្នោត​លុបចោល​សេចក្តី​ប្រកាស​នេះ ដោយ​ប្រធាន​សភា​លោក Woo Won Shik បាន​ប្រកាស​ថា​ ច្បាប់​អាជ្ញាសឹកនេះ​ «មិនត្រឹមត្រូវ​» ហើយ​ថាក្រុម​តំណាងរាស្ត្រ​នឹង​ការពារ​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​ប្រជាពលរដ្ឋ។

សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ខ្លួន​កំពុង​តាម​ដាន​យ៉ាងដិតដល់​អំពី​ស្ថានភាព​ដែល​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៅ កូរ៉េ​ខាង​ត្បូង។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​កូរ៉ូ​ខាងត្បូង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ។

អនុរដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Kurt Campbell បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​ការ​វិវត្ត​នៅ​កូរ៉េខាងត្បូង​ដោយ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​បង្ហាញ​ក្តី​សង្ឃឹម​និង​ក្តីរំពឹង​ថា ជម្លោះ​នយោបាយ​ណា​ក៏​ដោយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ទៅ​តាម​វិធាន​ច្បាប់។

លោក​ប្រធានាធិបតី​ Joe Biden ទីប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​លោក Jake Sullivan និង​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken សុទ្ធតែត្រូវ​បាន​ផ្តល់ព័ត៌មានអំពី​ការ​វិវត្ត​ទាំង​នោះ​ហើយ​នឹង​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​ការ​វិវត្តសា្ថនការណ៍​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​លោក Campbell។

លោក​បាន​ថ្លែងបន្ថែម​ថា ក្រុម​មន្ត្រី​អាមេរិក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយសមភាគី​កូរ៉េ​ខាង​ត្បូង​គ្រប់​ជាន់ថ្នាក់​ទាំង​នៅ​វ៉ាស៊ីនតោន​និង​នៅ​សេអ៊ូល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG